ទឹក​ជំនន់​ កំពុង​គំរាម​​​​កំហែង​​​​ខេត្ត​មួយ​ចំនួន

ទឹក​ជំនន់​ ជាគ្រោះ​ធម្មជាតិ​​​​ដែល​បង្ក​ឡើង ​ដោយ​ទឹក​ភ្លៀង​ កំពុង​គំរាម​កំហែង​ នៅ​តាម​បណ្ដា​​​​ខេត្ត​ក្រុង​​​​មួយ​ចំនួន ក្នុង​នោះ​មាន​​​​ខេត្ត​សៀមរាប បន្ទាយមានជ័យ ប៉ៃលិន និង​ខេត្ត​បាត់ដំបង ជា​ដើម។

ទឹក​ជំនន់​ដែល​បណ្ដាល​មក​ពី​បាក់​ទំនប់​តាកាវ បាន​ហូរ​កាត់​កំណាត់​ផ្លូវ​កៅស៊ូ ចន្លោះ​ពី​ប្រាសាទ​អង្គរវត្ត និង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប (រូបភាពពី RFA)

ទឹក​ជំនន់​ដែល​បណ្ដាល​មក​ពី​បាក់​ទំនប់​តាកាវ បាន​ហូរ​កាត់​កំណាត់​ផ្លូវ​កៅស៊ូ ចន្លោះ​ពី​ប្រាសាទ​អង្គរវត្ត និង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប (រូបភាពពី RFA)

គ្រោះ​ធម្មជាតិ​​​​ដែល​បង្ក​ឡើង ​ដោយ​ទឹក​ភ្លៀង​​​​កំពុង​ជន់​លិច​ នៅ​តាម​ស្រុក​ ក្រុង​មួយ​ចំនួន​​​​ក្នុង​ខេត្ត​សៀមរាប ខេត្តបន្ទាយ​​​មានជ័យ​ ខេត្ត​ប៉ៃលិន និង​ខេត្ត​​​​បាត់ដំបង។ ក្រុម​អាជ្ញាធរ​​​​មូលដ្ឋាន​និង​​​​កង​កម្លាំង​​​​សមត្ថកិច្ច​នៅ​តាម​​​​ខេត្ត​ទាំង​​​​បួននេះ កំពុង​ត្រៀម​កម្លាំង​ការពារ និង​ចាត់​វិធានការ​ជួយ​សង្គ្រោះ​​ប្រជាពលរដ្ឋ​ជា​បន្ទាន់ ស្រប​ពេល​ដែល​ជំនន់​ទឹក​ភ្លៀង​កំពុង​មាន​សន្ទុះ​កើន​ឡើង​ខ្លាំង។

យ៉ាង​ហោច​ណាស់​​លំនៅឋាន​​ជាង ២០០​ខ្នង នៅ​ភូមិ​​គោកតាច័ន្ទ សង្កាត់​គោកចក នៃ​ក្រុង​សៀមរាប កំពុង​លិចលង់​ក្នុង​ទឹក​ជំនន់ ហើយ​​ប្រជាពលរដ្ឋ​ជាង ២០០​គ្រួសារ​ក៏​កំពុង​ជម្លៀស​ខ្លួន​ចេញ​ពី​លំនៅឋាន។ នេះបើតាមការឲដឹងរបស់មន្ត្រី​សាលា​ខេត្ត​សៀមរាប តាមរយះវិទ្យុ អាសីសេរី ។

អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្ត​នេះ​ កំពុង​ប្រើប្រាស់​អូប័រ និង​ទូក​មួយ​ចំនួន ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​សង្គ្រោះ​ ​ជា​បន្ទាន់ ជួយ​ដល់​អ្នក​ភូមិ ចាប់​តាំង​តែ​ពី​យប់​ថ្ងៃ​ទី​៥ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៦ ខែ​តុលា។ អភិបាល​ខេត្ត​សៀមរាប លោក ឃឹម ប៊ុនសុង ​បាន​មាន​ប្រសាសន៍​ ប្រាប់វិទ្យុ អាសីសេរី កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៦ ខែ​តុលា ថា ទឹក​ជំនន់​បាន​ហូរ​ចូល​មក​ក្នុង​ភូមិ​គោកតាច័ន្ទ នៅ​ចន្លោះ​ពី​ប្រាសាទ​អង្គរវត្ត និង​អាកាសយានដ្ឋាន​យ៉ាង​ឆាប់​រហ័ស បន្ទាប់​ពី​ទំនប់​ទឹក​មួយ​កន្លែង ឈ្មោះ​តាកាវ បាន​បាក់។ ទឹក​ជំនន់​នេះ​ កំពុង​គំរាម​កំហែង​លំនៅឋាន​​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត ក្នុង​ទីក្រុង​ នៅ​ម្ដុំ​ភូមិ​​វប្បធម៌​ ក៏ប៉ុន្តែ​​ មិន​បាន​​ប៉ះពាល់​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ទេ។

អាជ្ញាធរ​បាន​អះអាង​ថា បើ​ទោះ​បី​​ជា​ទឹក​ជំនន់​បាន​​លិច​ភូមិ​គោកតាច័ន្ទ យ៉ាង​ឆាប់​រហ័ស ក៏​ប៉ុន្តែ​មិន​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​មនុស្ស​ និង​សត្វ​ណា​មួយ​ឡើយ។ ក្រុម​ប្រជាពលរដ្ឋ​ជា​ច្រើន​​បាន​ជម្លៀស​ខ្លួន​និង​សត្វ​ចិញ្ចឹម​ចេញ​ពី​ តាម​ផ្ទះ ​ដោយ​សារ​ខ្លាច​​ក្រែង​មាន​គ្រោះ​ថ្នាក់​ដោយ​ទឹក​ហូរ​កួច និង​ឆក់​ចរន្ត​អគ្គិសនី។ ពួក​គេ​ខ្លះ​បាន​ប្រក់​តង់​កៅស៊ូ​ស្នាក់​នៅ​ជា​បណ្ដោះអាសន្ន​តាម​ចិញ្ចើម​ ថ្នល់។

ចាប់​តាំង​តែ​ពី​សប្ដាហ៍​មុន ទឹក​បាន​ជន់​លិច​ស្រុក​ចំនួន ៦ ដូច​ជា​ស្រុក​អង្គរធំ ស្រុក​វ៉ារិន ស្រុក​អង្គរជុំ ស្រុក​ពួក ស្រុក​ក្រឡាញ់ ស្រុក​ស្រីស្នំ ព្រម​ទាំង​ក្រុង​សៀមរាប​ផង ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណាំ​​គ្រួសារ​ស្រូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋ​មួយ​ចំនួន។

កាល​ពី​ឆ្នាំ​២០១០ កន្លង​ទៅ ​ទឹក​ធ្លាប់​ជន​លិច​ភូមិ​គោកតាច័ន្ទ នោះ​​ម្ដង​មក​ហើយ ក៏ប៉ុន្តែ​កាល​នោះ​កម្រិត​ទឹក​មិន​ខ្លាំង​ក្លា​ដូច​ពេល​នេះ​ទេ។ អាជ្ញាធរ​ខេត្ត​សៀមរាប ​បាន​ប៉ាន់​ប្រមាណ​ថា គេ​អាច​នឹង​ចំណាយ​ប្រាក់​ច្រើន​ជាង ១​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួសជុល​និង​កែ​លម្អ​ផ្លូវ​ស្ពាន និង​ថ្នល់​ឡើង​វិញ នៅ​ក្រោយ​ពេល​ទឹក​ជំនន់​នៅ​ឆ្នាំ​នេះ។

ចំណែក​នៅ​ឯ​ខេត្ត​​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា មានខេត្តចំនួនបី គឺខេត្តបន្ទាយមានជ័យ​ ខេត្ត​ប៉ៃលិន និង​ខេត្ត​បាត់ដំបង ក៏​កំពុង​រង​ការ​ជន់​លិច​ដោយសារ​ទឹក​ជំនន់​ដែរ។ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ លោក ទ្រី ណារិន បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ថា ជំនន់​ទឹក​ភ្លៀង​បាន​ជន់​លិច​ស្រុក​ក្រុង​ចំនួន ៩ នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ។ បញ្ហា​ចំពោះ​មុខ​អាជ្ញាធរ​បាន​បញ្ជូន​កង​ទាហាន​ចំនួន ៥០០​នាក់​ ទៅ​ប្រចាំការ​នៅ​តំបន់​មាន​អាង​ទឹក​ធំ​មួយ​ចំនួន​នៅ​ខេត្ត​បន្ទាយមាន ជ័យ រង់ចាំ​ជួយ​សង្គ្រោះ​កុំ​ឲ្យ​អាង​ទឹក​នោះ​ បាក់​ធ្លាយ​ទឹក​ជន់​លិច​ធ្ងន់ធ្ងរ​ថែម​ទៀត​ទៅ​លើ​ប្រជាពលរដ្ឋ។

លោក​បន្ត​ថា គ្រោះ​ទឹក​ជំនន់​ដំណាក់កាល​ទី​២​នេះ​ នៅ​ពុំ​ទាន់​មាន​របាយការណ៍​ស្លាប់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ទេ ហើយ​ការ​ខូច​ខាត​ផលដំណាំ​ លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ និង​ហេដ្ឋារចនាសម្ពន្ធ​ផ្លូវ​ថ្នល់​នោះ​ ក៏​ពុំ​ទាន់​អាច​សរុប​បាន​ដែរ​ ប៉ុន្តែ​ផល​ប៉ះពាល់​ជា​ទូទៅ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ។ គ្រោះ​ធម្មជាតិ​នេះ​អាច​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ថែម​ទៀត​ បើ​សិន​មេឃ​នៅ​តែ​បន្ត​ធ្លាក់​ភ្លៀង។ ក្រៅ​ពី​ខេត្ត​បន្ទាយមានជ័យ​ ជំនន់​ទឹក​ភ្លៀង​ដូច​គ្នា​នេះ​បាន​កើត​មាន​ឡើង​នៅ​ខេត្ត​ប៉ៃលិន ដែល​ជា​តំបន់​សំបូរ​ព្រៃភ្នំ។

អភិបាល​ខេត្ត​ប៉ៃលិន លោក អ៊ី ឈាន ថ្លែង​ថា ជំនន់​ទឹក​ភ្លៀង​កើត​មាន​ឡើង​ពីរ​ថ្ងៃ​ជាប់​គ្នា​នៅ​ក្នុង​ក្រុង​ប៉ៃលិន និង​ស្រុក​សាលាក្រៅ។ ក្រុម​អាជ្ញាធរ​ខេត្ត​និង​អាជ្ញាធរ​មូលដ្ឋាន​កំពុង​ចាត់​វិធានការ​ជួយ​ សង្គ្រោះ​ប្រជាពលរដ្ឋ។ លោក​បញ្ជាក់​ថា ​មិន​មាន​ប្រជាពលរដ្ឋ​ណា​រង​គ្រោះ​ស្លាប់​នោះ​ទេ​រហូត​មក​ដល់​ពេល​នេះ ចំណែក​ឯ​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹក​ភ្លៀង​នេះ មាន​ស្ថានភាព​ធ្ងន់ធ្ងរ ប៉ុន្តែ​ក្រុម​អាជ្ញាធរ​ពុំ​ទាន់​អាច​បូក​សរុប​ការ​ខូច​ខាត​នោះ​បាន​ទេ ដោយសារ​ទឹក​កំពុង​ជន់​លិច​នៅ​ឡើយ៖ «លិច​ខូច​ខាត​អស់​ច្រើន​ណាស់​មក​ដល់​ថ្ងៃ​នេះ ទាំង​ដំណាំ ទាំង​ទ្រព្យសម្បត្តិ​ខ្លះ។ ៥០% ដែល​លិច ប៉ុន្តែ​យើង​មិន​ទាន់​វាយ​តម្លៃ​បាន​ទេ ពី​ព្រោះ​ទឹក​នេះ​វា​ខុស​ពី​កន្លែង​ផ្សេងៗ ទឹក​នេះ​ហូរ​ចាក់​ខ្លាំង​មក​ពី​លើ​ភ្នំ ប៉ុន្តែ​បង​ប្អូន​ប្រជាពលរដ្ឋ​អត់​អី​ទេ យើង​ជួយ​សង្គ្រោះ​បាន​អត់​ចោទ​ទេ»

ទឹក​ជន់​លិច​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង (រូបភាពពី RFA)

ទឹក​ជន់​លិច​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង (រូបភាពពី RFA)

នៅ​ឯ​ខេត្ត​​​​បាត់ដំបង​វិញ​ ជំនន់​ទឹក​ភ្លៀង​​​​ដូច​គ្នា​ក៏​កំពុង​​​​ជន់​លិច​ក្រុង​​​​បាត់ដំបង និង​នៅ​តាម​​​​ស្រុក​មួយ​ចំនួន​​​​ផ្សេង​ទៀត។ ក្រុង​បាត់ដំបង​ កំពុង​លិច​​​​លង់​ដោយសារ​​​​កម្ពស់​ទឹក​នៅ​ក្នុង​​​​ដង​ស្ទឹង​សង្កែ​​​​ឡើង​ខ្ពស់​ ហើយ​ទឹក​បាន​​​​ហូរ​តាម​ប្រព័ន្ធ​​​​លូ​បណ្ដាល​ឲ្យ​​ជន់​លិច​​​​ផ្លូវ​ថ្នល់​ លិច​ផ្សារ និង​លំនៅឋាន​​​​ប្រជាពលរដ្ឋ​ អគារ​សាលា​រៀន​​​​ជា​ច្រើន​កន្លែង។ ក្រៅ​ពី​ក្រុង​​​​បាត់ដំបង នៅ​មាន​ស្រុក​មួយ​ចំនួន​ទៀត ដូចជា​ស្រុក​កំរៀង​ ស្រុក​បវេល ស្រុក​រុក្ខគិរី និង​ស្រុក​គាស់ក្រឡ​ កំពុង​រង​ការ​ជន់​លិច​ដោយសារ​ជំនន់​ទឹក​ភ្លៀង​ដូច​គ្នា។

មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​បាត់ដំបង​ លោក វ៉ឹង មុនី ថ្លែង​ថា អាជ្ញាធរ​ខេត្ត​នៅ​ថ្ងៃ​អាទិត្យ ទី​៦ ខែ​តុលា បាន​កោះ​ប្រជុំ​ជា​បន្ទាន់​មួយ ហើយ​បាន​ដាក់​ផែន​ការ​ត្រៀម​ការពារ​និង​ត្រៀម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ៖ «ទី ​១ យើង​ណែនាំ​អោយ​កម្លាំង​សមត្ថកិច្ច​ហ្នឹង​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​កម្រិត​ នៃ​ទឹក​ជំនន់ ហើយ​មាន​វិធានការ​ជា​បន្ទាន់ បើ​សិន​ណា​ជា​ប្រឈម​នឹង​ការ​គ្រោះ​ថ្នាក់។ យើង​បាន​ណែនាំ​រួច​ហើយ​តាម​រយៈ​គណៈ​បញ្ជាការ​ឯកភាព​ជាមួយ​ខាង​សមត្ថកិច្ច​ គ្រប់​ថ្នាក់​ ឥឡូវ​យើង​កំពុង​ស្វែង​យល់​អំពី​ការ​កើន​ឡើង​ហ្នឹង ដោយសារ​ទឹក​ ឥឡូវ​នេះ​បើ​សិន​ណា​អត់​មាន​ភ្លៀង​ យើង​សង្ឃឹម​ថា​ ទឹក​ហ្នឹង​វា​អាច​ស្រក»

ស្នង​ការ​នគរបាល​ខេត្ត​បាត់ដំបង លោក​ឧត្ដមសេនីយ៍ ស ថេត គូស​បញ្ជាក់​ថា លោក​បាន​កោះ​ប្រជុំ​កង​កម្លាំង​ប៉ូលិស​នៅ​គ្រប់​ស្រុក​ក្រុង​ទាំង​អស់​ក្នុង ​ខេត្ត​បាត់ដំបង​ ដើម្បី​ត្រៀម​ជើង​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ នៅ​គ្រា​ដែល​ទឹក​ជំនន់​នេះ​មាន​កម្ពស់​កើន​ឡើង។

លោក​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ​ពុំ​មាន​ប្រជាពលរដ្ឋ​ណា​រង​គ្រោះ​ស្លាប់​ដោយសារ​ទឹក​ ជំនន់​នេះ​នៅ​ឡើយ។ ទន្ទឹម​គ្នា​នេះ​ ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បាន​​ទិញ​ទូក​ជួយ​​សង្គ្រោះ​ជា​ច្រើន​គ្រឿង​មក​ពី​ប្រទេស​ថៃ​ ដើម្បី​ត្រៀម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ៖ «បើ​លិច​នៅ​ស្រុក​ណា​ យើង​រុញ​ទៅ​ដើម្បី​ជួយ​សង្គ្រោះ​ក្មេងៗ ដាក់​របស់​របរ​បាន​ ហើយ​ខ្ញុំ​ទិញ​ប្រហែល​ល្ងាច​មក​ដល់។ ក្រៅ​ពី​ហ្នឹង​ខ្ញុំ​បាន​ប្រមូល​កម្លាំង​ទាំង​អស់​នៅ​អធិការ នៅ​ស្នងការ ដើម្បី​ចុះ​ជួយ។ ឧទាហរណ៍​មាន​លិច​នៅ​ភូមិ​ណា ស្រុក​ណា ចំណុច​ណា​មួយ។ យើង​សំខាន់​បំផុត​យក​អាយុ​ជីវិត​ប្រជាពលរដ្ឋ​សិន បន្ទាប់​យក​សម្ភារៈ និង​រក​ទី​ទួល​សុវត្ថិភាព​ឲ្យ​គាត់​មក​ស្នាក់​នៅ​បណ្ដោះអាសន្ន»

នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ​នេះ​គេ​សង្កេត​ឃើញ​ថា មាន​ភ្លៀង​ធ្លាក់​ទាំង​នៅ​ពេល​ថ្ងៃ​និង​ពេល​យប់​ជាប់​គ្នា​ ហើយ​ទឹក​ភ្លៀង​នេះ​បាន​បង្ក​ឲ្យ​មាន​ទឹក​ជំនន់​កើត​ឡើង​ជន់​លិច​នៅ​ក្នុង​ ខេត្ត​បន្ទាយមានជ័យ​ ខេត្ត​ប៉ៃលិន និង​ខេត្ត​បាត់ដំបង។ កាល​ពី​ថ្ងៃ​ទី​៥ ខែ​តុលា​ ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ប្រកាស​ថា ដោយសារ​មាន​ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​អូស​បន្លាយ​កាត់​លើ​ ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្ពាធ​សកម្ម​មួយ​ កំពុង​ឋិត​នៅ​ភាគ​ខាង​កើត​ខេត្ត​កោះកុង។

សម្ពាធ​នេះ​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ថែម​ទៀត​ រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៣។ មេឃ​ភ្លៀង​អាច​បន្ត​ធ្លាក់​នៅ​ខេត្ត​មួយ​ចំនួន​ ដូច​ជា​ខេត្ត​កោះកុង កំពត​ កែប ព្រះសីហនុ​ កំពង់ស្ពឺ តាកែវ កណ្ដាល​ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កំពង់ធំ និង​ខេត្ត​ឧត្តរមានជ័យ។ បណ្ដា​ខេត្ត​ទាំង​នេះ​ នឹង​បន្ត​ប្រឈម​នឹង​ជំនន់​ទឹក​ភ្លៀង។

ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ប្រកាស​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ អាជ្ញាធរ​ដែន​ដី​ និង​សាធារណជន​ ពិសេស​ចំពោះ​បង​ប្អូន​ប្រជាពលរដ្ឋ​ ត្រូវ​បង្កើត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ដើម្បី​ចៀស​វាង​គ្រោះ​ថ្នាក់​ ផ្សេងៗ​ដែល​អាច​កើត​មាន​ឡើង៕

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៣

Google Analytics Alternative