ក្មេងស្រីម្នាក់ស្លាប់ និង៥នាក់ទៀត ពុលដំឡូងមី

ក្មេងស្រីម្នាក់បានស្លាប់ និងក្មេងស្រី ៥នាក់ទៀត មានអាការៈពុលធ្ងន់ និងស្រាល នៅក្នុងក្រុមគ្រួសារមួយ បន្ទាប់ពីបាន បរិភោគដំឡូងមី ឆឹងស្ករ។

គេហទំព័រ វិទ្យុអាសីុសេរី បានផ្សាយថា ក្មេងស្រីម្នាក់បានស្លាប់ និងក្មេងស្រី ៥នាក់ទៀត មានអាការៈពុលធ្ងន់ និងស្រាល នៅក្នុងក្រុមគ្រួសារមួយ បន្ទាប់ពីបានបរិភោគ ដំឡូងមីឆឹងស្ករ។ ហេតុការណ៍ពុលដំឡូងមីនេះ បានកើតឡើង កាលពីម៉ោងជាង ៥ល្ងាច ថ្ងៃទី១ ខែសីហា នៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

រូបភាពពី Internet

រូបភាពពី Internet

កុមារីអាយុ ៤ឆ្នាំម្នាក់ទៀត ដែលជាប្អូនស្រី របស់ក្មេងស្រីដែលស្លាប់ កំពុងមានសភាពធ្ងន់ធ្ងរ គួរឲ្យព្រួយបារម្ភ ហើយក្រុមគ្រួសារ បានបញ្ជូនទៅ មន្ទីរពេទ្យខេត្ត បន្តទៀត នៅល្ងាចថ្ងៃទី២ ខែសីហា។ ឪពុករបស់ ក្មេងស្រីរងគ្រោះ លោក ព្រឿង សៅឡេង ថ្លែងថា គាត់កំពុងបញ្ជូន កូនស្រីទី២ របស់គាត់ អាយុ ៤ឆ្នាំ ទៅមន្ទីរពេទ្យម្ដងទៀត ដោយសារមាន អាការៈក្ដៅខ្លួន និងដេកសន្លឹម បន្ទាប់ពីក្អួតចង្អោរ កាលពីថ្ងៃម្សិលមិញ ជាមួយគ្នានោះ។

ឪពុករបស់កុមារីរងគ្រោះ បានឲ្យដឹងថា ក្មេងស្រីទាំង ៦នាក់ ដែលរងគ្រោះនោះឈ្មោះ ឡៃ ច័ន្ទលីស អាយុ ៦ឆ្នាំ បានស្លាប់ ពេលបញ្ជូនដល់​មន្ទីរពេទ្យខេត្ត ឈ្មោះ ឡៃ ច័ន្ទលៀម អាយុ ៤ឆ្នាំ ឈ្មោះ នន ច័ន្ទលៀង អាយុ ៧ឆ្នាំ ឈ្មោះ នន ច័ន្ទលាភ អាយុ ៦ឆ្នាំ ឈ្មោះ នន ច័ន្ទលឺ អាយុ ៥ឆ្នាំ និងឈ្មោះ នន ច័ន្ទល័ក្ខ អាយុ ៤ឆ្នាំ ពួកគេរស់នៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

លោកគិតថា បញ្ហានេះអាចបណ្ដាល​ មកពីពុលដំឡូងមី ពីព្រោះម្ដាយមីងក្មេងស្រីរងគ្រោះ ដែលធ្វើការ នៅចម្ការដំឡូងមី​ របស់ក្រុមហ៊ុនចិន បានយកមើមដំឡូងមីដុំធំៗ ស្ទើរប៉ិនភ្លៅមកផ្ទះ ឆឹងស្ករចែកគ្នាហូប ទាំងចាស់ទាំងក្មេង តាំងពីព្រឹកថ្ងៃទី១ សីហា មក។ រហូតមកដល់ម៉ោង ប្រមាណជាង ៥ល្ងាចថ្ងៃដដែល ស្រាប់តែក្មេងស្រីៗ ដែលបានហូបដំឡូងមីឆឹងនោះ ចាប់ផ្ដើមមានអាការៈក្អួតចង្អោរយ៉ាងខ្លាំង។ ក្រោយពីក្មេងស្រីទាំងនេះក្អួតចង្អោរ ពួកគាត់បានដឹកទៅព្យាបាល នៅពេទ្យបង្អែកស្រុក ប៉ុន្តែក្មេងស្រី ២នាក់ ឈ្មោះ ឡៃ ច័ន្ទលីស អាយុ ៦ឆ្នាំ និងឈ្មោះ ឡៃ ច័ន្ទលៀម អាយុ ៤ឆ្នាំ ដែលជាកូនរបស់គាត់ មានសភាពធ្ងន់ធ្ងរ ក៏បញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត។ ប៉ុន្តែ កូនរបស់គាត់ឈ្មោះ ឡៃ ច័ន្ទលីស បានស្លាប់នៅម៉ោង ១រំលងអធ្រាត្រ ថ្ងៃទី២ ខែសីហា នៅមន្ទីរពេទ្យខេត្តនោះតែម្ដង។

ទាក់ទងទៅនឹងបញ្ហានេះ ប្រធានមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង លោក សូរិន ទីរ៉ាវុទ្ធី មានប្រសាសន៍ថា ក្រុមគ្រូពេទ្យនៅមិនទាន់ អាចសន្និដ្ឋាន ចំពោះករណីនេះ ថាបណ្ដាលមកពីពុលដំឡូងមីនេះទេ។ លោកស្នើឲ្យគ្រួសារកុមាររងគ្រោះ យកដំឡូងនេះមកឲ្យគ្រូពេទ្យ ដើម្បីបញ្ជូនឲ្យ ក្រុមបច្ចេកទេសនៃក្រសួងសុខាភិបាល ធ្វើពិសោធ៕

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

ដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤

Google Analytics Alternative