៨៣​នាក់​ស្លាប់​ ដោយសារ​​​​ទឹកជំនន់​ គិត​ត្រឹម​​​​ថ្ងៃទី​៧​ ខែតុលា​

គិត​ត្រឹម​ថ្ងៃ​ទី៧ ខែ​តុលា នេះ មាន​មនុស្ស ៨៣​នាក់ បាន​ស្លាប់​​​​ដោយសារ​​​​គ្រោះ​ទឹក​ជំនន់​​​​នៅ​ទូទាំង​ប្រទេស និង​ប៉ះពាល់​​​​ប្រជាពលរដ្ឋ ៨​សែន​នាក់ ហើយ​ដី​ស្រែ​​​​របស់​ពលរដ្ឋ ១២​ម៉ឺន​​​​ហិកតារ ត្រូវ​បាន​ជន់​លិច។

ស្ថានភាព​​​​ទឹក​ជន់​លិច​​​​លើ​កំណាត់​ផ្លូវ​ជាតិ​​​​លេខ​៥ ស្ថិត​នៅ​ក្នុង​​​​សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី៧ ខែ​តុលា ឆ្នាំ​២០១៣ (រូបភាពពី RFA)

ស្ថានភាព​​​​ទឹក​ជន់​លិច​​​​លើ​កំណាត់​ផ្លូវ​ជាតិ​​​​លេខ​៥ ស្ថិត​នៅ​ក្នុង​​​​សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី៧ ខែ​តុលា ឆ្នាំ​២០១៣ (រូបភាពពី RFA)

លោក ញឹម វណ្ណដា អនុប្រធាន​ទី១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ប្រាប់​វិទ្យុ​អាស៊ីសេរី ថា រាជធានី​ខេត្ត​ចំនួន​១៥ កំពុង​រងគ្រោះ​ដោយសារ​ទឹក​ជំនន់ ដែល​ធ្វើ​ឲ្យ​មនុស្ស ៨៣​នាក់​ស្លាប់ ក្នុង​នោះ​មាន​កុមារ​ចំនួន ៣៦​នាក់។ ផ្ទះ​របស់​ពលរដ្ឋ​ជាង ១០​ម៉ឺន​ខ្នង​ប៉ះពាល់ ក្នុង​នោះ​មាន ៦០ ទៅ ៧០​ខ្នង​ខូចខាត​ទាំង​ស្រុង។ ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន ក៏​បាន​ប៉ះពាល់​ដែរ រួម​មាន​សាលា​រៀន ៧៦០​កន្លែង វត្ត​ចំនួន​៣៥០ មណ្ឌល​សុខភាព​ចំនួន ៥០​កន្លែង ត្រូវ​បាន​ជន់​លិច។

លោក​បានប្រាប់​VOD ​នៅ​រសៀល​ថ្ងៃ​ទី​៧​ខែ​តុលា​ ថា ទឹកជំនន់​បាន​ធ្វើឱ្យ​ប៉ះពាល់​ដី​ស្រែ ប្រមាណ១២​ម៉ឺន​ហិកតា ប៉ះពាល់ប្រជាជន៨​សែន​នាក់ ផ្ទះ​១២​ម៉ឺន​ខ្នង សាលារៀន ៦៧០​កន្លែង វត្ដ​អារាម៣៧០​កន្លែង មណ្ឌលសុខភាព ៤៧​កន្លែង ស្មើនឹង៥០​ភាគរយ នៃ​គ្រោះ​ទឹកជំនន់​ដែល បណ្ដាល​មក​ពី​ព្យុះ​កេត​សាណា កាលពី​ឆ្នាំ២០១១​ ៖ “​ទន្លេមេគង្គ​ពី រតនគិរី ស្ទឹងត្រែង ក្រចេះ កំពង់ចាម ធម្មតា​ឡើងវិញ ប៉ុន្តែ​ខេត្ត​នៅ​ប៉ែក​ខាងលិច​ប្រទេស និង​ខាងជើង ពី​ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ទទួល​ការ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង អាច​ពីរ​បី​ថ្ងៃ​ទៀត មិនទាន់​អស់​ទេ​”​។​

កាល​ពី​ឆ្នាំ​២០១២ ទឹក​ជំនន់​បាន​សម្លាប់​មនុស្ស ១៤​នាក់ ហើយ​ឆ្នាំ​២០១១ ទឹក​ជំនន់​ក៏​បាន​សម្លាប់​មនុស្ស​អស់​ចំនួន ២៥០​នាក់ ព្រម​ទាំង​ធ្វើ​ឲ្យ​ខាត​បង់​ថវិកា​ជាតិ​អស់​រាប់​លាន​ដុល្លារ។

លោក​បញ្ជាក់​ថា ទឹក​ជំនន់​ទន្លេ​មេគង្គ និង​ទន្លេសាប ហាក់​ធូរ​ស្រាល​បន្តិច។ ប៉ុន្តែ ទឹក​ជំនន់​ទឹក​ភ្លៀង​កំពុង​តែ​បន្ត​ជះ​ឥទ្ធិពល​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ ចំនួន នៃ​ភាគ​ខាង​លិច​នៃ​ប្រទេស។ អាជ្ញាធរ​មូលដ្ឋាន​ដទៃទៀត បានឲ្យដឹងថា ខេត្ត​ចំនួន​៤​រងគ្រោះ​ធ្ងន់​ជាងគេ គឺ​បាត់ដំបង សៀមរាប បន្ទាយមានជ័យ និង​ប៉ៃលិន។​

​​អធិការនគរបាល​ស្រុក​កំរៀង​ខេត្ត​បាត់ដំបង លោក ឈឹម គីម​ហុង មានប្រសាសន៍ថា មក​ដល់​ម៉ោង​ជិត​៤​រសៀល​ថ្ងៃ​ចន្ទ ប្រជាជន​ជាង​២០០​នាក់ ដែល​ជាប់​នៅ​លើ​ដើមឈើ និង​ដំបូលផ្ទះ ត្រូវបាន​សង្គ្រោះ តែ​ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​បាន​សន្លប់ ខណៈ​ចំនួន​អ្នកស្លាប់​សរុប និង​ការខូចខាត​មិនទាន់​ដឹង​ទេ​ ៖ “​ឥឡូវ​ដូចជា​ធូរស្រាល​ហើយ នៅ​កំរៀង នៅ​នេះ​ផ្លូវ​តា​គ្រៃ​នេះ យើង​កាយ​ផ្តាច់​ហើយ ដើម្បី​ទឹក​ហូរ​លឿន អញ្ជឹង​សូម​បងប្អូន​អ្នក​រត់​តាក់ស៊ី អ្នក​ដែល​ទៅ​ពី​កំរៀង​-​បាត់ដំបង កុំ​មក​តាម​ផ្លូវ​តា​គ្រៃ អ្នក​ដែល​ទៅ​ពី​បាត់ដំបង​ទៅ កុំ​ទៅ​តាម​ផ្លូវ​តា​គ្រៃ ព្រោះ​ឥឡូវ​យើង​កាយ​ផ្តាច់​ផ្លូវ​នេះហើយ​”​។​

​អ្នកស្រី ព្រិល ភួង ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ម្នា​ស់កាល ឃុំ​អូ​ដា ស្រុក​កំរៀង ដែល​អំពាវនាវ​រក​ជំនួយ​សង្គ្រោះ​បន្ទាន់​កាលពី​ព្រឹក​មិញ​បានឲ្យដឹងថា ទឹក​នៅ​ក្នុងភូមិ​របស់​គាត់​បា​នស្រក​ចុះ​កន្លះ​ម៉ែត្រ តែ​មេឃ​អួរ​អា​ប់រក​ភ្លៀង​បន្ថែមទៀត​។ អ្នកស្រី​ឲ្យដឹងថា ប្រជាជន​នៅក្នុង​ភូមិ​គាត់​ចំនួន​៣​នាក់​បាន​ស្លាប់​។​

​ដោយឡែក​ស្នងការ​នគ​របាល​ខេត្ត​ប៉ៃលិន លោក ឡី ចាន់​ឆាយ បានឲ្យ​ដឹង​ដែរ​ថា សមត្ថកិច្ច​បាន​ជួយ​សង្គ្រោះ​ប្រជាជន ​ពី​ជំនន់​ទឹកភ្លៀង​ដែល​ធ្លាក់​មក​ពី​លើ​ភ្នំ​។ លោក​ថា ឃុំ​ដែល​លិច​ធ្ងន់​ជាងគេ គឺ​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ តែ​មិន​មាន​មនុស្ស​បាត់បង់​ជីវិត​ទេ ហើយ​លោក​មិនទាន់​អាច​កំណត់​ពី​ទំហំ​ នៃ​ការខូចខាត​បាន​នៅឡើយ​ទេ​ ៖ “​គ្មាន​គ្រោះ​ថា្នក់​ដល់​អាយុជីវិត​អ្វី ​ទេ គ្រាន់តែ​ថា​វា​ខូចខាត សម្ភារ​របស់​គាត់​ជា​ច្រើន ឃុំ​ផ្សេងៗ​ទៀត នៅ​មាន​ឃុំ​សាលា​ក្រៅ​មួយ​ដែល​កំពុង​នៅ​មាន​ការ​ប្រឈម​ដែរ នៅក្នុង​ភូមិ​ខ្ជាយ ច្រើន​ដែរ តែ​យើង​មិន​បាន​ចុះ​ទៅ​ដល់​”​។​

​សម្រាប់​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុក កែវ​រតនៈ អ្នកនាំពាក្យ​នៃ​ខេត្ត​នេះ​បានឲ្យដឹងថា ទឹកជំនន់​ពី​ប្រទេស​ថៃ​បាន​បន្ត​ជន់​លិច ជា​ពិសេស​ក្រុង​ប៉ោយ​ប៉ែត​។ លោក​ថា អាជ្ញាធរ​បាន​ជួយ​សង្គ្រោះ​ប្រជាជន​ជា​បន្តបន្ទាប់ តែ​លោក​ក៏​មិន​ទាន់​អាច​កំណត់​ពី​ទំហំ​នៃ​ផល​ប៉ះពាល់ ​និង​ចំនួន​អ្នក​ស្លាប់​បាន​នៅឡើយ​ទេ​៕

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ប្រភព​​ ៖ RFA និង VOD

ចេញផ្សាយ ៖ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៣

Google Analytics Alternative