បារីអេឡិចត្រូនិច អាចប៉ះពាល់សុខភាព ដូចថ្នាំជក់ធម្មតា

ការហាមឃាត់លក់បារីអេឡិចត្រូនិក​ដល់យុវជន និង​ហាម​ការ​ជក់​​បារី​ប្រភេទ​នេះ នៅ​ទីកន្លែង​សាធារណៈ​​ដែល​បិទជិត ត្រូវបាន​​អង្គការ​សុខភាព​​ពិភពលោក​​លើកឡើង ជាស៉ណើ​​នៅក្នុង​របាយការណ៍​​របស់​ខ្លួន​មួយ នៅ​ថ្ងៃអង្គារ​ទី២៦ សីហា។ ព្រោះ​ផ្សែង​​បារី​អេឡិចត្រូនិច អាចបង្ក​គ្រោះថ្នាក់​ដល់​សុខភាព​​របស់​យុវជន និង​ទារក​ក្នុងផ្ទៃ។

រូបភាពពី Internet

រូបភាពពី Internet

នៅថ្ងៃអង្គារ​ទី២៦ សីហា អង្គការ​សុខភាព​​ពិភពលោក បាន​ចេញ​ផ្សាយ​​របាយការណ៍​ដោយ​ទាញ​​ចំណាប់​​អារម្មណ៍​​ក្រុម​មនុស្ស​​ដែល​បានងាក​មក​ប្រើ​បារី​​អេឡិច​ត្រូនិក បន្ទាប់ពី​បោះបង់​​ចោល​បារី​ថ្នាំជក់។ តាមការ​សិក្សា​​របស់​អ្នកជំនាញ​​អង្គការ​សុខភាព​​ពិភពលោក ផ្សែង​បារី​​អេឡេ​ត្រូនិក​​មិនមែន​ត្រឹម​ជា​ចំហាយ​​ទឹកធម្មតា ដូចការផ្សព្វ​ផ្សាយ​​របស់​អ្នកលក់​​ប៉ុណ្ណោះទេ ប៉ុន្តែ វាមាន​លាយឡំ​​ដោយជាតិ​នីកូទីន និង​​ជាតិពុល​ផ្សំ​ផ្សេងទៀត ដែលអាចប៉ះពាល់​ដល់សុខភាព​របស់យុវជន និង​ការរីកលូតលាស់​ផ្នែកខួរក្បាល​របស់ទារក​ក្នុងផ្ទៃ។

សូមរំលឹកថា បារីអេឡិចត្រូនិក ដែលកើតចេញ​ដំបូង​ពីប្រទេសចិន នៅឆ្នាំ ២០០៥ បានរីកដុះ​ដូចផ្សិត រហូតមានដល់​៤៦៦ម៉ាក នៅឆ្នាំ ២០១៣។ គេបានប៉ាន់​ប្រមាណថា ទឹកប្រាក់​៣ពាន់លានដុល្លារ​ត្រូវគេចំណាយទៅលើ​បារីអេឡិចត្រូនិក ក្នុងមួយឆ្នាំៗ។

ការហាមឃាត់​ការជក់បារី អេឡិចត្រូនិច​នៅទីកន្លែង​សាធារណៈ​ដែលបិទជិត ដូចជានៅក្នុង​ភោជនីយដ្ឋាន ឬការិយាល័យ ដែលគេហាម​មិនឲ្យមាន​ការជក់បារីធម្មតា គួរតែត្រូវធ្វើ នេះបើតាមការ​លើកឡើង​​របស់អ្នកជំនាញ អង្គការសុខភាព​ពិភពលោក។ ជាពិសេស អ្នកផលិត​មិនអាចរកភស្តុតាង​មកបញ្ជាក់ថា ផ្សែងចេញពី​បារីអេឡិចត្រូនិច នឹងមិនប៉ះពាល់​ដល់សុខភាព​របស់អ្នកដែល នៅជិតអ្នក​ជក់បារី​អេឡិតត្រូនិច។ អង្គការ​សុខភាព​ពិភពលោក​ធ្វើអនុសាសន៍​ផងដែរ ស្នើសុំឲ្យ​គេឈប់លក់​បារីអេឡិចត្រូនិច​ដល់យុវជន និងការលុបបំបាត់ចោល​ម៉ាស៊ីនលក់បារី​អេឡិចត្រូនិច។ លើសពីនោះទៀត អ្នកជំនាញសុខភាព​របស់អង្គការ​សហប្រជាជាតិ បានស្នើសុំឲ្យ​អ្នកផលិត ឈប់ផ្សព្វផ្សាយ​តទៅទៀតថា បារីអេឡិចត្រូនិច​នឹងអាចជួយកាត់​បន្ថយ​ការញៀន​បារីថ្នាំជក់ ដរាបណាគេនៅ​មិនទាន់មានភស្តុតាង​មកអះអាងបញ្ជាក់៕

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤

Google Analytics Alternative