មនុស្ស៣នាក់ស្លាប់ និងខេត្ត១០ កំពុងរងគ្រោះ ដោយទឹកជំនន់

ជំនន់ទឹកភ្លៀង បានបណ្ដាលឲ្យប្រជាពលរដ្ឋចំនួន ៣នាក់ហើយ បានស្លាប់ នៅក្នុងរយៈពេល បីថ្ងៃកន្លងមកនេះ។ មានខេត្តចំនួន១០ នៅទូទាំងប្រទេសកម្ពុជា កំពុងទទួលរង នូវគ្រោះទឹកជំនន់ ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ ដោយសារតែទទួលរង នូវឥទ្ធិពល សម្ពាធទាប នៅប្រទេសឡាវ និងជ្រលងសម្ពាធទាប នៅកម្ពុជា។ ក្នុងចំណោមខេត្តទាំង១០ ខាងលើមានខេត្ត៣ ដែលកំពុងរង ការគំរាមកំហែង ពីជំនន់ទឹកទន្លេនេះដែរ។

Waterនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៤ លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជានាយកខុទ្ទកាល័យ ក្រសួងធនធានទឹក និងឧតុនិយម និយាយប្រាប់ អ្នកសារព័តមាន ថា ជំនន់ទឹកភ្លៀងលិច ផ្លូវជាតិលេខ៤ នៅចំណុចស្ទឹងសំរោង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានស្រក អស់ទៅវិញហើយ តែក្រុងរបស់ខេត្តស្ទឹងត្រែង កំពុងត្រូវជន់លិច ដោយទឹកទន្លេមេគង្គ។ ឯក្រុង របស់ខេត្តក្រចេះ ក៏ប្រឈមនឹងការលិចដែរ។ សូមបញ្ជាក់ថា ទឹកទន្លេមេគង្គ ខេត្តស្ទឹងត្រែង បានជន់ឡើងហួស ពីកម្រិតត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្ន រហូតដល់ជិតកន្លះម៉ែត្រ តែកម្រិតទឹកនេះ វាមិនខ្ពស់ដល់កម្រិតទឹក ដែលបានជន់លិច ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ១៩៩៧ ដែលមានកម្ពស់ដល់ ១១,៨៣ ម៉ែត្រនោះទេ។ ទឹកទន្លេមេគង្គ នៅខេត្តស្ទឹងត្រែង នៅបន្តជន់ឡើងពីរថ្ងៃទៀត។ ឯនៅខេត្តក្រចេះ និង ខេត្តកំពង់ចាម ទឹកនៅជន់ឡើង ពីបីទៅបួនថ្ងៃទៀត។ ចំណែកទឹកទន្លេមេគង្គ នៅភាគខាងលើ ក្នុងប្រទេសថៃ និងឡាវ បានស្រកវិញបន្តិចហើយ។

Water1ប្រភពដដែល បានឲ្យដឹងផង ដែរថា ទឹកទន្លេមេគង្គ ជន់លិចខេត្ត ស្ទឹងត្រែង ខ្លាំងនេះ ដោយសារជំនន់ ទន្លេស្រែពក ទន្លេសេសាន និងទន្លេសេកុង បន្ទាប់ពីនៅតំបន់ផ្ទៃ រងទឹកភ្លៀង នៃទន្លេទាំងនេះ មានភ្លៀងធ្លាក់ ដល់កម្រិត ២០០ មិល្លីម៉ែត្រ កាលពីថ្ងៃទី១ ខែសីហារួចមក។ ស្ថានភាព អាកាសធាតុ ជាទូទៅ នៅប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើន ជាបន្តបន្ទាប់មកទៀត ក្នុងរង្វង់មួយសប្តាហ៍នេះ។

លោក ចាន់ យុត្ថា បានឲ្យដឹងទៀតថា ព្យុះទី១២ ឈ្មោះណាគ្រី វាបានរំកិលផុត ទៅរកសមុទ្រ លឿង នៃប្រទេសចិន។ ចំណែកព្យុះទី១១ ឈ្មោះហៃឡុង ដែលបានកើតមាន មុនព្យុះទី១២នោះ ក៏រត់តាមគន្លងព្យុះទី១១ ដែរ តែវាបានក្លាយជា ព្យុះទីហ្វុងហើយ នៅថ្ងៃទី ២សីហា។ ព្យុះទាំងពីរនេះ វាមិនមានឥទ្ធិពល ដោយផ្ទាល់ ដល់ប្រទេសកម្ពុជាទេ។ ជំនន់ទន្លេមេគង្គ ដែលកំពុងគំរាមកំហែង ដល់ខេត្តជាប់ដងទន្លេនេះ ដោយសារឥទ្ធិពលសម្ពាធទាប នៅលើប្រទេសឡាវ និងជ្រលងសម្ពាធទាប នៅលើប្រទេសកម្ពុជា។ ឥទ្ធិពលសម្ពាធទាប នៅប្រទេសឡាវ និងជ្រលងសម្ពាធទាបនៅ កម្ពុជា បានធ្វើឲ្យខេត្តចំនួន១០ ទទួលរងនូវការលិចលង់។

Water5លោក ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បាននៅព្រលប់ ថ្ងៃទី០២សីហាថា ក្នុងរយៈពេលពីរ បីថ្ងៃ កន្លងមកនេះ ជំនន់ទឹកភ្លៀង បានបណ្ដាលឲ្យ ប្រជាពលរដ្ឋចំនួន ៣នាក់ហើយ បានស្លាប់។ លោកបានបន្ថែមថា ទឹកជំនន់ នៅខេត្តក្រចេះ គិតត្រឹមថ្ងៃទី០២សីហា បានសម្លាប់បុរសពីរនាក់ ម្នាក់អាយុ ៦៤ ឆ្នាំ នៅស្រុកសំបូរ និងបុរសម្នាក់ទៀត អាយុ៣៤ឆ្នាំ នៅស្រុកព្រែកប្រសព្វ។ ទឹកជំនន់ ក៏បានសម្លាប់មនុស្សម្នាក់ទៀតដែរ នៅស្រុកស្អាង ខេត្តកណ្តាល។

អំពីផលប៉ះពាល់ដំណាំ និងផ្លូវស្ពានវិញ ត្រូវបានលោក ញឹម វណ្ណដា ដែលកំពុងបំពេញ បេសកកម្ម​ ត្រួតពិនិត្យមើលទឹកជំនន់ នៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅខេត្តក្រចេះ គិតត្រឹមថ្ងៃទី២សីហា ទឹកជំនន់បានលិចពោត ៥០០ ហិកតា ស្រូវប្រហែល ៥០០ ហិកតា ផ្លូវនៅស្រុកព្រែកប្រសព្វ ប្រវែង ៥១៥០ ម៉ែត្រ ត្រូវលិច ផ្លូវលំ ៣២០០០ ម៉ែត្រ ត្រូវលិច និងទំបន់ទឹកចំនួន ៦៩៧០០ ម៉ែត្រ ហើយផ្ទះ ១៧៤០ ខ្នង ត្រូវប៉ះពាល់ តែមិនទាន់ដឹងថា ខូចខាតប៉ុន្មានៅឡើយទេ។ នៅខេត្តក្រចេះ មិនទាន់មានការជម្លៀសប្រជាជន ពីផ្ទះលិចទឹកទាំងនោះនៅឡើយទេ។

water 6ដោយឡែកស្ថានភាព ទឹកជំនន់ នៅខេត្តស្ទឹងត្រែង ក៏ត្រូវបានលោក ញឹម វណ្ណដា លើកឡើងថា កម្ពស់ទឹក បានឡើងហួសពី កម្រិតប្រកាសអាសន្ន ហើយទឹកទន្លេមេគង្គ បានជន់លិចខេត្តស្ទឹងត្រែង នៅថ្ងៃទី០២សីហា។ ប៉ុន្តែការខូចខាត និងរបាយការណ៍លិចលង់ នៅខេត្តស្ទឹងត្រែង នឹងត្រូវប្រជុំបូកសរុប នាព្រឹកថ្ងៃអាទិត្យទី០៣សីហា។ ចំពោះខេត្តកំពង់ចាម ប្រហែលជាថ្ងៃទី០៤ ឬថ្ងៃទី០៥សីហា កម្ពស់ទឹកទន្លេមេគង្គ នឹងឡើង ដល់កម្រិតប្រកាស អាសន្នផងដែរ។

បើតាមរបាយការណ៍ ជំហានដំបូង បង្ហាញឲ្យឃើញថា មានដំណាំស្រូវវស្សា ចំនួន ២.៤៩៣ ហិកតា និងដំណាំរួមផ្សំចំនួន ៦៥៨ ហិកតា កំពុងទទួលរងផលប៉ះពាល់ ពីជំនន់ទឹកភ្លៀង និងទឹកទន្លេហើយ។

គួររម្លឹកថា បើតាមរបាយការណ៍ របស់គណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីឆ្នាំ២០១៣ គ្រោះទឹកជំនន់ បានឆក់យកជីវិតប្រជាពលរដ្ឋ ជាង៨០នាក់ ប៉ះពាល់ប្រជាជន ៨សែននាក់ បំផ្លាញផលដំណាំផ្សេងៗជាង១២ម៉ឺនហិកតា ផ្ទះរាប់ម៉ឺនខ្នង ក្នុង១៣រាជធានី-ខេត្ត៕

សូមតាមដានពត័មានលំអិតផ្សេងទៀត នៅលើគេហទំព័រ www.HealthCambodia.com

ដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៤

Google Analytics Alternative