ទឹកជំនន់កម្ពុជា អាចធ្ងន់ធ្ងរ បើទំនប់វារីអគ្គិសនីវៀតណាមបើក

គិតត្រឹមពាក់កណ្តាលខែសីហានេះ ទឹកជំនន់បានបង្កការលិចខេត្ត តាមដងទន្លេ មេគង្គ និងទន្លេសាប ទាំង ១២ខេត្តក្រុង និងបានបណ្ដាលឲ្យ មនុស្សជាង ៣០នាក់ ស្លាប់បាត់បង់ជីវិត និងប្រជាពលរដ្ឋ ១០ម៉ឺនគ្រួសាររង ការប៉ះពាល់ ហើយផលដំណាំ និងស្រូវរាប់ពាន់ហិកតារ ត្រូវខូចខាត។ តើការបង្ហូរទឹក ចេញពីទំនប់វារីអគ្គិសនី ក្នុងរដូវវស្សានេះ អាចធ្វើឲ្យ ប្រទេសកម្ពុជា មានទឹកជំនន់ លិចលង់បន្ថែម ឬទេ? មន្ត្រីជំនាញ បានបញ្ចេញ ទស្សនពីរផ្សេងគ្នា។

សូមរំលឹកថា លោក ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ មានប្រសាសន៍ប្រាប់ វិទ្យុអាស៊ីសេរី កាលពីពេលថ្មីៗនេះថា គ្រោះទឹកជំនន់ ធ្វើឲ្យមនុស្សស្លាប់ ៣០នាក់ ផ្ទះជាង ៣ម៉ឺនខ្នងលិចលង់ មនុស្សប្រមាណ ១០ម៉ឺន គ្រួសាររងគ្រោះ។ ទឹក បានពន្លិចសាលារៀន ជិត៤០០ខ្នង វត្តចំនួន ១៥៤កន្លែង មន្ទីរសុខភាព ២៨កន្លែង គោក្របីជាង ៣ម៉ឺនក្បាល ត្រូវប៉ះពាល់ ហើយមនុស្សជាង ១ម៉ឺនគ្រួសារ ត្រូវទៅស្នាក់នៅបណ្ដោះអាសន្ន លើទីទួលសុវត្ថិភាព។

រូបភាព សហការី

រូបភាព សហការី

ជំនន់ទឹកភ្លៀង កាលពីដើម ខែសីហា រួមទាំងការបើក បង្ហូរទឹកទំនប់ វារីអគ្គិសនី ពីទំនប់យ៉ាលី ប្រទេសវៀតណាម ក្នុងកម្រិតប្រមាណជាង ៥០០ម៉ែត្រគីប ក្នុងមួយវិនាទី បានធ្វើឲ្យ ទឹកជន់លិចស្រូវ ដំណាំ ចំការក្នុងស្រុក ចំនួនបី នៅខេត្តរតនគិរី បង្កផលប៉ះពាល់ ផ្ទះប្រជាពលរដ្ឋ ជាង ៨០០គ្រួសារ លិចស្រូវជាង ១.៦០០ហិកតារ ក្នុងនោះ ៣០០ហិកតារ រលួយខូច លិចដំណាំចំការ ជាង ៦០០ហិកតារ ក្នុងនោះ រលួយខូចជិត ៣០០ហិកតារ ដាច់ផ្លូវលំ អស់ប្រមាណ ២០០ម៉ែត្រ និងស្លាប់ មនុស្សម្នាក់។

ចំណែក នៅខេត្តស្ទឹងត្រែង ទឹកជន់លិចស្រុក និងក្រុងចំនួន ៤ បង្កផលប៉ះពាល់ ផ្ទះជាង ១.៣០០ផ្ទះ (១.៣២៣) លិចស្រូវជិតបីពាន់ហិកតារ (២.៦០៤) ក្នុងនោះរលួយខូច ស្ទើរទាំងស្រុង និងលិចដំណាំ ចំការជាង ៤០០ហិកតារ ក្នុងនោះរលួយខូចអស់ ជិត ៣០០ហិកតារ និងស្លាប់មនុស្សបីនាក់។

ប្រសិនមានភ្លៀងធ្លាក់ច្រើន ក្នុងអំឡុងនៃការប្រកាសបើកបង្ហូរទឹក ទំនប់នេះ នឹងអាចបង្កឲ្យមាន ទឹកជំនន់ប៉ះពាល់ ប្រជាពលរដ្ឋអ្នករស់ នៅតាមដងទន្លេ។ នេះជាការអះអាង កាលពីថ្ងៃទី១៧ ខែសីហា របស់លោក មាច មៀន អ្នកសម្របសម្រួល អង្គការការពារទន្លេបី ដែលធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនទំនប់វារីអគ្គិសនី នៃប្រទេស វៀតណាម បានជូនដំណឹង ស្ដីពីការបើកបង្ហូរ ទឹកទំនប់វារីអគ្គិសនី ចំនួនពីរ គឺទំនប់សេសាន៤ និងសេសាន៤អេ ពីខ្សែទឹកខាង នៃទន្លេសេសាន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែសីហា។

តើការបង្ហូរទឹក ចេញពីទំនប់វារីអគ្គិសនី ក្នុងរដូវវស្សានេះ អាចធ្វើឲ្យ ប្រទេសកម្ពុជា មានទឹកជំនន់ឬទេ? ឆ្លើយតមនឹងសំណួរនេះ ប្រធាន មន្ទីរធនធានទឹក ឧតុនិយមនិងជលសាស្ត្រ លោក អ៊ូ ឡាង បានអះអាងថា ភាគីវៀតណាម បានជូនដំណឹងពី ការបើកបង្ហូរទឹកទំនប់ ប៉ុន្តែ បរិមាណទឹកនេះ មិនបង្កឲ្យមានទឹកជំនន់នោះឡើយ៕

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

ដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤

Google Analytics Alternative