ក្រុមមនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​ អំពាវនាវ​ឲ្យ បង្កើត​ច្បាប់​អាពាហ៍​ពិពាហ៍

ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា បានធ្វើ​ការអំពាវ​នាវ ឲ្យ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ចូលរួម​គិតគូរ​បង្កើតឲ្យ​មានសេចក្តី​ព្រាង ច្បាប់​អាពាហ៍ពិពាហ៍ សម្រាប់អ្នក​ស្រឡាញ់​ភេទដូចគ្នា ខណៈ​ដែលការ​សិក្សាថ្មីមួយ​របស់មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បានរកឃើញថា​ មានក្រុម​អ្នកស្រឡាញ់​ភេទដូចគ្នា​ប្រមាណ៥ពាន់គូ បានស្ម័គ្រចិត្ត​រស់នៅ​ជាមួយគ្នា ដោយមិនបាន​រៀបការរហូត​ឈាន​ដល់ការ​បង្កើតគ្រួសារ ស្មុំកូនគេ​មកចិញ្ចឹម​សម្រាប់ថ្ងៃ​អនាគត​របស់ពួកគេ។

រូបភាពពី សហការី

រូបភាពពី សហការី

ការអំពាវនាវ​របស់​ក្រុម​ស្រលាញ់​ភេទ​ដូចគ្នា​នេះ បាន​ធ្វើឡើង នៅថ្ងៃ​ទី២៧ ខែសីហា​នេះ នៅក្នុង​សិក្ខា​សាលា​ថ្នាក់ជាតិ​មួយ នៅឯ​សណ្ឋាគារ​មនោរាជ្យ​អង្គ ខេត្ត​សៀមរាប ។

លោក ទ្រី ប៊ុនហាក់ មន្ត្រី​សម្រប​សម្រួល​កម្មវិធី​នៅអង្គការ​សុខភាព​បុរស​ខេត្ត​សៀមរាប បានថ្លែង​ឲ្យដឹងថា ក្រុមអ្នក​ស្រឡាញ់ភេទ​ដូចគ្នា ដែលមាន​ក្រុមបុរស​ស្រឡាញ់​បុរស ឬMSM និង​ក្រុមស្រី​ស្រឡាញ់ស្រី ឬLesbian បានស្ម័គ្រ​ចិត្តចាប់​ដៃគ្នា បង្កើតជា​គ្រួសារមាន​កូនចៅ​ដូចជា​មនុស្ស​ធម្មតា​ដែរ។ លោកបន្ត​ថា អ្នកស្រឡាញ់​ភេទដូចគ្នា បានសន្យាគ្នា​មុនពេលចាប់​ផ្តើមបង្កើត​ជាគ្រួសារ ដោយមានម្នាក់​ដើរតួរជា​ប្រពន្ធ និងម្នាក់ទៀត ដើរតួធ្វើ​ជាប្តី ហើយពួកគេ​ត្រូវមាន ទំនួលខុស​ត្រូវធ្វើ​ជាប្តី និងប្រពន្ធ​ដូចមនុស្ស​ធម្មតា។ លោកបន្តែម​ថា «អ្វីដែល​សំខាន់ ពួកគេចង់​រៀបការដូចជា​មនុស្ស​ដទៃ​ទៀត ដើម្បីបញ្ជាក់​ឲ្យសាធារណៈ​បានដឹងថា ពួកគេពិតជា​ចង់ឲ្យសង្គម និងសាធារណៈជន​ទទួលស្គាល់»។

លោក ម៉ី សុវណ្ណារ៉ា មន្ត្រី​សម្រប​សម្រួល​អង្គការ​ខាន់ណា បានថ្លែង​ឲ្យដឹង​ដែរថា គំនិត​ផ្តួចផ្តើម​ឲ្យមាន​ច្បាប់រៀប​អាពាហ៍ពិពាហ៍​សម្រាប់​អ្នកស្រឡាញ់​ភេទដូចគ្នា​នៅប្រទេស​កម្ពុជា គឺចាប់ផ្តើម​តាំងពីឆ្នាំ២០០០​មកម្លេះ ដោយឆ្នាំ​នោះ អង្គការ​សង្គម​ស៊ីវិល រួមទាំង​ដៃគូ និង​បណ្តាញ​ក្រុមស្រឡាញ់​ភេទ​ដូចគ្នា បានបង្កើត​ចលនា​សកម្មភាព​សង្គម ដោយមាន​ការជជែក​ដេញដោល​ចំពោះការការពារសិទ្ធិ​អ្នកស្រឡាញ់​ភេទដូចគ្នា។ លោកបន្តថា «សង្គម​ស៊ីវិល នៅមិនទាន់​ចាប់ផ្តើមរៀបចំ​បង្កើតសេចក្តីព្រាង​ច្បាប់រៀប​អាពាហ៍ពិពាហ៍​សម្រាប់អ្នក​ស្រឡាញ់ភេទ​ដូចគ្នា​នៅឡើយទេ ប៉ុន្តែជំហ៊ាន​ដំបូងនេះ សង្គម​ស៊ីវិល បាននិង​កំពុងធ្វើ​ចលនាសង្គម​ជាច្រើន ដូចជាការ​ជួបប្រជុំ​ក្រុមអ្នកស្រឡាញ់​ភេទដូចគ្នា​នៅតាម​សហគមន៍ និង​តាមអង្គការ​ក្រៅ​រដ្ឋាភិបាល ជាពិសេស​ការរៀបចំ​នូវព្រឹត្តការណ៍ នៅថ្ងៃទី​២៦សីហានេះ ដើម្បីជជែក​ធ្វើយ៉ាងណា​ឲ្យសាធារណៈជន​ក្តី អ្នកសារព័ត៌មានក្តី ទាំងអ្នក​ចូលរួម​ផ្សេងៗ​ទៀតក្តី អាចយល់​ពីរឿង​របស់ក្រុម​អ្នកស្រឡាញ់ភេទ​ដូចគ្នាសិន មុននឹងឈានទៅរក​ការធ្វើច្បាប់​ខាងលើនេះ»។

រូបភាពពី សហការី

រូបភាពពី សហការី

បើតាមទស្សនៈផ្ទាល់​របស់លោក ម៉ី សុវណ្ណារ៉ា ចំពោះការចាប់ផ្តើម​កសាងគ្រួសារ រវាងក្រុម​អ្នកស្រឡាញ់​ភេទដូចគ្នា ដោយមិនបាន​រៀបការនោះ វាមិនមែន​ជារឿងខុស​អ្វីនោះទេ ព្រោះនេះ ជាធម្មជាតិ ដោយអ្វី​ដែលបាន​កើតឡើងនេះ គឺជាការ​សម្រេចចិត្ត​ចង់បាន​របស់ពួកគេ ដូច្នេះ ពួកគេ​ចាប់ផ្តើម​បង្ហាញ​ឲ្យសាធារណៈ​បានឃើញ និងយល់​អំពីតម្រូវ​ការមួយ​ដែលមិនគួរ​មានការបិទ​បាំងនោះទេ។

លោក នួន ស៊ីដារ៉ា មន្ត្រី​សម្រប​សម្រួល​ផ្នែកអ្នក​ស្រឡាញ់ភេទ​ដូចគ្នា និងនិន្នាការ​ភេទនៅ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានបញ្ជាក់ថា គម្រោង​និន្នាការ​ស្រឡាញ់​ភេទដូចគ្នា និងអត្តសញ្ញាណ​យេនឌ័រ គឺផ្តោត​យ៉ាងសំខាន់​ទៅលើការ​បញ្ចូលសិទ្ធិ និងច្បាប់​ចំពោះអ្នក​ស្រឡាញ់ភេទ​ដូចគ្នា តាម​កញ្ចក់​ទូរទស្សន៍​ណាមួយ ដែលមាន​សក្តានុពល និងមានការ​យោគយល់ពី​បញ្ហានេះ។ លោកបញ្ជាក់​បន្តថា ឥឡូវនេះ លោកកំពុង​ធ្វើការសិក្សា​លើបណ្តា​ទូរទស្សន៍​ជាច្រើន​នៅកម្ពុជា ដើម្បីគ្រោង​ចាក់បញ្ចាំងឈុតខ្លី​ពាក់ព័ន្ធសិទ្ធិ និងច្បាប់​របស់ក្រុមបុរស​ស្រឡាញ់​បុរស និងក្រុមស្ត្រី​ស្រឡាញ់ស្ត្រី រឺអ្នកក្លែងភេទ​ជាដើម។

លោកវេជ្ជបណ្ឌិត មាន ឈីវុន ប្រធាន​មជ្ឈមណ្ឌលជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ សើរស្បើក និងកាមរោគ បានឲ្យដឹងថា នៅប្រទេសកម្ពុជា គេប៉ាន់ស្មានថា បច្ចុប្បន្ននេះ​មានក្រុម​បំលែងភេទ​ចំនួន៣០០០នាក់ និងក្រុមបុរស​ស្រលាញ់បុរស​ដូចគ្នា​មានចំនួន​ជិត១ម៉ឺននាក់។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR បានសិក្សាស្រាវជ្រាវ​រកឃើញ​ក្រុមអ្នក​ស្រឡាញ់ភេទ​ដូចគ្នា បានស្ម័គ្រចិត្ត​បង្កើតជា​គ្រួសារដោយ​គ្មានការរៀបការ។ ទាំងសង្គម​ស៊ីវិល និងបណ្តាញ​អ្នកតស៊ូ​មតិ រួមទាំងក្រុម​អ្នកស្រឡាញ់​ភេទដូចគ្នា បានធ្វើការ​អំពាវនាវ​ឲ្យរដ្ឋាភិបាល​គិតគូពិចារណា​ក្នុងការរៀបចំ​បង្កើតច្បាប់​អាពាហិពាហ៍​សម្រាប់​ក្រុមអ្នកស្រឡាញ់​ភេទដូចគ្នា ខណៈដែល​ប្រទេស​អង់គ្លេស និងបារាំង ត្រូវបាន​អនុម័ត​ឲ្យប្រើប្រាស់​ទៅលើសេចក្តីព្រាង​ច្បាប់នេះ រឺឯប្រទេស​វៀតណាម និងឡាវ កំពុងតែដំណើរការ​ពិភាក្សា​ទៅលើសេចក្តី​ព្រាងច្បាប់​ខាងលើនេះ​ផងដែរ៕

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤

Google Analytics Alternative