រដ្ឋាភិបាល​​​សហរដ្ឋអាម៉េរិក សម្ពោធគំរោង “វាយតំលៃ និងវិធីសាស្រ្តថ្មី ស្តីពីការប្រឆាំង​​​មេរោគអេដស៍” នៅកម្ពុជា

នៅសណ្ឋាគារ កាំបូឌីយ៉ាណា តំណាងរដ្ឋាភិបាល សហរដ្ឋអាម៉េរិក និងរាជរដ្ឋា​​​ភិបាលកម្ពុជា បានបើក សម្ពោធគំរោង ដែលមានឈ្មោះថា “គំរោងវាយតំលៃ និងវិធីសាស្រ្តថ្មី ស្តីពីការប្រឆាំង មេរោគអេដស៍”។

រូបភាព ទស្សនាវដ្តី សុខភាពយើង

រូបភាព ទស្សនាវដ្តី សុខភាពយើង

ថ្លែងក្នុង​​​ឱកាសនោះ លោក ម៉ែន ឈានរិទ្ធី នាយកគម្រោង យុទ្ធសាស្ត្រថ្មីៗ និងវាយតម្លៃ គម្រោង​​​ប្រយុទ្ធនឹង ជំងឺ អេដស៍ បានមានប្រសាសន៍ថា ទីភ្នាក់ងារ សហរដ្ឋអាម៉េរិក ដើម្បីអភិវឌ្ឍអន្តរជាតិ (USAID) បានផ្តល់កិច្ចសន្យា ក្នុងទឹកប្រាក់ចំនួន ៦,៣លានដុល្លារ អាម៉េរិក សម្រាប់រយៈពេលបួនឆ្នាំកន្លះ ដល់អង្គការ URC ដើម្បីគាំទ្រដល់ការ វាយតម្លៃ និងការស្រាវជ្រាវទៅលើសកម្មភាព និងគម្រោងមេរោគអេដស៍/ជំងឺអេដស៍នានា នៅក្នុងប្រទេសកម្ពុជា ដែលបានទទួល ជំនួយពីរដ្ឋាភិបាលសហរដ្ឋអាម៉េរិក។

លោកបានបន្ថែមថា គោលបំណងសំខាន់ៗ បីនៃគម្រោងនេះ គឺទី១. ដើម្បីស្វែងរកចំណុច ខ្វះខាតផ្នែកចំណេះដឹង សំខាន់ៗរួមទាំងធ្វើការសិក្សាស្រាវជ្រាវ និងវាយតម្លៃទៅលើយុទ្ធសាស្រ្តថ្មី និងអន្តរាគមន៍ផ្សេងៗក្នុងការឆ្លើយតប ទៅនឹងការរីករាលដាល នៃមេរោគអេដស៍/ជំងឺអេដស៍ ដែលបាននិងកំពុងអនុវត្តដោយគម្រោង Flagship, គម្រោង PEPFAR/Cambodia, គម្រោងមូលនិធិសកល និងគម្រោងរបស់ដៃគូអនុវត្តផ្សេងទៀត។ ទី២. បង្កើតទិន្នន័យ និងផ្សព្វផ្សាយលទ្ធផលដែលទទួលបានពីការស្រាវជ្រាវ និងវាយតម្លៃសម្រាប់ផ្តល់ជាអនុសាសន៍ដល់កម្មវិធី ដែលធ្វើឲ្យកាន់តែប្រសើរឡើងក្នុងការផ្តល់សេវាសុខភាព ថែទាំដល់ក្រុមប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ និងអ្នករស់នៅជាមួយមេរោគអេដស៍នៅក្នុងប្រទេសកម្ពុជា និងទី៣. ពង្រឹងសមត្ថភាព ក្នុងការធ្វើការស្រាវជ្រាវ របស់ស្ថាប័នក្នុងស្រុក ដើម្បីដឹកនាំ និងអនុវត្តការស្រាវជ្រាវ និងការវាយតម្លៃគម្រោង សកម្មភាពផ្នែកមេរោគ អេដស៍/ជំងឺអេដស៍។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍ថា នៅចុងឆ្នាំ២០១០ កម្ពុជាបានទទួលពានរង្វាន់ ក្នុងការសម្រេចបានគោលដៅអភិវឌ្ឍសហស្សវត្សរ៍ទី៦ ជាពិសេស លើការកាត់បន្ថយការឆ្លងមេរោគអេដស៍ ឲ្យ នៅទាប និងការព្យាបាលជាសាកលជំងឺអេដស៍ ដោយ មានការដឹកនាំ ការប្តេជ្ញាចិត្ត និងការរីកចម្រើនគួរឲ្យកត់ សំគាល់ ក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍។

លោករដ្ឋមន្ត្រីបានបន្ថែមថា «ជាលទ្ធផលជាក់ស្តែង ក្រោមការប្តេជ្ញាចិត្តការគាំទ្រយ៉ាងពេញទំហឹង របស់ រាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមយ៉ាងសកម្មពីដៃគូអភិវឌ្ឍន៍ ស្ថាប័ន អង្គការសហប្រជាជាតិ អង្គការសង្គម ស៊ីវិល និងផ្នែកឯកជន កម្ពុជាបានសម្រេចនូវការកាត់បន្ថយអត្រាប្រេវ៉ាឡង់ នៃការឆ្លងមេរោគអេដស៍ពី ២ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ អាយុពី ១៥ ដល់៤៩ឆ្នាំ នៅឆ្នាំ១៩៩៨ មកនៅត្រឹម ០,៧ភាគរយ នាឆ្នាំ២០១០»។

លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានវាយតម្លៃខ្ពស់ចំពោះអង្គការ URC ដែលបាន និងកំពុងខិតខំប្រឹងប្រែង និងចូល រួមសហការជាមួយក្រសួងសុខាភិបាល ធ្វើឲ្យសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា បានកាន់តែល្អប្រសើរ ជាលំដាប់ ហើយក្រសួងសុខាភិបាលគាំទ្រដល់ការអនុវត្តគម្រោងថ្មីនេះ។

កម្មវិធីសម្ពោធគំរោង “វាយតំលៃ និងវិធីសាស្រ្តថ្មី ស្តីពីការប្រឆាំងមេរោគអេដស៍” នៅកម្ពុជានេះ មានការអញ្ជើញ ចូលរួមពី លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល, លោក លី គីមឡុង អគ្គនាយករដ្ឋរងនៃ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោក មាន ឈីវុន ប្រធានមជ្ឈមណ្ឌលជាតិ ប្រយុទ្ធ នឹងជំងឺអេដស៍ សើស្បែក និងកាមរោគ,លោកស្រី Monique Mosolf នាយកការិយាល័យសុខភាព សាធារណៈ និងអប់រំនៃភ្នាក់ងារសហរដ្ឋអាម៉េរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ, លោក ម៉ែន ឈានរិទ្ធី នាយកគម្រោង យុទ្ធសាស្ត្រថ្មីៗ និងវាយតម្លៃគម្រោងប្រយុទ្ធនឹងជំងឺអេដស៍ និងភ្ញៀវជាតិ និងអន្តរជាតិ មកពីបណ្តាអង្គការជាច្រើន រូបទៀត កម្មវិធីនេះប្រារព្ធនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ វេលាម៉ោង៨ និង ៤៥នាទីព្រឹក។

អត្ថបទ រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative