ថ្នាក់ដឹកនាំពេទ្យធំ ត្រូវចាប់ខ្លួន ពីបទជួញដូរក្រលៀនមនុស្ស

មនុស្ស៩នាក់ ក្នុងនោះឧត្តមសេនីយ៍២នាក់ ដែលជា វេជ្ជបណ្ឌិត និងបុគ្គលិក នៅមន្ទីរពេទ្យ ព្រះកេតុមាលា ហៅពេទ្យធំ ឃាត់ខ្លួន តាមពាក្យបណ្តឹង និងការស្រាវជ្រាវ របស់សមត្ថកិច្ច ពាក់ព័ន្ធនឹងការវះកាត់ ដោះដូរក្រលៀនលក់នេះ មានចំនួន ១២គូ។

ទិដ្ឆភាពឃាត់ខ្លួន បុគ្គលិក ពេទ្យធំ

ទិដ្ឆភាពឃាត់ខ្លួន បុគ្គលិក ពេទ្យធំ

ធ្លាប់មានឭពាក្យ ចរចាមអារាម អំពីការជួញដូរ ក្រលៀនមនុស្ស (តំរងនោម) នៅមន្ទីរពេទ្យ ព្រះកេតុមាលា ហៅពេទ្យធំ ជាយូរ ច្រើនឆ្នាំមកហើយ។ ការជួញដូរ ក្រលៀនមនុស្ស កំពុងមាន នៅប្រទេសកម្ពុជា តាមរូបភាពផ្សេងៗ តែមិនទាន់មាន ការចាត់វិធានការណ៍ នៅឡើយទេ។

នៅល្ងាចថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៤ សមត្ថកិច្ចការិយាល័យ ប្រឆាំងការជួញ ដូរមនុស្ស និងការពារអនិតិជន រាជធានីភ្នំពេញ បានធ្វើការឃាត់ ខ្លួនមនុស្សចំនួន ៩នាក់ ដែលជា វេជ្ជបណ្ឌិត និងបុគ្គលិក នៅមន្ទីរពេទ្យ ព្រះកេតុមាលា ហៅពេទ្យធំ។ ក្នងនោះ មានលោកឧត្តម សេនីយ៍ឯកផ្កាយ៣ លី សុវណ្ណ ជាប្រធានមន្ទីរពេទ្យ លោកផ្កាយ២ កែវ ដារ៉ាវុធ ជាអនុប្រធាន មន្ទីរពេទ្យ និងវេជ្ជបណ្ឌិតចិន វៀតណាម ខ្មែរ៥នាក់ រួមនឹងមនុស្ស២ផ្សេងទៀត ពាក់ព័ន្ធ ទៅនឹង ការវះកាត់ដោះដូរ ក្រលៀនមនុស្ស ។

បើតាមប្រភពព័ត៌មានបានឱ្យដឹងទៀតថា ការវះកាត់ដោះដូរក្រលៀន ពីមួយគូទៅមួយគូ តម្លៃ ១៥០០០ដុល្លារ។ ហើយបើតាមពាក្យបណ្តឹង និងការស្រាវជ្រាវ របស់សមត្ថកិច្ច បានឱ្យដឹងថា ពាក់ព័ន្ធនឹងការវះកាត់ ដោះដូរក្រលៀនលក់នេះ មានចំនួន ១២គូ។ ក៏ប៉ុន្តែប្រភពមួយទៀត បានបន្ថែមទៀតថា មិនត្រឹមតែ១២គូទេ ព្រោះមួយថ្ងៃវះកាត់ដោះដូរចំនួន ៧គូឯណោះ។ ទាក់ទិននឹងករណីខាងលើនេះ សមត្ថកិច្ចមិនទាន់អាច បង្ហើបព័ត៌មានឱ្យដឹងនោះទេ ព្រោះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

ដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤

Google Analytics Alternative