ថ្ងៃបុណ្យ​សង្សារ ឆក់យក​​​​ព្រហ្មចារីយ៍​​​​យុវតីខ្មែរ?

ទិវានៃ “ក្តីស្រឡាញ់” ឬដែលហៅថា​​​ថ្ងៃវ៉ាឡិនថាញ (Valentine) គឺជាថ្ងៃរំលឹក​ដល់ការ​ស្លាប់របស់​បុព្វជិត​សាសនាគ្រឹស្ដ​ជនជាតិរ៉ូម៉ាំង ដែលត្រូវ​បានគេ​កាត់ទោសប្រហារជីវិត ដោយសារបុព្វហេតុ ការពារ​ទំនាក់ទំនង​ស្នេហា។ ថ្ងៃវ៉ាឡិនថាន ត្រូវបានយុវជន ឬប្រជាពលរដ្ឋខ្មែរ​មួយចំនួន ហៅថា​ថ្ងៃបុណ្យសង្សារ ហើយបាន​ចាត់ទុកជា​ថ្ងៃរំលឹក ឬក៏បង្ហាញ​ការស្រឡាញ់ និងសេចក្ដីស្នេហា​ចំពោះនរណាម្នាក់។ វប្បធម៌នេះ បានសាបព្រោះ​មកលើ​យុវជនខ្មែរ ប្រមាណជាជិត១ទសវត្ស​ចុងក្រោយនេះ។ នៅថ្ងៃទី១៤ ខែកុម្ភៈ យុវជន​នាំគ្នាទិញផ្កា ឬរៀបចំ​វត្ថុអនុស្សាវរីយ៍ ដើម្បីជូនដល់​គូសង្សារ​នៅថ្ងៃនោះផងដែរ។ ពេលជនម្នាក់ហុចផ្កា ឬអំណោយ​ឱ្យដល់អ្នក តើអ្នកត្រូវធ្វើ​សំណងដែរទេ? ហើយតើសំណង​នេះជាអ្វីទៅ?

រូបភាពទស្សនាវដ្តីសុខភាពយើង

ថ្ងៃបុណ្យ​សង្សារ ឬថ្ងៃនៃសេចក្ដី​ស្រឡាញ់

Valentine’s Day អានជាភាសាអង់គ្លេស​ថាថ្ងៃវ៉ាឡិនថាន ជាភាសាបារាំង​ថាថ្ងៃវ៉ាឡង់តាំង ហើយដែលត្រូវបាន​​​ប្រជាពលរដ្ឋ​មួយចំនួន ជាពិសេសយុវវ័យខ្មែរ​ខ្លះនិយម ហៅថា​ថ្ងៃបុណ្យសង្សារ។ សូម្បីតែការ​ដាក់ឈ្មោះថ្ងៃនេះ នៅមានការ​ចម្រូងចម្រាស់គ្នា​នៅឡើយដែរ អ្នកខ្លះទៀត សូមឱ្យហៅថាថ្ងៃ ឬទិវានៃ​សេចក្ដីស្រឡាញ់ ឬថ្ងៃបុណ្យ​នៃសេចក្ដី​​​ស្រឡាញ់។ ពាក្យដែល​ចម្រូងចម្រាស់​​​គឺថ្ងៃ​​​ឬថ្ងៃបុណ្យ? សេចក្ដីស្រឡាញ់ ឬស្នេហា?

តើថ្ងៃវ៉ាឡិនថាន ឬថ្ងៃបុណ្យសង្សារ​មានប្រវត្ដិ​ដូចម្ដេច ?

មានរឿងរ៉ាវ​ជាច្រើនដែល​បាននិទាន​ទាក់ទង​នឹងថ្ងៃរំលឹកខួប​វ៉ាឡិនថាននេះ។ ប៉ុន្ដែយើង​សូមលើក​យករឿងរ៉ាវមួយដែល​កើតទ្បើងនៅទី ក្រុងរ៉ូម ប្រទេសអ៊ីតាលី។ តាំងពីយូរយារ​មកហើយ នៅក្នុងរជ្ជកាល​គ្រប់គ្រង​ដោយស្ដេចក្លូឌីយឹស(Claudius) ប្រទេសពោរពេញ​ដោយការបង្ហូរឈាម។ ស្ដេចក្លូឌីយឹស ចង់បង្កើនកម្លាំងទ័ព​ដើម្បីធ្វើចម្បាំង ហើយក៏បាន​ធ្វើការអំពាវនាវ​ឱ្យយុវជនស្ម្រ័គ​ចិត្ដធ្វើជាកងទ័ព។ ប៉ុន្ដែការ​អំពាវនាវនេះមិន ទទួលបាន​ជោគជ័យទេ។ ក្លូឌីយឹស​ខ្ញាល់យ៉ាងខ្លាំង ហើយក៏ចេញ​បម្រាមមិនឱ្យ​មានការរៀប​អាពាហ៍ពិពាហ៍ទ្បើយ។ ព្រោះព្រះអង្គ​យល់ថា ដោយសារ មូលហេតុស្នេហា ទើបធ្វើឱ្យយុវជន​ទាំងនោះពុំព្រម​ចាកចេញពីប្រពន្ធ និងក្រុមគ្រួសារ​របស់គេ។ គ្រានោះ​បុព្វជិតវ៉ាឡិនថាន បានរៀបចំ​ពីធីមង្គលការ ឱ្យដល់យុវជន និងយុវនារី​ដោយស្ងាត់​កំបាំងអស់​ជាច្រើនគូ។ ដំណឹងនេះ បានលេចលឺ​ដល់ក្លូឌីយឹស។ ក្លូឌឺយឹសក៏បញ្ជា​ឱ្យចាប់ខ្លួន​បុព្វជិតវ៉ាឡិនថាន យកទៅកាត់ទោស​ប្រហារជិវីត ដោយកាត់ក្បាល។ បុព្វជិតវ៉ាឡិនថាយ ត្រូបានកាត់ទោស​ប្រហារជិវីត​នៅថ្ងៃទី ១៤ កុម្ភះ គ្រឹះស្តសករាជ២៦៩។ ក្នុងឆ្នាំ២៦៩ សម្តេចសង្ឈ​ជីឡេសឹស(Pope Gelasius) បានរៀបចំឲ្យ​មានពិធី​រំលឹកថ្ងៃស្លាប់នេះ ដើម្បីផ្តល់កិត្តិយស​ដល់បុព្វជិត​​​​វាឡិនថាន។ ចាប់តាំង​ពីពេលនោះមក​​​ថ្ងៃរំលឹកនេះ​បានក្លាយជាថ្ងៃ​ដែលមានប្រជាប្រិយភាព​យ៉ាងខ្លាំងនៅ​ប៉ែកមស្ចឹមប្រ​​ទេស។ កំនាព្យ ពាក្យពេចន៏ស្នេហា បាច់ផ្កា និងអំណោយផ្សេងៗ ត្រូវបានគូរស្នេហ៏នីមួយៗ​រៀបចំឲ្យគ្នា​ទៅវិញ​​​ទៅមក​​​​​​​​​ដើម្បីបញ្ចក់ពី​ភក្តីភាព​​​ចំពោះ​ស្នេហា។

អំពីអត្ថន័យ​ថ្ងៃវ៉ាលីនថាន ឬថ្ងៃបុណ្យសង្សា​ចំពោះ​យុវវ័យខ្មែរ

នៅពេលជួប​សាកសួរ​ជាមួយក្រុម​យុវវ័យមួយក្រុម ទើបយើងដឹងថា ក្នុងចំណោមពួកគេ​ភាគច្រើនមិន​បានដឹងពី​​​ប្រវត្តិ ឬអត្ថន័យ​យ៉ាងណានោះទេ គ្រាន់តែឃើញគេធ្វើ ក៏ធ្វើតាមទៅ។ យុវវ័យខ្លះ​​​គ្រាន់តែដឹងថា​​​​នេះជាថ្ងៃ​បុណ្យសង្សារ។ អ្នកដែលមានសង្សារ​ត្រូវតែជូនកាដូ ឬផ្កាឲ្យគ្នាដើម្បី​បញ្ចក់ពីការ​ស្រឡាញ់។ យុវជនខ្លះទៀត​យល់ថានេះជា​ឱកាសល្អ​ដែលគេអាច​​​​សារភាពស្នេហ៏ ដោយគ្រាន់តែ​​​ទិញកាដូ ឬផ្កាមួយបាច់​ជូនចំពោះនារី​ដែលគេស្រឡាញ់។ បើនាងព្រមទទួលនោះ គឺមានន័យថា​នាងព្រមទទួល​យករូបគេហើយ។ ដូច្នេះហើយ ទើបយើងឃើញមាន​ការដាក់លក់ផ្កា​ជាហូរហែរ​​​តាម​​​​​​ដងផ្លូវ​​​នៅថ្ងៃ​ទី១៣និង១៤ កុម្ភះ។​ មិនត្រឹមតែ​នៅប្រទេសកម្ពុជា​នោះទេ នៅបណ្តាប្រទេសជិតខាង​ក៏ទទួលយកឲឥទ្ធពល​​​នេះផងដែរ។ តាមការអះអាង​ទេសចរមួយចំនួន ដែលបានធ្វើដំណើរកំសាន្ត​​​នៅប្រទេស​​​ថៃកាលពី​ឆ្នាំកន្លងទៅ បានឲ្យដឹងថា​សឹងតែគ្រប់​សណ្ឋាគារ​ទាំងអស់​នៅក្នុងប្រទេស ត្រូវបាន​គូរស្នេហ៏​កក់បន្ទប់​ស្ទើរតែ​ពេញអស់ ហើយមានហូរហៀរដល់​​​​តាមផ្ទះសំណាក់​ទៀតផង។ តាមរយៈព័ត៌មាន​​​នេះអាចបញ្ចក់បានថា ការរួមភេទ​បានធ្វើឡើង​នៅសឹង​តែគ្រប់​គូរស្នេហ៏ទាំងអស់។

រូបភាពទស្សនាវដ្តីសុខភាពយើង

តើមាន​ផលប៉ះពាល់​អ្វីខ្លះ​ចំពោះ​យុវវ័យខ្មែរ នៅក្នុងឱកាស​ថ្ងៃវ៉ាឡិនថាន ឬថ្ងៃបុណ្យ​សង្សារ?

សម័យកាល​ចេះតែវិវត្ដន៍​ទៅមុខ ទម្លាប់នៃការ​ប្រព្រឹត្ដក៏មានការ​ផ្លាស់ប្ដូរដែរ។ ពីមុន​យុវវ័យខ្មែរ ព្យាយាមលាក់​​​កំបាំង​ទំនាក់ទំនងស្នេហា ដោយមិនចង់​ទទួលនូវការរិះគន់​សើចយំពីអ្នកដទៃ។ ប៉ុន្ដែយុគ​​​សម័យ​​​ថ្មីនេះ អ្នកខ្លះបានបន្លឺពាក្យថា យុវវ័យដែលគ្មាន​ស្នេហាប្រៀប​ដូចជាផ្កាដែល ក្រៀមគ្មាន​លំអង។ ជាពិសេស​យុវតី នៅពេលដែល​ក្មេងស្រី​ជាច្រើន​នៅជុំវិញពួកគេ ក្នុងដៃមាន​កាន់ផ្កាកុលាប ឬកាដូ​ដោយទឹកមុខ​ញញឹមញញែម ហើយបណ្ដើរ​គ្នាត្រសង​ទៅកាន់កន្លែងញុំាអាហារ​កំសាន្ដ រីឯខ្លួនបែរជា​ពុំមាននរណាជូន​អ្វីនោះ បែរជាទទួលអារម្មណ៍ថា​គ្មានអ្នកណា​ចាប់អារម្មណ៍ នឹងខ្លួន។

ប្អូនស្រី រដ្ឋា អាយុ១៨ឆ្នាំ បានឱ្យដឹងថា​នាងមិនដែល​បានទទួលកាដូ ឬបាច់ផ្កា​ពីបុរសណាម្នាក់​ក្នុងថ្ងៃបុណ្យ​សង្សារទេ។ អារម្មណ៍បែបនេះ ធ្វើឱ្យនាងគិតថា​នាងប្រហែលជា​មិនស្អាតទើប​មិនអាចទាក់ទាញ​អ្នកណាបាន។ ប៉ុន្ដែនាងក៏សប្បាយចិត្ដដែរ ដោយសារនាង​មិនចាំបាច់​ត្រូវចេញទៅញុំាអី​តាមការអញ្ជើញ​ពីម្ចាស់អំណោយ ដែលនាងគិតថា​អាចនឹងមានការ​រិះគន់ពីអ្នក​ជិតខាង ។

ប្អូនស្រី ផល្លា ជាជាងអ៊ុតសក់​នៅផ្សារអូរឬស្សី​បានឱ្យដឹងថា នាងតែងចេញ​ទៅញុំាអាហារ​នៅខាងក្រៅ​ជាមួយគូស្នេហ៍ បន្ទាប់ពីការជូន អំណោយឱ្យគ្នា​ទៅវិញទៅមក។ ហើយនាងបាន​សង្កេតឃើញ​គូស្នេហ៍ខ្លះ​មិនបានត្រឡប់​មកផ្ទះវិញភ្លាមទេ គឺពួកគេបង្ហួសទៅរកកន្លែង​ស្នាក់នៅបន្ដិច សិនមុននឹង​ត្រឡប់មកផ្ទះ។

ផ្ទុយទៅវិញប្អូនប្រុស កត្ដា អាយុ២១ឆ្នាំ ជានិស្សិតសកល​វិទ្យាល័យបៀលប្រាយ ថ្ងៃបុណ្យនេះ​ជាឱកាសល្អ​ដែលយើង​អាចបង្ហាញការ ស្រឡាញ់ថ្នាក់ថ្នម និងយកចិត្ដទុកដាក់​ចំពោះគ្នាទៅវិញទៅមក មិនថាចំពោះ​តែយុវវ័យ ឬក៏អ្នករៀបការ​ហើយនោះទេ។ ពោលគឺមិនមាន​អ្វីអាក្រក់  ប៉ះពាល់ដល់​ប្រពៃណីទេ ឱ្យតែយើង​ប្រាកដថា​យើងមិនបានរួមភេទ​មុនរៀបការ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ចំណែកប្អូនប្រុស សន ប៉េងសុង អាយុ២០ឆ្នាំ ឱ្យដឹងថា​វាពិតជាមាន​ផលប៉ះពាល់​ចំពោះយុវតី​មួយចំនួន ដែលឆាប់ចិត្ដទន់​ងាយរំភើបជា  មួយអំណោយ​បន្ដិចបន្ដួច ឆាប់ជឿសំដី​សង្សារ ហើយក៏លង់​ខ្លួនដល់​ថយក្រោយ​លែងកើត។ យកល្អ គួរជូនអំណោយ​ក្នុងនាមជាមិត្ដភក្ដិវិញ​ប្រសើរជាង ព្រោះថាយើង​ក៏អាចជូន​អំណោយ​ទៅកាន់អ្នក ដែលយើង​ពេញចិត្ដ ដូចជាមនុស្ស​ក្នុងក្រុមគ្រួសារ​ជាដើម ។

ប្អូនស្រីណាវី អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យ​វត្ដកោះបាន​ឱ្យដឹងថា ថ្ងៃបុណ្យសង្សារ​ក៏មានអត្ថន័យ​សំខាន់ដែរ ហើយគេ​ប្រារឰធ្វើសឹងជា ទូទៅទៅហើយ។ នាងគិតថា​មានការប៉ះពាល់​ដល់ប្រពៃណី​តិចតួច ត្រង់ថា​ប្រពៃណីខ្មែរ​ហាមឃាត់មិនឱ្យ​យុវតីមានគូសង្សារ ប៉ុន្ដែគេមិនអាចរារាំង សេចក្ដីស្នេហាបានទេ ព្រោះថានេះ​ជារឿងធម្មជាតិ។ នាងតែងតែ​បានទទួលអំណោយ​នៅថ្ងៃនេះ បើទោះបី​មានភាពអៀនអន់​ក្នុងចំណោមមិត្ដភក្ដិ ប៉ុន្ដែ វាធ្វើឱ្យ​នាងអារម្មណ៍​រំភើបរីករាយ ។

ទោះជាយ៉ាងណា​ក៏ដោយថ្ងៃ​បុណ្យសង្សារ ឬថ្ងៃវ៉ាឡិនថាន ពិតជាទីពេញនិយម​របស់យុវវ័យ នៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងចំណោម សិស្សសាលា និងនិស្សិត។ កាដូអនុស្សាវរីយ៍ ផ្កាកុលាប និងលិខិតជូនពរ​លក់ដាច់យ៉ាងច្រើន​នៅក្នុងថ្ងៃនោះ។ ហើយក៏មានយុវតី​មិនតិចដែរ ដែលបូជា ខ្លួនប្រាណដើម្បី​ជាសក្ខីភាពតបស្នង​នោះ។

បើទោះបីជា​ពុំមានការអង្កេត​ច្បាស់លាស់​ចំពោះបញ្ហានេះ​ក៏ដោយ ក៏លទ្ធផល​នៃការអង្កេតថ្មីៗ​ទាក់ទងនឹង​ការរួមភេទ​របស់យុវវ័យដែល លើកឡើងដោយ​លោកវេជ្ជ. វេង ថៃ គឺជាកណ្ដឹងអង្រួន​អាណាព្យាបាល មាតាបិតា និងយុវវ័យឱ្យងាក​មកចាប់អារម្មណ៍ និងផ្ដោតការ​ប្រុងប្រយ័ត្ន ចំពោះទង្វើយុវវ័យ​ស្ដីអំពីទំនាក់ទំនង​ស្នេហា ។

យុវតីគួរពិចារណាថា តើការទទួលអំណោយ​របស់អ្នកទាមទារ​នូវសំណងដែរឬទេ? ហើយតើការ​ទូទាត់នោះ អាចឈាន​ដល់កម្រិតណា? អំណោយទាំងនោះ​វាអាចនឹង​មានតម្លៃទេ ប្រសិនបើគេ​ប្រើវាដើម្បី​ល្បួងលួងលោម​យកខ្លួនប្រាណអ្នក? តែប្រសិនបើអ្នក​ពុំអាចទប់ទល់​នឹងចំណង់ផ្លូវ ភេទរបស់គូសង្សារ​បានទេនោះ  មិនត្រូវភ្លេច​ស្រោមអនាម័យទេ ព្រោះវាជួយការពារ​អាយុជីវិតអ្នកបាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦

Google Analytics Alternative