ល្បែងស្រោចទឹកកក៖ បទសម្ភាសន៍ ជាមួយវេជ្ជបណ្ឌិត លី ចេងហ៊ុយ

ល្បែងស្រោចទឹកកក ដែលហៅជា​ភាសា​អង់គ្លេស ថា Ice Bucket Challenge ឬ ALS Ice Bucket Challenge ដែលកំពុង​លេចធ្លោ នៅលោក​ខាងលិច ជាពិសេស​សហរដ្ឋអាមេរិក និងត្រូវបាន​ប្រជាពលរដ្ឋខ្មែរ​មួយចំនួន យកមកលេង នៅខែសីហា ឆ្នាំ២០១៤នេះ។ មាន​ចំងល់​ជាច្រើន​ទាក់ទង​នឹង​ល្បែង​​មួយនេះ។ ខាងក្រោមនេះ គឺជាបទសម្ភាសន៍ រវាងគេហទំព័រ​សុខភាពកម្ពុជា ជាមួយលោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ ស្ថាបនិក គេហទំព័រ សុខភាពកម្ពុជា (www.HealthCambodia.com) ៖

សំណួរទី១៖ តើអ្វីទៅជាល្បែងស្រោចទឹកកក ឬ Ice Bucket Challenge?

រូបភាពគេហទំព័រ សុខភាពកម្ពុជា

រូបភាពគេហទំព័រ សុខភាពកម្ពុជា

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ «Ice Bucket Challenge» បកប្រែជា​ភាសាខ្មែរ ថា ល្បែងស្រោច​ទឹកកក ឬ ចាក់​ទឹកកក​លើក្បាល ជាល្បែងមួយ ដែល​បង្កើត​ឡើង ដោយ​សមាគម​ជំងឺស្វិត​សាច់ដុំ​ដោយខូច​ប្រសាទ ឬ ជំងឺ ALS (Amyotrophic Lateral Sclerosis)។ វាគឺជាល្បែង ដែលធ្វើ​សកម្មភាព យកធុង​ដាក់ទឹក​លាយដុំ​ទឹកកក មកចាក់​ស្រោចលើ​ក្បាល​អ្នកលេង។

សំណួរទី២៖ តើ Ice Bucket Challenge ឬល្បែង​ស្រោច​ទឹកកក បង្កើតឡើង ក្នុងគោល​បំណងអ្វី?
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ល្បែងស្រោច​ទឹកកកនេះ បង្កើតឡើង ដោយសមាគម​ជំងឺស្វិត​សាច់ដុំ​ដោយខូច​ប្រសាទ (ALS Association) ក្នុងគោល​បំណង បង្កើនការ​ស្វែងយល់ពី​ជំងឺស្វិត​សាច់ដុំ និងរៃអង្គាស​ថវិកា ដើម្បីគាំទ្រ​សកម្មភាព​សមាគម ដែលកំពុង​ជួយអ្នកជំងឺ និង​ការស្រាវជ្រាវនានា​ទាក់ទងនឹង​ជំងឺនេះ។

សំណួរទី៣៖ តើល្បែង​ស្រោចទឹកកក មានរបៀប​លេង និងគោលការណ៍​អ្វីខ្លះ?

រូបភាពពី Internet

រូបភាពពី Internet

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ អ្នកលេងល្បែងនេះ ជាការហៅតគ្នា​រវាងអ្នកលេងមុនៗ ក្នុងរយះពេល​២៤ម៉ោង តាមការថត​វិដេអូ​របស់​ពួកគេ។ ដំបូង ពួកគេបាន​ឆ្លើយតប ដោយយល់​ព្រម​នឹងឧបសគ្គ ដោយធ្វើការ​ដាក់ទឹកកក នៅក្នុង​ធុង​ទឹក។ រួចហើយ យកធុង​ដែលមាន​ទឹក និងដុំ​ទឹកកក លើកឡើង​លើ និង​ចាក់ស្រោចលើ​ក្បាលអ្នក​លេង​ល្បែងនេះ។ ជាចុងក្រោយ អ្នកលេងម្នាក់នោះ អាចធ្វើសំណើ​ទៅកាន់​មិត្តភក្តិ ឬមនុស្ស​ផ្សេងទៀត។ អ្នកដែល​ហ៊ាន ឬមិនហ៊ាន​លេង​ល្បែងនេះ គឺត្រូវ​បរិច្ជាគ​ថវិកាទៅ​អោយសមាគម ALS។

សំណួរទី៤៖ តើល្បែង​ស្រោចទឹកកក មានគ្រោះថ្នាក់​អ្វីដែរទេ និងគួរ​លេងទេ នៅកម្ពុជា?

រូបភាពពី Facebook

រូបភាពពី Facebook

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ នៅកម្ពុជា ល្បែងនេះ ឃើញចាប់ផ្តើម​លេងដំបូង និងបង្ហោះតាម បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក (Facebook) នៅ​ខែសីហានេះ។ ជាពិសេស ក្រោយពីឃើញ​មហាសេដ្ឋី​អាមេរិកល្បីៗ លេង និងបង្ហោះ​តាមហ្វេសប៊ុក យុវជន និង​ថ្នាក់ដឹកនាំ​ខ្មែរមួយចំនួន បានលេង និងថត​វីដេអូបង្ហោះ លើទំព័រ​ហ្វេសប៊ុកដែរ។ បើតាមខ្ញុំបាទ​អង្គេតផ្ទាល់ នៅស្រុកយើង ល្បែងនេះត្រូវ​បានគេលេង​មិនបំរើ​គោលដៅដើម​ទាំងស្រុងនោះ​ទេ តែក្នុងគោលដៅ​ផ្សេងៗវិញ ដូចជា​រៃអង្គាស​លុយជួយ​មូលនិធិគន្ធា​បុប្ផា និងជួយការងារ​សង្គមនានា។ គឺជាល្បែង​មានប្រយោជន៍ ដល់សង្គម និង​កំសាន្តផង តែល្បែងនេះ អាចបង្កការ​គ្រោះថ្នាក់​ដល់សុខភាព និងជីវិត​ផងដែរ បើអ្នកលេង​ធ្វេសប្រហែស៕

សូមតាមដាន​បទសម្ភាសន៍ ជាមួយវេជ្ជបណ្ឌិត លី ចេងហ៊ុយ អំពីជំងឺស្វិត​សាច់ដុំ​ដោយខូចប្រសាទ (ALS) ពេលឆាប់ៗ នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ សុខភាពកម្ពុជា
ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤

Google Analytics Alternative