មេរោគ Ebola សម្លាប់មនុស្ស៧២៩ កំពុងបង្កក្តីបារម្ភ

អេបូឡា (Ebola) គឺជាជំងឺដែលបង្កដោយវីរុស កំពុងរាតត្បាតនៅតាមប្រទេស ក្នុងតំបន់អាហ្វ្រិក ខាងលិច។ មានមនុស្សស្លាប់ដល់ទៅ ៧២៩នាក់ហើយ នៅក្នុងប្រទេសហ្គីណេ លីបេរីយ៉ា និងសៀរ៉ាឡេអូន បើតាមការរាយការណ៏ របស់សហប្រជាជាតិ ។ នេះគឺ ជាការកំពុងបង្កក្តីបារម្ភ កាន់តែខ្លាំង ដល់អ្នកជំនាញ ខាងផ្នែកសុខាភិបាល នៅទូទាំងពិភពលោក។

តើអ្វីទៅជាមេរោគ Ebola និងឆ្លងតាមរបៀបណា?

រូបភាពពី Internet

រូបភាពពី Internet

មេរោគ Ebola គឺជាវីរុស ត្រូវបានគេរកឃើញដំបូង កាលពីឆ្នាំ១៩៧៦ នៅសាធារណរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ។ មេរោគនេះ មានប្រភពដើមចេញពី សត្វជ្រឹងមួយប្រភេទ នៅអាហ្វ្រិក បន្ទាប់មកវាឆ្លងទៅ សត្វផ្សេងៗទៀត រហូតឆ្លងទៅដល់មនុស្ស ហើយ រាលដាលកាន់តែខ្លាំង តាមរយៈការឆ្លងពីមនុស្ស ទៅមនុស្ស។ រហូតមកទល់នឹងពេលនេះ គេមិនទាន់រកឃើញវ៉ាក់សាំង ដើម្បីបង្ការមេរោគនេះ នៅឡើយទេ។

មេរោគ Ebola ឆ្លងពីមនុស្សទៅមនុស្ស តាមរយៈការប៉ះពាល់អ្នកជំងឺ ដោយផ្ទាល់ ឬប៉ះពាល់កំហាក ឈាម កម្អួតរបស់អ្នកជំងឺ ប៉ុន្តែ មិនមានការឆ្លងតាមខ្យល់ដង្ហើមទេ។ នេះជាចំណុចសំខាន់ ដែលក្រុមអ្នកជំនាញខាងមេរោគ Ebola កំពុងតែព្យាយាម ផ្សព្វផ្សាយ ជាពិសេស ដល់ប្រជាជន នៅក្នុងតំបន់អាហ្វ្រិកខាងលិច ដែលកំពុងប្រឈមមុខ នឹងការរាតត្បាត នៃមេរោគ Ebola ពីព្រោះ គេមើលឃើញថា ប្រជាជន នៅក្នុងប្រទេស អស់ទាំងនេះ កំពុងតែនាំគ្នាភ័យខ្លាចខ្លាំង ដោយពួកគេគិតថា មេរោគ Ebola អាចឆ្លងតាមខ្យល់ដង្ហើម ដោយគ្រាន់តែនៅក្បែរ ឬនៅក្នុងបន្ទប់ ឬអគារជាមួយអ្នកជំងឺ។ ការភ័យខ្លាចជ្រុលហួសហេតុបែបនេះ ជាហេតុផលចម្បងមួយ ដែលធ្វើឲ្យគេពិបាកទប់ស្កាត់ ការរីករាលដាល នៃមេរោគ Ebola ពីព្រោះថា អ្នកខ្លះដែលបានឆ្លងមេរោគ Ebola ដោយមានរោគសញ្ញា ជាអាការៈគ្រុនក្តៅ រាគ ឬក្អួត ក៏ប៉ុន្តែ ចេះតែអល់អែកមិនហ៊ានទៅមន្ទីរពេទ្យ ក៏មិនដឹងខ្លួនថាមានជំងឺ Ebola មិនបានទទួលការព្យាបាល និងមិនអាចបង្ការ ការឆ្លងរាលដាលទៅអ្នកដទៃទៀត។

វីរុស Ebola កំពុងរាតត្បាតនៅតាមប្រទេសក្នុងតំបន់អាហ្វ្រិកខាងលិច

រូបភាពពី Internet

រូបភាពពី Internet

ការរាតត្បាតនៃវីរុស Ebola នៅក្នុងពេលបច្ចុប្បន្ននេះ មានសភាពធ្ងន់ធ្ងរបំផុត ដែលគេ​មិនធ្លាប់​ឃើញពីមុន ដែលរាលដាលដំបូង កាលពី១៩៧៦ ហើយថា​វាអាចនឹង​មានសភាពកាន់តែ​ធ្ងន់ធ្ងរជាងនេះទៅទៀត រហូតគ្រប់គ្រងលែងបាន។ បណ្តាប្រទេស នៅអឺរ៉ុប អាមេរិក និងអាស៊ី ក៏កំពុងតែបង្កើន ការប្រុងប្រយ័ត្នខ្ពស់ផងដែរ ដើម្បីត្រៀម​ទប់ទល់នឹង មេរោគដ៏កាចសាហាវនេះ។ រដ្ឋាភិបាលលីបេរីយ៉ា ដែលជាប្រទេសកំពុងរង​គ្រោះខ្លាំង ដោយមេរោគ Ebola បានសម្រេច កាលពីថ្ងៃពុធ បិទទ្វារសាលារៀន​នៅទូទាំងប្រទេស ហើយមន្រ្តីរដ្ឋការដែលមិនចាំបាច់មួយចំនួន ត្រូវបានដាក់ឲ្យឈប់​សម្រាក រយៈពេល ៣០ថ្ងៃ។

នៅសៀរ៉ាឡេអូនវិញ លោកប្រធានាធិបតី Ernest Bai Koroma បានប្រកាស កាលពីថ្ងៃ​ព្រហស្បតិ៍នេះ ដាក់ប្រទេស​​ឲ្យស្ថិតក្នុងភាពអាសន្ន ដោយសារតែ ការរាតត្បាត នៃមេរោគ Ebola។ ហើយលោក​បានសម្រេចលុបចោល ដំណើរទៅចូលរួមក្នុងជំនួបកំពូល  រវាងមេដឹកនាំ​អាហ្វ្រិក និងលោកអូបាម៉ា ដែលនឹងត្រូវបើកធ្វើ នៅរដ្ឋធានីវ៉ាស៊ីងតោន នៅសប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា មេរោគ Ebola ចាប់ផ្តើមរាលដាលដំបូង កាលពីខែមីនា ២០១៤ ចេញពី ប្រទេសហ្គីណេ (អាហ្វ្រិកខាងលិច) ហើយបន្ទាប់មក ក៏បានរាលដាលបន្តិចម្តងៗ ទៅកាន់ប្រទេសដែលនៅជិតខាង។ គិតមកត្រឹមពេលនេះ មានប្រទេសចំនួន ៣ ដែលកំពុងទទួលរង ការរាតត្បាត នៃមេរោគ Ebola មានមនុស្សស្លាប់ដល់ទៅ ៧២៩នាក់ហើយ គឺមានហ្គីណេ លីបេរីយ៉ា និងសៀរ៉ាឡេអូន។ នៅនីហ្សេរីយ៉ាក៏គេរកឃើញមាន ករណីឆ្លងមេរោគ Ebola នេះមួយដែរ ក៏ប៉ុន្តែ គេមិនឃើញមានករណីឆ្លងរាលដាល ទៅមនុស្សផ្សេងទៀតទេ។

អត្រាស្លាប់ខ្ពស់រហូតដល់ទៅ ៩០% ក្នុងចំណោមអ្នកឆ្លងមេរោគ Ebola

រូបភាពពី Internet

រូបភាពពី Internet

យោងតាម​អង្គការ​សុខភាព​ពិភពលោក គិតមកទល់​នឹងថ្ងៃទី៣១​កក្កដានេះ គេរកឃើញ មានមនុស្ស ១ ៣២៣នាក់ ដែលបានឆ្លងមេរោគ Ebola ហើយក្នុងនោះ មាន ៧២៩នាក់ ត្រូវស្លាប់ ពោលគឺ អត្រានៃ​ការឆ្លង​ហើយស្លាប់​ដោយមេរោគ Ebola នេះ មានរហូតដល់​ទៅជាង ៥០%។ ក៏ប៉ុន្តែ បើតាមអង្គការ​គ្រូពេទ្យគ្មានព្រំដែន មេរោគ Ebola ដែលកំពុងរាតត្បាត​នៅអាហ្វ្រិកខាងលិចនៅពេលនេះ អាចមានអត្រា​នៃការស្លាប់រហូតដល់ទៅ ៩០% ឯណោះ ពោលគឺ វាជាមេរោគ​ដ៏កាចសាហាវបំផុត​នៅលើពិភពលោក។

យោងតាមអ្នកជំនាញខាងមេរោគ Ebola អត្រានៃការស្លាប់​ដោយមេរោគនេះ​អាចត្រូវកាត់បន្ថយបានច្រើន ប្រសិនបើអ្នកជំងឺប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យ ដើម្បីស្វែងរក​ការព្យាបាលឲ្យបានឆាប់។ ក៏ប៉ុន្តែ បញ្ហាចោទ គឺនៅត្រង់ថា រោគសញ្ញានៃជំងឺ Ebola នេះ ពិបាកនឹងកំណត់ច្បាស់លាស់។ បើតាមអង្គការសុខភាពពិភពលោក អ្នកកើតជំងឺ Ebola អាចមានរោគសញ្ញាស្រដៀងទៅនឹងជំងឺជាច្រើនផ្សេងទៀត ដូចជា មានការគ្រុនក្តៅ​ដូចគ្រុនចាញ់ ឬគ្រុនពោះវៀន ឬមានការរាគក្អួត ដូចជំងឺរាគរូស ជាដើម ដែលអាចនាំឲ្យ​អ្នកជំងឺមិនដឹងថាខ្លួនឆ្លងមេរោគ Ebola ហើយមិនរូតរះទៅមន្ទីរពេទ្យ។

Ebola កំពុងបង្កក្តីបារម្ភដល់ទូទាំងពិភពលោក

បើយោងតាមអ្នកជំនាញខាងសុខាភិបាល មេរោគ Ebola ដែលកំពុងរាតត្បាតនៅអាហ្វ្រិកខាងលិច នៅពេលនេះ អាចនឹងឆ្លង​ទៅដល់តំបន់​ផ្សេងៗទៀត ទាំងនៅអឺរ៉ុប អាមេរិក និងអាស៊ី ជាពិសេស ឆ្លងតាមរយៈអ្នកធ្វើដំណើរតាមយន្តហោះ។ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ​ក៏កំពុងតែពិភាក្សាជាមួយអ្នក ជំនាញខាងមេរោគ Ebola នេះដែរ ដើម្បីសិក្សាអំពីវិធានការដែលគេអាចអនុវត្ត ចំពោះក្រុមហ៊ុនអាកាសចរណ៍ ឬនៅតាមព្រលានយន្តហោះអន្តរជាតិ ដើម្បីបង្ការការរីករាលដាល​នៃមេរោគ Ebola។

ហេតុដូច្នេះហើយបានជាប្រទេសជាច្រើនទាំងនៅអឺរ៉ុប អាមេរិក និងអាស៊ី កំពុងតែចាប់ផ្តើមដាក់វិធានការតាមដានមើលអ្នកដំណើរ​ពីតំបន់អាហ្វ្រិក ខាងលិច ដែលមានរោគសញ្ញាប្រហាក់ប្រហែលនឹងរោគសញ្ញា Ebola ដើម្បីស្ទាក់ចាប់ករណី Ebola ដំបូងឲ្យបានទាន់ពេល ដើម្បីបង្កាកុំឲ្យឆ្លង​រាលដាល​នៅក្នុងប្រទេសរបស់គេ៕

សូមតាមដានព័ត៌មានលំអិតអំពី Ebola នៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤

Google Analytics Alternative