សារៈសំខាន់នៃ​​​ការចាក់ថ្នាំបង្ការ​​​ទប់ស្កាត់ជំងឺ​​​៥មុខរួមគ្នា សម្រាប់កុមារ

លោកសាស្ត្រាចារ្យ គឹម អាង ជាអនុប្រធាន​​​សមាគម គ្រូពេទ្យកុមារកម្ពុជា​​​អណត្តិទី៥ និងជាសាស្ត្រាចារ្យ មហាបរិញ្ញា​​​ផ្នែកជំងឺកុមារ នៃសាកលវិទ្យាល័យ​​​វិទ្យាសាស្ត្រ​​​សុខាភិបាលបាន ផ្តល់អនុសាសន៍​​​ស្តីពីសារៈសំខាន់ នៃការចាក់ថ្នាំ​​​បង្ការជំងឺ៥មុខ ដែលអាចប៉ះពាល់​​​ដល់អាយុជីវិត និងពិការភាព​​​របស់កុមារ ក្នុងឱកាសទិវា​​​វេជ្ជសាស្ត្រ រោគកុមារលើកទី១៦ នៃសមាគម​​​គ្រូពេទ្យកុមារកម្ពុជា ដែលប្រព្រឹត្តិទៅនៅថ្ងៃទី៧ ខែធ្នូឆ្នាំ២០១៣ នៅសណ្ឋាគារភ្នំពេញ។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

តើថ្នាំបង្ការ៥​​​មុខបញ្ចូលគ្នា របស់ក្រុមហ៊ុន​​​សាណូហ្វី​​​ការពារជំងឺអ្វីខ្លះ?

ថ្នាំបង្ការ៥មុខបញ្ចូល​​​គ្នារបស់ក្រុមហ៊ុន​​​សាណូហ្វីការពារ​​​ជំងឺខាន់ស្លាក់ តេតាណូស ក្អកមាន់ គ្រុនស្វិតដៃជើង និងជំងឺរលាកស្រោមខួរ ដែលបង្ករ​​​ឡើងដោយ មេរោគអេម៉ូហ្វីលីស​​​អ៊ីនភ្លូអ៊ិនហ្សា ប្រភេទបេ។

លក្ខណៈពិសេស​​​របស់ថ្នាំបង្ការនេះ គឺចាក់តាម​​​សាច់ដុំមួយម្ជុល មានថ្នាំបង្ការ​​​ទាំងប្រាំ មុខនេះតែម្តង។

តើថ្នាំបង្ការ៥មុខ រួមបញ្ចូលគ្នានេះ មានផលប្រយោជន៍អ្វីខ្លះ?

ការផលិតថ្នាំបង្ការរួមបញ្ចូលគ្នានេះ គឺទទួលបាននូវចំណាប់អារម្មណ៍ ផ្នែកសុខភាពសាធារណៈ និងជាអាទិទេពមួយព្រមទាំង ជួយទំនុកបំរុងដោយអង្គការ សុខភាពពិភពលោក។ ការបញ្ចូលថ្នាំ បង្ការរួមគ្នាអាចកាត់បន្ថយការ ចំណាយលើដំណើរការចែកចាយ បង្កើនអត្រាគ្របដណ្តប់នៃការ ចាក់ថ្នាំបង្ការដល់កុមារ។ ផលប្រយោជន៍ផ្សេងទៀត រួមមានការកាត់បន្ថយចំនួននៃការចាក់ និង កាត់បន្ថយចំនួននៃ ការឈឺចាប់ត្រង់កន្លែងចាក់។ ដូចនេះកុមារក៏ដូចជាមាតាបិតា សប្បាយចិត្តក្នុង ការទទួលយកថ្នាំបង្ការនេះ។

តើថ្នាំបង្ការនេះមានសុវត្ថិភាពយ៉ាងដូចម្តេចដែរ?

ក្តីកង្វល់ពីប្រសិទ្ធភាពនិងប្រតិកម្ម របស់ថ្នាំបង្ការជំងឺក្អកមាន់ ដែលផលិតពីមេរោគទាំងមូលបាន ឈានដល់ការផលិតឡើង នូវថ្នាំបង្ការដែលត្រូវបាន គេបន្សុទ្ធយ៉ាងហ្មត់ចត់ ពីបំណែកមួយនៃ មេរោគ។

ថ្នាំបង្ការដែលគេបន្សុទ្ធចុងក្រោយនេះ គឺមានសុវត្ថិភាពជាង ថ្នាំបង្ការមុនៗទាំងការចាក់ បឋម និងការចាក់រំលឹក ដែលអាចកាត់បន្ថយបានយ៉ាងច្រើន ពីប្រតិកម្មរំខានរបស់ថ្នាំបង្ការដែល ផលិតពីមេរោគទាំងមូល។ ដូចជានៅប្រទេសកាណាដា ឃើញមានការថយចុះ ផលរំខានគ្រុនក្តៅ រហូតដល់៧៩% បើប្រៀបធៀបជាមួយថ្នាំបង្ការមុនៗ។

ការសិក្សាគ្លីនិកចំនួន១៤ ត្រូវបានសិក្សានៅប្រទេសចំនួន៩ ដើម្បីវាយតម្លៃប្រសិទ្ធភាពនៃការ បង្កើតប្រព័ន្ធការពារ និងប្រតិកម្មរំខាន របស់ថ្នាំបង្ការនេះ។ លទ្ធផលជារួមគឺថ្នាំបង្ការនេះមាន សុវត្ថិភាពល្អ។

ការឡើងក្រហមនិងរឹងនៅត្រង់កន្លែងចាក់ ក៏ដូចជាផលរំខាន ផ្សេងទៀតមានកម្រិត ទាប។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

តើត្រូវធ្វើ​​​ដូចម្តេច​​​ក្នុងករណី កុមារមាន​​​ផលរំខាន ពីការចាក់ថ្នាំ​​​បង្ការដូចជា ឈឺចាប់ឬ​​​គ្រុនក្តៅ?

ជាទូទៅផល​​​រំខាននេះ មានលក្ខណៈ​​​ស្រាល ហើយមាន​​​រយៈពេលពី ១ទៅ២ថ្ងៃ​​​ប៉ុណ្ណោះ។ ត្រូវប្រើ កុំប្រេស ឬក្រណាត់​​​សើមហើយត្រជាក់គ្រប ពីលើកន្លែងដែលចាក់ដើម្បី កាត់បន្ថយភាពឈឺចាប់។ ក្នុងករណីមានគ្រុនក្តៅ (កំដៅរបស់កុមារលើសពី៣៨អង្សាសេ) ត្រូវឲ្យកុមារផឹកឬលេបថ្នាំបន្ថយ កំដៅប្រភេទប៉ារ៉ាសេតាម៉ុល ឬអ៊ីប៊ុយប្រូហ្វែន ទៅតាមកម្រិតថ្នាំដែលគ្រូពេទ្យបានណែនាំ។

តើគ្រូពេទ្យត្រូវចាក់ថ្នាំបង្ការនេះ ដល់កុមារតាមកាលវិភាគយ៉ាងដូចម្តេច?

ការចាក់បឋមគឺ៣ដង ក្នុងអំឡុងកុមារអាយុ១ឆ្នាំដំបូង និងចាក់រំលឹក ១ដងទៀតក្នុងអំឡុងកុមារ អាយុ២ឆ្នាំ។

កាលវិភាគនៃការចាក់ អាចអនុវត្តតាមកាលវិភាគផ្សេងៗគ្នាគឺៈ

១. នៅពេលកុមារអាយុ៦សប្តាហ៍-១០សប្តាហ៍-១៤សប្តាហ៍ ឬ

២. នៅអាយុ២ខែ-៣ខែ-៤ខែឬ

៣. នៅអាយុ២ខែ-៤ខែ-៦ខែ។

ការអនុវត្តតាមកាលវិភាគមួយណាក៏ដោយ ត្រូវមានចាក់រំលឹកនៅចន្លោះ ខែទី១៥ ទៅខែទី១៨។

ប្រទេសជាច្រើននៅក្នុងតំបន់ ក៏ដូចជានៅលើសកលលោក បានបញ្ចូលទៅក្នុងកម្មវិធីពង្រីកការ ចាក់ថ្នាំបង្ការនូវការចាក់រំលឹក ថ្នាំបង្ការជំងឺខាន់ស្លាក់ តេតាណូស ក្អកមាន់ និងគ្រុនស្វិតដៃជើង នៅអាយុ១៨ខែ និងអាយុមុនចូលសាលា (៦ឆ្នាំ) ដើម្បីធានានូវនិរន្តភាព នៃប្រព័ន្ធការពារ ទប់ទល់នឹងជំងឺដ៏កាចសាហាវទំាងនេះ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative