ទឹកស៊ុបប៊ីដុង​នាំចូល​មកកម្ពុជា អាចប៉ះពាល់​សុខភាព

នៅកម្ពុជា មានការនាំចូល នូវប្រភេទ​ទឹកស៊ុបច្រក​ក្នុងប៊ីដុង នាំចូលពី​ប្រទេសវៀតណាម ដែល សង្ស័យថា​ធ្វើឲ្យប៉ះពាល់​ដល់សុខភាព​អ្នកបរិភោគ ដែលកុំពុងប្រើប្រាស់​នៅតាមទីផ្សារកម្ពុជា។ អ្នកជំនាញសុខភាព កំពុងព្រួយបារម្ភចំពោះបញ្ហានេះ។ក្រសួងពាក់ព័ន្ធ មិនទាន់រកឃើញ ពីប្រភព នាំចូល និងលក់ទឹកស៊ុប​ដាក់ប៊ីដុង​នៅឡើយទេ។ ក្រសួងពាក់ព័ន្ធ​គួរទប់ស្កាត់​បញ្ហានេះទេ?

Soup Vietnam imported Cambodia

រូបភាពពី CNC

ប៉ុន្មានថ្ងៃនេះ សារព័ត៌មាន​ក្នុងស្រុក និង​តាមបណ្ដាញ​ទំនាក់ទំនង​សង្គម ហ្វេសប៊ុក បានរាយ​ការណ៍ថា មានការ​នាំចូល​​នូវប្រភេទ​​ទឹកស៊ុប​ច្រក​ក្នុង​ប៊ីដុង នាំចូល​ពី​ប្រទេស​ជិតខាង (ប្រទេស​វៀតណាម) ដែលគេ​អះអាងថា មានដាក់​សាធាតុគីមី ដើម្បីឲ្យ​គុយទាវ មានរសជាតិ​ឆ្ងាញ់ ប៉ុន្តែបាន​ប៉ះពាល់​​ដល់សុខភាព​​អ្នកទទួលទាន។ ទឹកមេស៊ុប​ប្រភេទទឹកថ្លា សម្រាប់ដាក់​ក្នុងទឹកស៊ុប​​ធ្វើឲ្យសាច់​ឆាប់ផុយ និងមាន​​រសជាតិឆ្ងាញ់។ ទឹកស៊ុប​ទាំងនោះ ត្រូវបាន​សង្ស័យ​ថា យកមក​លក់​នៅ​ក្នុងទីផ្សារ នៃហាង​គុយទាវ ក្នុងក្រុងភ្នំពេញ។

អ្នកជំនាញ​សុខភាព កំពុងព្រួយ​បារម្ភ​ចំពោះ​បញ្ហានេះ ព្រោះវា​បានធ្វើឲ្យ​ប៉ះពាល់ធ្ងន់ធ្ងរ​ដល់​សុខភាព​​ពលរដ្ឋ​នៅកម្ពុជា។ បច្ចុប្បន្ននេះ​ប្រជាពលរដ្ឋភាគច្រើន​មានជំងឺទាក់ទង​នឹងចំណី​អាហារ ។

បន្ទាប់ពីមានព័ត៌មាននេះ ត្រូវបានផ្សាយជាសាធារណៈ នាំឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ជាអ្នកទទួលទាន ខ្លាចរអារ។ ចំណែក​ម្ចាស់ហាង​គុយទាវ ក្នុងក្រុងភ្នំពេញ បានសម្ដែង​ការព្រួយបារម្ភ និងប្រតិកម្ម​ចំពោះការភ័យខ្លាច​របស់អតិថិជន​របស់ខ្លួន ដែលអាច​គិតថា ក្នុងហាងមាន​កើតករណី នាំទឹកស៊ុបប្រភេទ​ខាងលើនេះ ចូលក្នុងហាង ដើម្បីលក់​ឲ្យភ្ញៀវពិសា។

លោកស្រី ពៅ វរលក្ម្សណ៍ អគ្គនាយិកា អគ្គនាយកដ្ឋាន សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម បាននិយាយ​ប្រាប់សារព័ត៌មាន​ក្នុងស្រុក ឲ្យដឹងនៅ​ថ្ងៃពុធនេះថា បញ្ហាទឹកស៊ុប​ដាក់ប៊ីដុងនេះ បានចរាចរណ៍​លើទីផ្សារកម្ពុជា​ច្រើនឆ្នាំមកហើយ តែក្រសួងពាក់ព័ន្ធ​មិនទាន់រកឃើញ​ពីប្រភពនាំចូល និងកន្លែង​ចែកចាយ​ឃើញនៅឡើយទេ។ លោកស្រីថា ការនាំទំនិញ​ខូចគុណភាព និងក្លែងបន្លំ​ចូលមក​កម្ពុជា​ធ្វើឲ្យប៉ះពាល់​ដល់សុខភាព​ប្រជាពលរដ្ឋខ្មែរ តែរហូតមក​ដល់ពេលនេះ ក្រសួងមិនទាន់​បានពិសោធន៍​ទឹកស៊ុបនោះថា មានសារធាតុ​អ្វីខ្លះនៅឡើយ។

សូមរំលឹកថា នៅពេលថ្មីៗនេះ នៅតាម Facebook បានចែកចាយ តៗគ្នាពីរូបភាព ដែលអាជ្ញាធរ​វៀតណាម ចាប់បាន យឺហឺក្រៀម ធ្វើពីជ័រស្វិត ក្លែងបន្លំ​ជាសាច់ យីហ៊ឺក្រៀម ។ ហើយកន្លងមក អាជ្ញាធរខ្មែរ ចាប់បានសាច់មាន់​នាំចូលគេចពន្ធ ដូចជាស្លាបមាន់ ជង្គង់មាន់ ឬមាន់ក្លាសេ​នាំចូលពី​ប្រទេសថៃ ដែលមាន​ដាក់សារធាតុគីមី​ការពារកុំឲ្យស្អុយ។ ហើយសារធាតុ​គីមីទាំងនោះ​ធ្វើឲ្យប៉ះពាល់ដល់​សុខភាព​ប្រជាពលរដ្ឋ តែចំណាត់ការទាំងនោះ​ហាក់មិនសូវ​មានប្រសិទ្ធភាពនោះ។ ក្រសួងពាក់ព័ន្ធ មិនទាន់រកឃើញ​ពីប្រភពនាំចូល និងលក់ ចំណីអាហារ​ទាំងនេះ​នៅឡើយទេ ៕

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤

Google Analytics Alternative