ជំនន់ទឹកភ្លៀង អាច​កើត​មាន ពីថ្ងៃទី​២៥ ដល់២៨ សីហា

នៅកម្ពុជា អាចមានភ្លៀងធ្លាក់​ ពីបង្គួរទៅច្រើន ចាប់តាំងពី​ថ្ងៃទី២៥ ដល់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤។ ការធ្លាក់ភ្លៀងនេះ អាចបង្កឲ្យមាន​ជំនន់​ទឹកភ្លៀង នៅតាមតំបន់ទំនាប​ ខេត្តក្រុងមួយចំនួន ជាប់នឹង​ទំនាបផ្លូវទឹក និង​ជាពិសេស​ខេត្តស្ពឺ និង កំណាត់​ផ្លូវជាតិ​លេខ៤ ដែលស្ថិត​នៅក្នុងភូមិ​សាស្ត្រ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ អាចប្រឈមនឹង​ការលិចលង់។

rain flood

រូបភាពពី សហការី

កាលពីថ្ងៃទី២៣ ខែសីហានេះ សេចក្តីជូនដំណឹង ដែលចុះហត្ថលេខា ដោយលោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយ​ឲ្យដឹងថា ក្នុងរយៈពេលពីរ បី ថ្ងៃខាងមុខ នឹងមានប្រព័ន្ធ​សម្ពាធទាប មួយ (ITCZ) កើតឡើង និងអូសបន្លាយ កាត់ពីលើអាងទន្លេមេគង្គ​ក្នុងប្រទេសថៃ និង​ប្រទេសឡាវ។ ប្រព័ន្ធសម្ពាធ​ទាបនេះ អាចនឹងមានឥទ្ធិពល មកលើព្រះរាជាណាចក្រ​កម្ពុជា ដោយបង្កឲ្យមាន​ភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ នៅគ្រប់ខេត្ត និងរាជធានី។

ប្រព័ន្ធសម្ពាធ​ទាបបែបនេះ នឹងមានឥទ្ធិពលមកលើ​ព្រះរាជាណាចក្រ​កម្ពុជា ដោយបង្កឲ្យមាន​ភ្លៀងធ្លាក់ពី បង្គួរទៅច្រើន​ចាប់តាំងពីថ្ងៃទី ២៥ ដល់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ នៅតាម បណ្ដារាជធានី-ខេត្ដមួយចំនួន ដូចជា​រាជធានី​ភ្នំពេញ កណ្ដាល កំពង់ស្ពឺ ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្ដឧត្ដរមានជ័យ នឹងមានភ្លៀងធ្លាក់ច្រើន។ ដោយឡែក​ខេត្ដតាកែវ ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កំពង់ធំ កោះកុង កំពត ព្រះ សីហនុ និងខេត្ដកែប នឹងមានភ្លៀងធ្លាក់ ពីបង្គួរ​ទៅច្រើន។

ការធ្លាក់ភ្លៀង នៅតាមបណ្តាខេត្ត​ខាងលើ អាចបង្កឲ្យ​មានជំនន់ទឹកភ្លៀង នៅតាមតំបន់​ទំនាប ជាប់នឹងទំនាបផ្លូវទឹក និងជាពិសេស​ខេត្តស្ពឺ និង កំណាត់ផ្លូវជាតិ​លេខ៤ ដែលស្ថិតនៅក្នុង​ភូមិសាស្ត្រ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ពាក់ព័ន្ធ ទៅនឹងស្ថានភាព អាកាសធាតុខាងលើ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវ ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន និង​បង្កើនការ​យកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវ គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើង​ជាយថាហេតុ៕

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤

Google Analytics Alternative