ជំងឺ​អេបូឡា៖ បទ​សម្ភាសន៍ ជាមួយ​វេជ្ជបណ្ឌិត លី ចេងហ៊ុយ

ចាប់តាំងពីដើមឆ្នាំ ២០១៤មកនេះ មានការលេចឡើង​នូវការរាតត្បាត​ជម្ងឺថ្មី ដ៏កាចសាហាវមួយ ដែលបាន​រាតត្បាតម្តង កាលពីឆ្នាំ​១៩៧៦ តែពុំធ្លាប់មាន​នៅកម្ពុជា​នៅឡើយទេ។ ជំងឺនេះ​បានសម្លាប់​មនុស្ស ១២២៩នាក់ និងឆ្លងទៅ​មនុស្សដល់ទៅ ២៤៤០នាក់ហើយ បើគិតត្រឹម​ថ្ងៃទី២០ ខែសីហា។ ខាងក្រោមនេះ​គឺជាបទសម្ភាសន៍​រវាងគេហទំព័រ​សុខភាពកម្ពុជា ជាមួយ លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ៖

សំណួរទី១៖ តើអេបូឡា ជាអ្វី?

រូបភាពគេហទំព័រ សុខភាពកម្ពុជា

រូបភាពគេហទំព័រ សុខភាពកម្ពុជា

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ អេបូឡា ជាពាក្យកំច្ចី មកពីពាក្យបារាំង «Ebola» ដែលអាចអាន​តាមភាសា​អង់គ្លេស ថាអីុបូឡា។ រោគអេបូឡា គឺជាវីរុស ដែលបង្កជា​ជំងឺគ្រុនឈាម​វីរុសម៉្យាង ហៅថា​ជំងឺគ្រុនឈាម​អាហ្វ្រិក ឬជំងឺអេបូឡា។ អេបូឡា បង្កអាការ​រោគធ្ងន់ធ្ងរ ដល់អាយុជីវិត មានអត្រាមរណ​ដល់ទៅ ៩០%។ ជំងឺអេបូឡា កើតលើ​មនុស្ស និងសត្វ ជាពិសេស សត្វស្វាឪ។

សំណួរទី២៖ តើជំងឺអេបូឡា រាតត្បាតដំបូង​នៅពេលណា និងប្រភពពីណា?
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ បើតាមការ​កត់ត្រា​របស់​អង្កការ​សុខភាព​ពិភពលោក ជំងឹអេបូឡា ផ្ទុះការ​រាតត្បាត​ដំបូង​នៅឆ្នាំ​១៩៧៦ នៅក្នុងភូមិមួយ ក្បែរទន្លេ​អេបូឡា នៃប្រទេស​កុងហ្កោ និងតំបន់​ដាច់ស្រយាលមួយ នៃប្រទេស​ស៊ូដង់។ រហូតមកទល់​នឹងពេលនេះ គេមិនទាន់​ស្គាល់​ពីប្រភព នៃការកកើត នៃវីរុសអេបូឡា​នៅឡើយទេ តែបើយោងទៅ​តាមភស្តុតាង​ដែលបាន​រកឃើញ សត្វជ្រឹង (Fruit bats) ត្រូវបាន​អ្នកស្រាវជ្រាវ​សន្និដ្ឋានថា ទំនងជា​ប្រភពនាំអោយ​កើតជំងឺ​អេបូឡា។

សំណួរទី៣៖ តើវីរុស​អេបូឡា ឆ្លងពីសត្វ​មកមនុស្ស​​ដូចម្តេចទៅ?
Ebola virus photoវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ វីរុស​​អេបូឡា ឆ្លងពីសត្វ​ទៅមនុស្ស តាមការ​​ប៉ះពាល់​ដោយផ្ទាល់ ជាមួយ​​នឹងឈាម ទឹកសរីរាង្គ និង​សរីរាង្គកាយ​​របស់សត្វ ដែលផ្ទុក​​មេរោគ​​អេបូឡា។ នៅទ្វីប​​អាហ្វ្រិក វីរុស​​អេបូឡា ឆ្លង​ពីសត្វ​​ទៅមនុស្ស តាមការ​​ប៉ះពាល់​សត្វស្វា ស្វាឪ សត្វជ្រឹង សត្វឈ្លូស និង​សត្វកាំ​ប្រម៉ា ដែលឈឺ និង​ស្លាប់​​នៅក្នុង​​ព្រៃក្រាស់។ ក្រោយពី​​ឆ្លងសត្វ អ្នកជំងឺ​នោះ​​អាចឆ្លង​ពីមនុស្សម្នាក់​​ទៅមនុស្សម្នាក់​ទៀត​នៅក្នុង​​សហគមន៍។

សំណួរទី៤៖ តើវីរុស​អេបូឡា ឆ្លងពី​មនុស្សម្នាក់​ទៅម្នាក់​តាមរបៀម​ណា?
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ វីរុសអេបូឡា ឆ្លងតាមការ​ប៉ះពាល់ដោយផ្ទាល់ តាមស្បែក ឬភ្នាសស្បែក ដែលមានដាច់រលាត់ ជាមួយសរីរាង្គកាយ របស់អ្នកជំងឺ ឬអ្នកផ្ទុកមេរោគអេបូឡា ដូចជាត្រង់ភ្នែក ច្រមុះ ឬមាត់។ ជាពិសេស ការឆ្លងកើតមាន​នៅពេលដែលប៉ះពាល់ផ្ទាល់​នឹងឈាម ទឹករំអិល ទឹកកាម លាមក ឬទឹកមាត់ របស់អ្នកជំងឺ ដែលផ្ទុក​វីរុសអេបូឡា។ ក្រៅពីនេះ ការចំលង​ក៏អាចកើតមានផងដែរ​តាមបរិស្ថាន​ជុំវិញ​អ្នកជំងឺ ដូចជាម្ជុល​ចាក់ថ្នាំ កំរាលពូក​អ្នកជំងឺជាដើម។ សូមបញ្ជាក់ថា រាល់អ្នក​មិនឈឺ ឬអ្នកឈឺ ដែលមានផ្ទុក​មេរោគ​អេបូឡា នៅក្នុងឈាម និង​ទឹករំអិល ជាអ្នកចំលង​ជំងឺទៅ​អ្នកដ៏ទៃ។

សំណួរទី៥៖ តើក្រុមមនុស្សណាខ្លះ ប្រឈមខ្ពង់ នឹងការឆ្លងវីរុសអេបូឡា?
Ebola sign severeវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ វីរុសអេបូឡា ឆ្លងបាន​គ្រប់ពេល និង​លើគ្រប់​មនុស្ស​ទាំងអស់។ ដោយឡែក ក្នុងពេលកំពុង​រាតត្បាត អ្នកដែល​ប្រឈមមុខខ្ពស់​នឹងការឆ្លង​ជំងឹអេបូឡា រួមមាន៖

  • សមាជិក​គ្រួសារ​អ្នកជំងឺ និងអ្នកដែល​ប៉ះពាល់ផ្ទាល់​ជាមួយ​អ្នកជំងឺ
  • បុគ្គលិក​សុខាភិបាល និង​គ្រូពេទ្យ ដែល​ថែទាំ ឬព្យាបាល​អ្នកជំងឺ
  • អ្នកចូល​រួម កាន់ទុក្ខ​ដែលបាន​ប៉ះពាល់​ជាមួយ​សពអ្នក​ជំងឺ​អេបូឡា
  • ព្រានប្រម៉ាញ​សត្វក្នុង​ព្រៃក្រាស់ ដែលបាន​ប៉ះពាល់​សត្វស្លាប់​នៅក្នុងព្រៃ
  • អ្នកមាន​ប្រពន្ធ័​ការពារ​រាងកាយ ឬភាពស៊ាំ​ខ្សោយ ឬមាន​ជំងឺរាំរ៉ៃ អាចជា​ករណី​សង្ស័យ តែកំពុង​សិក្សា​នៅឡើយ។

សំណួរទី៦៖ តើជំងឺអេបូឡា មានរោគសញ្ញាអ្វីខ្លះ?

រូបភាព ពី​ internet

រូបភាព ពី​ internet

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ក្រោយពីឆ្លង​មេរោគ​ចូលទៅ​ក្នុងខ្លួន ដំណាក់កាល​សំងំរហូត​ដល់ចេញ​រោគសញ្ញា មានរយះ​ពេល ពី២ ទៅ២១ថ្ងៃ។ ក្រោយមក អ្នកជំងឺ​អេបូឡា មានរោគ​សញ្ញាសំខាន់ៗ និងឧស្សាហ៍​ជួបមួយចំនួន៖

  • ក្តៅខ្លួនខ្លាំង លើសពី​៣៨.៦អង្សាសេ
  • ឈឺក្បាលខ្លាំង
  • ឈឺសាច់ដុំ
  • អស់កំលាំង ល្ហិតល្ហៃ
  • រាគ ក្អួត និង​ឈឺពោះ (ឈឺក្រពះ)
  • មិនឃ្លាន​អាហារ។

អាចមាន​រោគសញ្ញា​ដ៏ទៃទៀត រួមមានកន្ទួល​ក្រហម​នៅលើស្បែក ខ្សោយ​តំរងនោម ខ្សោយថ្លើម និង​ករណីខ្លះ​អាចហូរឈាម​ចេញមកក្រៅ និងក្នុង។
រោគសញ្ញា​ទាំងនេះ ជួនមិនអាច​កំណត់រោគវិនិច្ឆ័យ​បាន១០០%នោះទេ អ្នកជំងឺ និងអ្នក​ដែលផ្ទុក​មេរោគ​អេបូឡា អាចបញ្ជាក់បាន ដោយសារ​ការវិភាគ ឬធ្វើតេស្ត​នៅមន្ទីរ​ពិសោធន៍។មន្ទីរពិសោធន៍​បង្ហាញ នូវការ​ថយចុះចំនួន​គ្រាប់ឈាមស ប្លាកែត និងការកើនឡើង​អង់ស៊ីមថ្លើម។

សំណួរទី៧៖ តើជំងឺអេបូឡា គួរស្វែងរកការព្យាបាល ពេលណា?
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ក្រោយពីលោកអ្នក​បានទៅតំបន់ ដែលមានការរាតត្បាត​ជំងឺអេបូឡា ឬធ្លាប់ប៉ះពាល់​នឹងអ្នកជំងឺ​អេបូឡា ឬធ្លាប់ប៉ះពាល់​នឹងអ្នកដែលសង្ស័យថា​កើតជំងឺអេបូឡា នៅពេលលោកអ្នក​ចាប់ផ្តើមចេញ​រោគសញ្ញា លោកអ្នក​ត្រូវស្វែងរក​ការព្យបាល​ជាបន្ទាន់។ ការព្យាបាល​ទាន់ពេលវេលា ជាកត្តាសំខាន់​អាចបង្កើន​ការរស់រាន​មានជីវិត​ពីជំងឺនេះបាន។

សំណួរទី៨៖ តើជំងឺអេបូឡា អាចព្យាបាលជាទេ?
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ មិនទាន់មាន​ថ្នាំជាក់លាក់ សម្រាប់ព្យាបាល​ជំងឺអេបូឡានោះទេ ប៉ុន្តែអាចព្យាបាលបាន​ដោយថ្នាំបន្ទាប់បន្សំ ។ ទោះបី​បែបនេះក្តី ការព្យាបាល​អាចជួយ​អ្នកជំងឺបាន ជាពិសេស​អ្នកជំងឺ​ធ្ងន់ធ្ងរ ត្រូវទទួល​ការព្យាបាល​ដោយថ្នាំ​បន្ទាប់បន្សំ យ៉ាងម៉ត់ចត់។ ទាក់ទងនឹង​ការផ្សព្វផ្សាយ​មួយចំនួន គឺស្ថិត​នៅក្នុង​ដំណាក់ការ​ពិសោធន៍​នៅឡើយទេ។ សូមបញ្ជាក់ថា ជំងឺអេបូឡា​ទាំងនោះ បាត់បង់​ជាតិទឹក និងជាតិរ៉ែ​ពីក្នុងខ្លួន ហើយចាំបាច់​ត្រូវបំពេញ​ឡើងវិញ តាមការចាក់​តាមសរសៃវ៉ែន ឬតាមមាត់​នូវសូលុយស្យុង​អេឡិចត្រូលីត ។ អ្នកជំងឺ​មួយចំនួន អាចជាសះស្បើយ​បន្ទាប់ពី​ទទួលការ​ព្យាបាល​គាំទ្របាន​ត្រឹមត្រូវ និងទាន់​ពេលវេលា។

សំណួរទី៩៖ តើជំងឺអេបូឡា អាចបង្ការបានទេ?
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ រហូតមក​ដល់ពេលនេះ មិនទាន់មាន​ថ្នាំបង្ការ ប្រឆាំងនឹង​ជំងឺអេបូឡា​នោះទេ។ មានថ្នាំជាច្រើន​កំពុង​សាកល្បង មិនទាន់​ទទួលស្គាល់​ប្រសិទ្ធភាព​នៅឡើយទេ។ ប៉ុន្តែមាន​វិធាន​មួយចំនួន សម្រាប់​ការពារខ្លួន ពីការឆ្លង​ជំងឺអេបូឡា​នេះបាន ៖

  • ជៀសវាងការបរិភោគ និងការប៉ះពាល់​ជាមួយសត្វព្រៃ ដូចជា​សត្វប្រចៀវ សត្វជ្រឹង ឬសត្វស្វា​គ្រប់ប្រភេទ
  • ជៀសវាងការប៉ះពាល់​ដោយផ្ទាល់​ជាមួយឈាម ទឹករំអិល ឬសារធាតុរាវ​របស់​មនុស្ស ឬសត្វ ដែលរស់ ឬស្លាប់​ឆ្លងវីរុស
  • ជៀសវាងការប៉ះពាល់​ម្ជុលចាក់ថ្នាំ កំរាលពូក ឬសំលៀកបំពាក់​របស់អ្នក​ជំងឺអេបូឡា
  • ជៀសវាងប៉ះពាល់ និងចូលរួម​ក្នុងពិធីបញ្ចុះ​សាកសពមនុស្ស និងសត្វ ដែលមាន​ផ្ទុកអេបូឡា
  • ត្រូវលាងដៃ អោយបាន​ញឹកញាប់ ជាពិសេសពេល​ប្រឡាក់ ឬចេញ​ពីបង្គាន់

សំណួរទី១០៖ តើជំងឺអេបូឡា អាចកើតមាននៅកម្ពុជាឬទេ?
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ រហូតមកដល់​ពេលនេះ មិនទាន់មាន​ការរាយការណ៍​ពីករណីជំងឺ​អេបូឡា ពីមន្ទីរពេទ្យ និងក្រសួង​សុខាភិបាល​នៅឡើយទេ។ តែជំងឺ​អេបូឡា នៅតែកំពុង​រាតត្បាត​យ៉ាងខ្លាំង នៅប្រទេស​អាហ្វ្រិកខាងលិច​នៅឡើយទេ។ ក្រសួង​សុខាភិបាល បានដាច់ចេញជា​វិធានការ​ទប់ស្កាត់ តាមច្រកចេញ​ចូលអន្តរជាតិ និងដល់ស្ថាបន័​សុខាភិបាលនានា។

សូមតាមដានព័ត៌មានអំពី Ebola ផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤

Google Analytics Alternative