ព្យុះ​ណារិ​ បង្ក​ឲ្យ​​​មាន​ភ្លៀង​​​​បង្គួរ​នៅ​​​​ថ្ងៃ​ទី១៥​ និង​១៦​តុលា​

ភ្លៀង​ធ្លាក់​​​​នៅ​​​​ក្នុង​បណ្តា​​​​ខេត្ត​​​​ភាគ​​​​ខាង​កើត ​ក្នុង​ប្រទេស​ កម្ពុជា ដូចជា​ព្រៃវែង ស្វាយរៀង កំពង់ចាម​នៅ​​​ពេល​នេះ​​ គឺ​ជាឥទ្ធិពល​​​​ប្រយោល​ពី​ព្យុះ​ ណារិ ដែលបាន​កើត​ឡើង​​​​ក្នុង​លំហ​សមុទ្រ​​​​ប៉ាស៊ីហ្វិក។

រូបភាពពី ក្រសួងធនធានទឹក និងឧតុនិយម

រូបភាពពី ក្រសួងធនធានទឹក និងឧតុនិយម

ក្នុងពេលនេះ មាន​ព្យុះ​ចំនួន​២ ​ដែល​កំពុង​​​​វាយ​ប្រហារ​ នៅ​ក្នុង​តំបន់​​​អាស៊ី។ ទីមួយ ​គឺ​ព្យុះ​សង្ឃរា ផៃលិន Phailin​ ដែល​បាន​វាយ​​​ប្រហារ​តំបន់​​​​ឆ្នេរ​ប្រទេស​ឥណ្ឌា និង​ទី​២ ​គឺ​ព្យុះ​​ណារិ Nari ដែល​បាន​វាយ​​ប្រហារ​​​​ហ្វីលីពីន​ និង​បាន​កំពុង​បន្ត​​​​មក​ដល់​តំបន់​​​​ឆ្នេរភាគ​កណ្តាល ​​នៃ​ប្រទេស​វៀត​ណាម។ មន្ត្រី​ជំនាញ​​​​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ បាន​បញ្ជាក់​អោយដឹងថា ព្យុះ​សង្ឃរា​ផៃលិន មិនជះ​ឥទ្ធិពល​ដល់​កម្ពុជា​​ទេ​ ប៉ុន្តែ ព្យុះ​ណារិ នឹង​បង្ក​អោយ​មាន​ភ្លៀង​ធ្លាក់​នៅ​ខេត្ត​ភាគ​ខាង​កើត​ក្នុង​ប្រទេស​កម្ពុជា។

លោក អ៊ុំ រីណា អនុប្រធាន​ក្តាប់រួម​នាយកដ្ឋាន​ឧតុនិយម​នៃ​ក្រសួង​ធនធាន​ទឹក និងឧតុនិយម​បាន​បញ្ជាក់​ប្រាប់វិទ្យុបារាំង​អន្តរជាតិ​ថា ឥទ្ធិពល​នៃ​ព្យុះ​ណារិ​ នឹង​បង្ក​អោយ​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ​ រវាង​ពី​ថ្ងៃទី​១៥ ដល់​១៦​តុលា​ខាង​មុខ​នេះ​ នៅ​ក្នុង​បណ្តា​ខេត្ត​មួយ​ចំនួន ​ដូច​ជា ស្ទឹងត្រែង ក្រចេះ​ កំពង់ធំ កំពង់ចាម ព្រៃវែង និង​ស្វាយ​រៀង​ជាដើម។ បើតាម​លោក ​អ៊ុំ រីណា ភ្លៀង​ធ្លាក់​ដែល​កើត​ឡើង​ដោយ​ឥទ្ធិពល​ព្យុះណារិ​នោះ នឹង​មិន​បង្ក​អោយ​មាន​ជំនន់​ដូច​ក្នុង​ពេល​កន្លង​មក​នោះឡើយ។

ព្យុះ​ណារិបាន​វាយប្រហារ​ប្រទេស​ហ្វីលីពីន​ ហើយ​បាន​ធ្វើ​អោយ​មនុស្ស​ស្លាប់​១៣​នាក់។ វា​បាន​បន្ត​មក​តំបន់​ឆ្នេរ​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម ដែល​បង្ក​អោយ​មាន​ឥទ្ធិពល​ដល់​កម្ពុជា។

ចំណែក​ព្យុះ​សង្ឃរា​ឈ្មោះ​ ផៃ​លិន Phailin​ ដែល​បាន​វាយប្រហារតំបន់​ឆ្នេរ​សមុទ្រ​ឥណ្ឌា​នោះ​នឹង​គ្មាន​ឥទ្ធិពល​មក​ដល់​ កម្ពុជា​ឡើយ។ នេះ​បើតាម​ការ​អះអាង​របស់​​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ធនធាន​ទឹក​ដដែល ដែល​ពន្យល់ថា ព្យុះ​ដែល​កើត​ក្នុង​មហាសមុទ្រ​ឥណ្ឌា​មិន​ដែល​ជះឥទ្ធិព​ល​​មក​ដល់​កម្ពុជា​ ឡើយ។ កម្ពុជា​រង​ឥទ្ធិពល​នៃ​ព្យុះ​ណា​ដែល​កើត​ក្នុង​លំហ​សមុទ្រ​ប៉ាស៊ីហ្វិក និង​សមុទ្រ​ចិន​ខាង​ត្បូង​តែប៉ុណ្ណោះ។

គួរ​រម្លឹក​ថា ដោយសារ​ឥទ្ធិពលខ្យល់​ព្យុះ និង​ភ្លៀង​ធ្លាក់​​នៅ​ក្នុង​ប្រទេស​ជិត​ខាង​កម្ពុជា ដូចជា​ថៃ​ និង​វៀតណាម​នេះ​ហើយ បាន​ជា​កម្ពុជា​ត្រូវ​រង​គ្រោះមហន្តរាយ​ដោយ​ទឹក​ជំនន់​នៅពេល​នេះ។ ទឹក​ជំនន់​ដែល​បាន​ធ្វើ​អោយ​កម្ពុជា​ខាត​បង់​ប្រមាណ​៣០០លាន​ដុល្លារ។

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ប្រភព ៖ វិទ្យុបារាំង​អន្តរជាតិ

ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣

Google Analytics Alternative