ជំនួបកំពូលអាហ្វ្រិក ស្តីពីមេរោគអេបូឡា

ប្រមុខ​ដឹកនាំ របស់ប្រទេស​ហ្គីណេ សៀរ៉ាឡេអូន និងលីបេរីយ៉ា ដែលកំពុង​ជួបរងគ្រោះ ដោយការ​រាតត្បាត របស់មេរោគ​អេបូឡា ត្រូវចូលរួម នៅក្នុង​ជំនួប​កំពូល ថ្នាក់តំបន់ ដែលនឹង​និយាយតែ ពីយុទ្ធសាស្រ្ត ដើម្បីប្រយុទ្ធ​ប្រឆាំងនឹង មេរោគ​អេបូឡា។ មេដឹកនាំ របស់​ប្រទេស​កូតឌីវ័រ ដែលមាន​ព្រំដែន​ជាប់ ជាមួយហ្គីណេ និង​លីបេរីយ៉ា និង​ប្រធាន​អង្គការ​សុខភាព​ពិភពលោក លោកស្រី​វេជ្ជបណ្ឌិត ម៉ាហ្គារីត ចាន់ ក៏ត្រូវ​ចូលរួម នៅក្នុង​កិច្ចប្រជុំ​កំពូល ស្តីពី​មេរោគ​អេបូឡា​នេះដែរ។

Dr Margaret Chan arrives at Conakry airportកាលពី​ថ្ងៃសុក្រនេះ ជំនួបកំពូល ថ្នាក់តំបន់ ដើម្បីនិយាយ ពីមេរោគ​រាតត្បាត អេបូឡា ត្រូវបាន​បើកធ្វើ ជាបន្ទាន់ នៅក្នុង​កូណាគ្រី របស់​សាធារណរដ្ឋ​ហ្គីណេ។ អង្គការ​សុខភាព​ពិភពលោក បានប្រកាស​ផ្តល់ ជំនួយ​១០០​លានដុល្លារ ដើម្បី​ប្រយុទ្ធប្រឆាំង មេរោគអេបូឡា ដែលពេលនេះ កំពុងរាតត្បាត សម្លាប់មនុស្សកាន់តែខ្លាំង នៅក្នុងបណ្តាប្រទេស អាហ្វ្រិកខាងលិច។

អង្គការសុខភាពពិភពលោក បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ ផ្តល់ជំនួយក្នុងទឹកប្រាក់១០០លាន ដុល្លារ ដើម្បីជួយគំាទ្រយុទ្ធនាការ របស់រដ្ឋាភិបាលលីបេរីយ៉ា និងសៀរ៉ាឡេអូន ដែលបានចាត់វិធានការតឹងរ៉ឹង ដើម្បីប្រយុទ្ធប្រឆាំងនឹង មេរោគអេបូឡា។ តាមលោកស្រីប្រធានអង្គការសុខភាពពិភពលោក តាមរយៈបង្កើនទឹកប្រាក់ជំនួយលើកនេះ គេអាចបញ្ជូនអ្នកជំនាញសុខភាពបន្ថែម ដើម្បីទៅធ្វើការ នៅទីតាំងដែលមាន ផ្ទុះឆ្លងមេរោគអេបូឡា។

អាជ្ញាធរបារាំង អាមេរិក និងអាល្លឺម៉ង់វិញបានអំពាវនាវប្រាប់ប្រជាជនរបស់ខ្លួនកុំឲ្យធ្វើ ដំណើរទៅប្រទេសចំនួនបី ដែលនៅទីនោះ មេរោគអេបូឡា បានសម្លាប់មនុស្ស៧២៩នាក់ ក្នុងករណីឆ្លង សរុប១២០០ (តួលេខរបស់អង្គការសុខភាពពិភពលោក ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ទី ៣១ កក្កដា)។ វេជ្ជបណ្ឌិត Tom Frieden ប្រធានមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជម្ងឺ របស់ប្រទេសអាមេរិកវិញបានប្រកាសដែរថា នឹងបញ្ជូន អ្នកជំនាញ អាមេរិក៥០នាក់ ទៅក្នុងតំបន់ដែលកំពុងរាតត្បាត ដោយមេរោគអេបូឡា។ តាមលោកTom Frieden គេត្រូវ ពេលពី៣ទៅ៦ខែ ដើម្បីលុបបំបាត់ មេរោគអេបូឡា។

សូមតាមដានព័ត៌មានលំអិតអំពី Ebola នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤

Google Analytics Alternative