សិស្សតែជិត ២៦% ទទួលលទ្ធផលជាប់ ប្រឡងបាក់ឌុប

ឆ្នាំ២០១៤នេះ ខុសប្លែក​ពីរាល់ឆ្នាំ សិស្ស ប្រមាណពី ៧០ ទៅ ៨០ ភាគរយ បានប្រឡង​បាក់ឌុបជាប់ បើទោះបីបាន​និទ្ទេសល្អ ឬមិនសូវល្អក្ដី។ ពោលនៅឆ្នាំ ២០១៤ បេក្ខជន ប្រមាណ​៧០ភាគរយ​បានប្រឡង​ធ្លាក់ ជាប់តែ​ប្រមាណ ២៦%ទេ។

BAC II 2014 result

រូបភាពពី RFA

បើតាមលទ្ធផល​ប្រឡងជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប សិស្ស​តែជាង ២ម៉ឺននាក់ (២៣.១២៦នាក់)​ប៉ុណ្ណោះ ប្រឡងជាប់​សញ្ញាប័ត្រ ដែលស្មើនឹង ២៥,៧២% ក្នុងចំណោម​បេក្ខជនជិត ៩ម៉ឺននាក់ (៨៩.៩៣៧នាក់) ដែល ចូលរួមក្នុងការ​ប្រឡងឆ្នាំនេះ។ ចំនួនសិស្ស​ដែលប្រឡងជាប់​បានថយចុះ​ប្រមាណ៦០​ភាគរយ​ប្រើប្រៀបធៀប​នឹងការប្រឡង​នៅឆ្នាំកន្លងទៅ។ ការថយចុះនេះ គឺបន្ទាប់ពី​ក្រសួងអប់រំ​ដាក់វិធានការ​កំណែទម្រង់ វិស័យអប់រំ ក្រោមពាក្យស្លោក «អ្នកចេះគឺជាប់»។ ក្នុងចំណោមបេក្ខជន​ ដែលប្រឡង​ជាប់នោះ សិស្សដែល​បាននិទ្ទេស A មានចំនួន ១១នាក់ និងនិទ្ទេស B មានចំនួន ២៨០នាក់។

សិស្សមួយចំនួន​ឃើញឈ្មោះ​របស់ខ្លួន បិទនៅលើ​ក្ដារប្រកាស​លទ្ធផល ដែលមិនគូស​ប៉ិចក្រហម ពិតជា​សប្បាយ​រីករាយ និងមាន​មោទនភាព ចំពោះខ្លួនឯង​ក្រៃលែង។ អ្នកប្រឡង​ជាប់ បើទោះជា​សើចសប្បាយ ក៏បង្ហូរទឹកភ្នែក​ដោយក្តី​រំភើបខ្លាំង។ អ្នកប្រឡងធ្លាក់ បើទោះជា​នៅមានសំណាង​ចូលរួមប្រឡង​លើកទី២ ក៏យំដោយ​ក្តីតក់ស្លុត និងខ្មាសអៀន​នៅមុខមិត្ត​ភក្ត្រ និងលទ្ធផល​ប្រឡង។

តែចំពោះសិស្ស​ដែលប្រឡង​ធ្លាក់វិញ ពួកគេមិនទាន់​អស់ឪកាស​នៅឡើយទេ។ ក្រសួង​នឹងរៀបចំផ្ដល់ វគ្គបំប៉ន​បន្ថែមគ្រប់​មុខវិជ្ជា តាមបណ្ដា​ខេត្តក្រុង ដើម្បីត្រៀមខ្លួន​ប្រឡងលើកទីពីរ នៅថ្ងៃទី ១៣ ទី ១៤ ខែ តុលាខាងមុខ លើកលែងតែ​បេក្ខជន​ដែលក្រសួង​ពិន័យ៕

សូមរំលឹកថា ស្ថានភាព​តឹងតែងនេះ​ធ្លាប់កើតមានម្តង​កាលពី២០ឆ្នាំមុន ក្នុងសម័យលោក អ៊ឹង ហួត ជារដ្ឋមន្ត្រីក្រសួងអប់រំ កាលពីក្នុងតសវត្ស១៩៩០។ នេះជាលើកដំបូង​ក្នុងរយៈពេល២០ឆ្នាំ​ចុងក្រោយ ដែលបេក្ខជន​ប្រឡង​បាក់ឌុប លើសពី​៥០ភាគរយ​បានជួបថ្ងៃ​សុបិន្តអាក្រក់ ដោយសារ​តែកំណែ​ទម្រង់​របស់ក្រសួង​អប់រំរបស់​រដ្ឋមន្ត្រីថ្មី លោក ហង់ ជួនណារុន។

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ សុខភាពកម្ពុជា
ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤

Google Analytics Alternative