កម្មករដួលសន្លប់ នៅកន្លែងធ្វើការ កើនឡើងគួរឲ្យព្រួយបារម្ភ

បច្ចុប្បន្ននេះ ការដួល​សន្លប់ របស់បងប្អូន​កម្មកររោងចក្រ​កាត់ដេរ និងសហគ្រាស នៅកន្លែង​ធ្វើការ នៅប្រទេស​កម្ពុជា មានការ​កើនឡើង គួរឲ្យ​ព្រួយបារម្ភ ដែល​ករណីនេះ ត្រូវបានអ្នក​ជំនាញ អះអាងថា បណ្តាលមក​ពីបរិយាកាស ក្នុងរោងចក្រ​មិនល្អ ដូចជា​កំដៅ​ឡើងខ្លាំង ខ្វះខ្យល់​ចេញចូល សារជាតិ​គីមី និងកម្មករ​ធ្វើការ​ថែមម៉ោង​ច្រើន​ជាដើម។

រូបភាពពី សហការី

រូបភាពពី សហការី

តាមរបាយការណ៍​របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បានឲ្យ​ដឹងថា គិតមក​ត្រឹម ៦ ខែឆ្នាំ​២០១៤ នេះមាន​កម្មករ​រោងចក្រ​កាត់ដេរ ជិត ៩០០ នាក់ បានដួល​សន្លប់ នៅ​កន្លែង​ធ្វើការ។ តួលេខ​នេះ មានការ​កើនឡើង​ហួស​ចំនួន​សរុប នៃកម្មករ​រោងចក្រ ដែលបាន​សន្លប់ ក្នុង​ឆ្នាំ២០១៣ ដោយ​មាន​ចំនួន ៨២៣ នាក់។ ក្រៅពីកម្មករ​ដួល​សន្លប់ ក៏បាន​របាយការណ៍​បង្ហាញថា នៅឆ្នាំ​២០១៣ ក៏មាន​កម្មករ ស្លាប់ ២ នាក់ ហើយ​នៅដើម​ឆ្នាំ២០១៤ មានអ្នក​ស្លាប់ ៣ នាក់។ កម្មករ​រោងចក្រ ដែលស្លាប់​ទាំងនោះ គឺបន្ទាប់ពី​ដួលសន្លប់​នៅពេលធ្វើការ។

ទាក់ទងនឹង​ការដួលសន្លប់​របស់កម្មករ​នៅកន្លែង​ធ្វើការ​នេះ កាលពី​ថ្ងៃទី២៤ ខែសីហា នៅភោជនីយ​ដ្ឋាន រ៉ុកគ្រីល មជ្ឈមណ្ឌលកម្ពុជា ដើម្បី​ប្រព័ន្ធផ្សព្វ​ផ្សាយ​ឯករាជ្យ CCIM មានបើក​កិច្ចពិភាក្សា អំពីឧបត្តិ​ហេតុដួល​សន្លប់ នៅក្នុងឧស្សាហកម្មកាត់ដេរ និង​វិធាន​ការថែទាំ​សុខភាព និងសុវត្ថិភាព នៅតាមរោងចក្រ ដោយមានការ​ចូលរួមពី​មន្ត្រីតំណាង​មកពីក្រសួង​ការងារ សមាគម​រោងចក្រកា​ត់ដេរ នៅកម្ពុជា GMAC តំណាង​អង្គការ​ពលកម្ម​អន្តរជាតិ ILO និងកម្មករ​រោងចក្រ​កាត់ដេរ។

រូបភាពពី សហការី

រូបភាពពី សហការី

របាយការណ៍​របស់ ILO បានបង្ហាញពី​មូលហេតុ​ជាច្រើន ដែលនាំឲ្យ​កម្មករ​រោងចក្រ​កាត់ដេរ​ដួល​សន្លប់ នៅពេល​ធ្វើការ រួមមាន៖ ដោយសារតែ​កំដៅឡើង​ខ្លាំង​​​ក្នុងរោងចក្រ ខ្វះខ្យល់​ចេញចូល សារជាតិ​គីមី និងកម្មករ ធ្វើការថែម​ម៉ោងច្រើន ជាដើម។ រីឯសហជីព​កម្មករ និង​សង្គមស៊ីវិល បានបន្ទោស​លើប្រាក់​ខែកម្មករ​ទាប ដែលនាំ​ឲ្យកម្មករ ត្រូវធ្វើការ​ថែមម៉ោង ចំណាយ​លើម្ហូប​អាហារ​ត្បិតត្បៀត រួមទាំង​ខ្វះវិធានការ​តឹងរឹង​ពីក្រសួងការងារ​ លើរោងចក្រ ដែលមាន​បរិស្ថាន​ក្តៅហប់ ជាដើម។

តាមតំណាង​ក្រសួងការងារ និងសមាគម​រោងចក្រ​កាត់ដេរ ក៏បាន​អះអាងថា ការដែល​មាន កម្មករ​ដួលសន្លប់​ច្រើន អាចមកពី​កម្មករ​ទទួលទាន​អាហារ​ខ្វះជីវជាតិ ហូបចុក​ត្បិតត្បៀត សន្សំ​លុយ​ផ្គត់ផ្គង់​គ្រួសារ ទុកលុយ​ទិញមាស និងទិញ​ម្ស៉ៅក្រេម ហើយមាន​អ្នកខ្លះ ដើរ​លេង សេពគ្រឿង​ស្រវឹង នាំឲ្យ​អត់ងងុយ ជាដើម។ សមាគម​រោងចក្រកាត់ដេរ​នៅកម្ពុជា GMAC បានលើក​ឡើងថា ការធ្វើការ​ថែមម៉ោងជា​ផ្នែកមួយ នាំឲ្យ​កម្មករ​ដួលសន្លប់។ ប៉ុន្តែ​កត្តា​ចម្បង អាចមកពី​កម្មករ​សន្សំសំចៃ​លុយលើ​ម្ហូបអាហារ​ប្រចាំថ្ងៃ។

រូបភាពពី សហការី

រូបភាពពី សហការី

លោក អ៊ុក ចាន់ធូ ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​ការងារ របស់​ក្រសួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានមាន​ប្រសាសន៍ថា «ក្រសួង​ការងារ មិនព្រងើយ​កន្តើយទេ។ ក្នុងនោះ ក្រសួង​បានបង្កើត​គណៈកម្មការ​ទប់ស្កាត់ និង​ស្រាវជ្រាវ​ការដួល​សន្លប់​របស់​កម្មក​រ​រោងចក្រ កាលពី​ឆ្នាំ២០១១ ហើយមន្ត្រី​អធិការកិច្ច ក៏បានចុះ​ត្រួតពិនិត្យ​សហគ្រាស​ គ្រឹះស្ថានការងារ និង​រោងចក្រ​កាត់ដេរ ជាប្រចាំ»។

ស្របពេល​ដែលករណី​កម្មករដួល​សន្លប់​នៅតែ​បន្តកើត​មាន​ស្ទើររាល់​ថ្ងៃនោះ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានធ្វើការ​ព្រមាន​​ចាត់វិធាន​​ការ តាមផ្លូវ​​ច្បាប់ ចំពោះរោងចក្រ​​សហគ្រាស​ណា ដែលនៅតែ​បន្តឲ្យ​កម្មករ​​ដួលសន្លប់​​ដដែល។ លោក អ៊ិត សំហេង បានមាន​ប្រសាសន៍ ដោយទទួល​ស្គាល់ថា ករណីដួល​សន្លប​​​របស់​កម្មករ​ នៅតែ​​បន្តមាន នាពេល​បច្ចុប្បន្ននេះ​ ដោយសារ​បរិយាកាស​ការងារ ខួបផ្សំនឹង​បញ្ហាសុខភាព​របស់បងប្អូន​កម្មករ ពិសេស​​បញ្ហានេះ​កើតមានឡើងច្រើន​នៅពេល​អាកាសធាតុ​ក្តៅ។

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤

Google Analytics Alternative