២៤​នាក់​ស្លាប់​ និង​១៦៩​នាក់​​​​រង​របួស ក្នុងអំឡុង​​​​ពេលភ្ជុំបិណ្ឌ

មិនខុសពី​ឆ្នាំ​​​​មុនៗនោះទេ ឆ្នាំនេះចំនួន​​​អ្នកស្លាប់២៤​នាក់​ និង​១៦៩​នាក់​​​​រង​របួស​ដោយ​គ្រោះ​ថ្នាក់​​​​ចរាចរណ៍​អំឡុង​ ពេលភ្ជុំបិណ្ឌ ៣​ថ្ងៃ ។ មូលហេតុ​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​នេះ ហាក់ដូចជាដដែល គឺ​មក​ពី​អ្នក​បើកបរ​បើក​ល្បឿន​លឿន បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង មិន​ប្រកាន់​ស្តាំ និង​មិន​គោរព​សញ្ញា​ចរាចរណ៍​ជាដើម។

គ្រោះថ្នាក់ចរាចរ នៅខេត្តកំពង់ឆ្នាំង វេលា​ម៉ោង​ ៦និង២០​នាទី​យប់​ ថ្ងៃទី​០៤ ខែ​តុលា (រូបភាពពី អគ្គស្នងការ​​​នគរបាលជាតិ)

គ្រោះថ្នាក់ចរាចរ នៅខេត្តកំពង់ឆ្នាំង វេលា​ម៉ោង​ ៦និង២០​នាទី​យប់​ ថ្ងៃទី​០៤ ខែ​តុលា (រូបភាពពី អគ្គស្នងការ​​​នគរបាលជាតិ)

ក្នុង​អំឡុង​ពេល ៣​ថ្ងៃ នៃ​ពិធី​​​​បុណ្យ​ភ្ជុំបិណ្ឌ រាប់​គិត​​​​ពី​ថ្ងៃ​ទី៣ ដល់​ថ្ងៃ​ទី៥ ខែ​តុលា មាន​មនុស្ស ២៤​នាក់​ស្លាប់ និង ១៦៩​នាក់​ផ្សេង​ទៀត​​​​រង​របួស​ធ្ងន់ និង​ស្រាល ក្នុង​គ្រោះថ្នាក់​​​​ចរាចរណ៍​នៅ​​​​ទូទាំង​ប្រទេស។ នេះបើតាម​​​ប្រភព​ព័ត៌មាន​​​​ពី​វែបសាយ (Website) នគរបាល​ជាតិ ដែលបាន​​​ចុះផ្សាយ ពេលថ្មីៗនេះ។

បើ​ប្រៀបធៀប​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ កាល​ពី​ឆ្នាំ​មុន ដែល​មាន ២៦​នាក់​បាន​ស្លាប់ ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងឆ្នាំនេះ មាន​ការ​ថយ​ចុះ ។ ប៉ុន្តែ អ្នក​រង​របួស​មាន​ការ​កើន​ឡើង​ខ្ពស់ ដែល​ឆ្នាំ​មុន​មាន​ចំនួន ១៣៩​នាក់ រង​របួស​ធ្ងន់ និង​ស្រាល។

ជាមួយគ្នានេះ វែបសាយ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បង្ហាញ​ផងដែរថា មូលហេតុ​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​នេះ គឺ​មក​ពី​អ្នក​បើកបរ​បើក​ល្បឿន​លឿន បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង មិន​ប្រកាន់​ស្តាំ និង​មិន​គោរព​សញ្ញា​ចរាចរណ៍​ជាដើម។

បើធ្វើចំណាត់ថ្នាក់លំអិត ខេត្ត​កណ្ដាលបាន​ឈរ​លំដាប់​ទី១ ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ នៅ​ឆ្នាំ​នេះ គឺ​មាន​ចំនួន ៥​នាក់។ បន្ទាប់​មក គឺ​ខេត្ត​កំពង់ចាម មាន​អ្នក​ស្លាប់ ៤​នាក់ ខេត្ត​កំពត មាន​ស្លាប់ ៣​នាក់ ខេត្ត​កំពង់ឆ្នាំង ស្លាប់ ៣​នាក់ ខេត្ត​កំពង់ស្ពឺ ស្លាប់ ២​នាក់ និង​ខេត្ត​តាកែវ ស្លាប់ ២​នាក់៕

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៣

Google Analytics Alternative