អាមេរិក២នាក់ ឆ្លងវីរុសអេបូឡា ចេញពីមន្ទីរពេទ្យហើយ

លោក Brantly និងលោកស្រី Writebol ដែលឆ្លង​វីរុសអេបូឡា​ពីអាហ្វ្រិក ក្រោយពេល​ចេញពី​មន្ទីរពេទ្យ អ្នកទាំង២នាក់​ពុំបង្កឱ្យមាន​គ្រោះថ្នាក់ណាមួយ​ដល់សុខភាព​សាធារណៈឡើយ។

កាលពីថ្ងៃទី២១ សីហា ក្រុមគ្រូពេទ្យព្យាបាល​​រាយការណ៍ ប្រាប់ CBC ថា ជនជាតិ​អាមេរិក​២នាក់ ដែលឆ្លង​វីរុសអេបូឡា​ពីអាហ្វ្រិក ហើយនាំមក​ព្យាបាល​នៅសហរដ្ឋ​អាមេរិក បានជាសះស្បើយវិញ​ហើយ ក្រោយ​ការព្យាបាល​ពិសេសរយៈពេល​១សប្តាហ៍ រួចពួកគេត្រូវ​បានអនុញ្ញាតឱ្យ​ចេញពីមន្ទីរពេទ្យ​អាត្លង់តាហើយ ។

រូបភាពពី CBC

រូបភាពពី CBC

សូមរំលឹកថា លោកវេជ្ជ​បណ្ឌិត Kent Brantly អាយុ៣៣ឆ្នាំ និងលោកស្រី Nancy Writebol អាយុ៦០ឆ្នាំ អ្នកទាំងពីរ​ឆ្លងវីរុសអេបូឡា ពេលជួយ​ព្យាបាល​ពួកអ្នកជំងឺ​នៅប្រទេស លីបេរីយ៉ា ជាប្រទេសមួយ​ក្នុងចំណោមប្រទេស៤​នៅអាហ្វ្រិក​ខាងលិច​ ដែលរងការ ប៉ះពាល់​ដោយការឆ្លង​រាតត្បាត​នៃវីរុស​អេបូឡា ។

លោក Brantly និងលោកស្រី Writebol ត្រូវបានបញ្ជូនមក​សហរដ្ឋអាមេរិកវិញ កាលពីខែកក្កដា ហើយនាំទៅ​ព្យាបាល​នៅមន្ទីរពេទ្យ​នៃសាកលវិទ្យាល័យ EMORY ជិតក្រុងអាត្លង់តា រដ្ឋចចជៀ ។ លោកវេជ្ជបណ្ឌិត Bruce Ribner នាយកផ្នែកជំងឺឆ្លង របស់មន្ទីរពេទ្យ EMORY ក្នុងសន្និសីទ​សារ​ព័ត៌មានមួយ​ ថ្លែងថា ក្រោយពេលចេញពី​មន្ទីរពេទ្យ អ្នកជំងឺទាំង២នាក់នោះ ពុំបង្កឱ្យមានគ្រោះថ្នាក់ណាមួយ ដល់សុខភាព​សាធារណៈឡើយ ។ លោកបញ្ជាក់ថា លោកស្រី Writebol បានចេញពីមន្ទីរពេទ្យ កាលពីថ្ងៃទី១៩ សីហា ។

មុននេះ វេជ្ជបណ្ឌិត Ribner និយាយថា ក្រោយការព្យាបាលយ៉ាងហ្មត់ចត់ ព្រមទាំងការវិភាគនានាផង ក្រុមគ្រូពេទ្យវាយតម្លៃថា អ្នកជំងឺទាំង២នាក់ ជាសះស្បើយ​ពីជំងឺអេបូឡា ហើយអាចវិលទៅ​ជួបជុំគ្រួសារវិញ ដោយពុំភ័យខ្លាចពី​ការឆ្លងដល់​អ្នកដទៃនោះទេ៕

សូមតាមដានព័ត៌មានលំអិតអំពី Ebola នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤

Google Analytics Alternative