​វិស័យ​កសិកម្ម ទេសចរណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​ ទទួលរងផលប៉ះ​ពាល់​ខ្លាំង ដោយទឹកជំនន់​ឆ្នាំ​២០១៣

ទឹក​ជំនន់​នៅ​ឆ្នាំ​​​​២០១៣​នេះ កំពុង​បន្ត​​​​វាយ​ប្រហារ​​​​បណ្តា​ខេត្ត​​​​មួយ​ចំនួន​ នៅ​ក្នុង​​​​ប្រទេស​កម្ពុជា ​ មិន​ទាន់​​​​ស្រាក​ស្រាន្ត​​​​នៅ​ឡើយ​នោះ។ វិស័យ​កសិកម្ម និង​ហេដ្ឋារចនា​​​សម្ព័ន្ធ​កំពុង​ទទួល​​​​រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង។ ​ផ្ទៃ​ដី​កសិកម្ម​​​​ប្រមាណ​ជាង ១១ម៉ឺន​ហិកតា និង​គេហដ្ឋាន​​​​រាប់ម៉ឺន​គ្រួសារ​​​​ផ្សេង​ទៀត កំពុង​រង់​ការ​​​​លិចលង់។ ហើយភ្ញៀវ​​ក្នុង​ស្រុក​​ទៅ​​ដើរ​​កំសាន្ត​​ នៅ​​តំបន់​ទេសចរ​ណ៏​​មាត់​សមុទ្រ​ ខេត្ត​សៀមរាប​ និង​​ខេត្ត​ក្រចេះ​មាន​ការ​ថយចុះ ​នៅក្នុង​​ពិធី​បុណ្យ​​ភ្ជុំបិណ្ឌ​​ឆ្នាំនេះ​។ ការ​ថយចុះ​​នេះ​​បណ្តាល​មក​ពី​ទឹក​ជំនន់​ និង​កក្តា​​ជីវភាព​​របស់​​ប្រជាពល​រដ្ឋ​មួយ​ចំនួន​​ផង​ដែរ​។

រូបភាព HealthCambodia.com

ជំនន់ខេត្តកំពង់ចាម (រូបភាព HealthCambodia.com)

ផលប៉ះ​ពាល់​​​​​​​ខ្លាំង​ទៅលើ​​​​វិស័យ​កសិកម្ម និង​ហេដ្ឋា​​​រចនាសម្ព័ន្ធ

ខណៈ​ដែល​​​​ទឹក​ជំនន់​​​​នៅ​ឆ្នាំ​២០១៣​នេះ កំពុង​បន្ត​​​​វាយ​ប្រហារ​​​​បណ្តា​ខេត្ត​​​​មួយ​ចំនួន​ នៅ​ក្នុង​ប្រទេស​កម្ពុជា ​ មិន​ទាន់​ស្រាក​ស្រាន្ត​​​​នៅ​ឡើយ​នោះ មន្ត្រី​គណៈកម្មាធិការ​​​ជាតិ​គ្រប់​គ្រង​គ្រោះ​​​​មហន្តរាយ​បាន​​​​ឱ្យ​ដឹង​ថា វិស័យ​កសិកម្ម និង​ហេដ្ឋា​​​រចនាសម្ព័ន្ធ​ កំពុង​ទទួល​រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង។ ​ផ្ទៃ​ដី​កសិកម្ម​ប្រមាណ​ជាង ១១ម៉ឺន​ហិកតា និង​គេហដ្ឋាន​រាប់ម៉ឺន​គ្រួសារ​ផ្សេង​ទៀត កំពុង​រង់​ការ​លិចលង់។ យ៉ាងណាក៏ដោយ មន្ត្រី​រដ្ឋាភិបាល​បាន​អះអាង​ថា​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ ស្រោចស្រង់ និង​ស្ថាបនា​ឡើងវិញ។ នេះ​បើ​តាម​នាយ​ខុទ្ទកាល័យ​នៃ​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ នៅ​ថ្ងៃ​សុក្រ​នេះ។

លោក​បាន​បន្ត​​ថា ទឹក​ជំនន់​តាំង​ពី​ខែ​កញ្ញា​មក ដែល​នៅ​តែ​បន្ត​លិចលង់​នោះ បាន​បណ្តាលឱ្យ​ផ្ទៃ​ដី​កសិកម្ម​ដំណាំ​ស្រូវ​១១​ម៉ឺន​៥ពាន់​ហិកតា កំពុង​លិចលង់ ហើយដំណាំ​ស្រូវ​​៤១​ហិកតា​បាន​ខូចខាត​ទាំង​ស្រុង រួម​ទាំង​ដំណាំ​រួម​ផ្សំ​ចំនួន​៦៩០​ហិកតា​ផ្សេង​ទៀត​ រង​ការ​លិចលង់​ផង​ដែរ។ ក្រៅ​ពី​វិស័យ​កសិកម្ម​ដែល​កំពុង​រង​ការ​ខូចខាត​យ៉ាង​ដំណំ​នោះ​ បើ​តាម​លោក កែវ វី​ដដែល ជីវិត​មនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ខេត្ត​ចំនួន​៩​ដែល​រួម​មាន​ ខេត្ត​កណ្តាល ព្រៃវែង កំពង់ចាម ព្រះវិហារ រតនៈគីរី ជា​ដើម​នោះ ​ក៏​ត្រូវ​បាន​កាត់​ផ្តាច់​ផង​ដែរ។

គិត​ត្រឹម​ថ្ងៃ​សុក្រ​ទី៤ តុលា​នេះ ​ប្រជាពលរដ្ឋ​៣៩នាក់ បាន​ស្លាប់ ចំណែក​មនុស្ស​ប្រមាណ​ជាង ៦០ម៉ឺន​នាក់​ផ្សេង​ទៀត កំពុង​រង​ការ​ប៉ះពាល់ និង​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព ចំណែក​ឯ​ផ្ទះ​សម្បែង​ប្រមាណ​ជាង​១០ម៉ឺន​ខ្នង​ កំពុង​រង​ការ​លិចលង់ ខណៈ​​ដែល​សាលារៀន ចំនួន​៧៦០​ខ្នង និង​វត្ត​អារាម​៣៥៣​កន្លែង និង​មន្ទីរពេទ្យ​៤៥​កន្លែង រួម​ទាំង​ផ្លូវ​ជាតិ​ប្រវែង​៤៩​គីឡូម៉ែត្រ ផ្លូវ​លំ​១៣៣២​គីឡូម៉ែត្រ​​ រួម​ទាំង​ស្ពាន ១៣៧ កន្លែង​ ក៏​កំពុង​រង​ការវាយ​ប្រហារ​ផង​ដែរ។ នេះ​បើតាម​លោក​កែវ វី។

បើទោះបីជា​មិន​ទាន់​អាច​វាយ​តម្លៃ​ការ​ខូចខាត​ក្នុង​គ្រោះ​ទឹកជំនន់​ឆ្នាំ​ ២០១៣​យ៉ាងណាក៏ដោយ ក៏​មន្ត្រី​ជាន់​ខ្ពស់​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី​ដដែល បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​កសិកម្ម និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេង​ទៀត បាន​ត្រៀម​ស្បៀង​បម្រុង​រដ្ឋាភិបាល​រួច​ជា​ស្រេច​ សម្រាប់​ការ​ជួយ​សង្គ្រោះ ​ដំណោះ​ស្រូវ ក៏​ដូច​ជា​ការ​ផ្តល់​ពូជ​ស្រូវ​ពេល​រដូវ​ទឹក​សម្រក ព្រម​ទាំង​ការ​ជួសជុល និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រួច​រាល់​ហើយ។

រូបភាព HealthCambodia.com

ជំនន់ខេត្តកំពង់ចាម (រូបភាព HealthCambodia.com)

ផលប៉ះ​ពាល់​​​​ខ្លាំង​ទៅលើ​​​​វិស័យ​ទេសចរ

នៅ​ខេត្ត​​​​ព្រះសីហនុ ជាប់​មាត់​​​សមុទ្រ ​នៅ​ថ្ងៃ​​​បុណ្យ​ភ្ជុំ​ធំ កាលពី​ថ្ងៃ​​​​ម្សិលមិញ​ ចំនួន​​ភ្ញៀវ​​​ទេសចរ​ណ៏​​​​ទៅ​ដើរ​កំសាន្ត​​​​នៅក្នុង​ខេត្ត​ នេះ មានការ​​​​ថយចុះ ខណៈដែល​​​​អាកាស​ធាតុ​​​​មិនសូវ​អំណោយ​​​ផល​ប៉ុន្មាន​ឡើយ ដោយសារ​​​​មាន​ភ្លៀង​ធ្លាក់។ លោក តេង ខា ប្រធាន​មន្ទីរ​​​​ទេសចរ​ណ៏​​​​ខេត្ត​ព្រះសីហនុ​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ ថា ជាការ​កត់សម្គាល់ ចំនួន​ភ្ញៀវទេសចរ​ណ៏​ក្នុងស្រុក ដែល​មក​កម្សាន្ត​នៅក្នុង​ខេត្ត​នេះ ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មាន​ចំនួន​ប្រហែល៨០ភាគរយ​តែប៉ុណ្ណោះ បើ​ប្រៀបធៀប​នឹង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ឫ​ចូលឆ្នាំ​ចិន​នោះ ដែល​ភ្ញៀវ​មក​កម្សាន្ត​មាន​ចំនួន​ច្រើន ពេញ​មួយរយ​ភាគរយ។

លោក​បន្តថា ផ្ទះសំណាក់ និង​សណ្ឋាគារ​មួយចំនួន​នៅមាន​សល់​បន្ទប់​ជាច្រើន មិនមាន​ការ​កក់​ទុក​មុន​ច្រើន​ដូច​ពេល​បុណ្យចូលឆ្នាំ​នោះទេ។ បើតាម​ការកត់សម្គាល់​ ក្នុង​រយៈពេល​ពេល​បុណ្យ​ភ្ជុំ​បី​ថ្ងៃ​កន្លងមកនេះ​ប្រជាពលរដ្ឋ​ខ្មែរ ហាក់ដូចជា​មិនសូវ​ចាប់​អារ​ម្ម​ណ៏​ដើរ​កម្សាន្ត​ច្រើន​ប៉ុន្មាន​ឡើយ​នៅក្នុង ​ខេត្ត​មាត់សមុទ្រ​មួយ​នេះ។

ដោយឡែក បើតាម​លោក អាង គឹម​អៀង    ប្រធាន​សមាគម​ទីភ្នាក់ងា​ទេសចរណ៍​កម្ពុជា បាន​​​ថ្លែង​ឲ្យ​ដឹង​ពី​ខេត្តសៀមរាប​មក​ថា ចំនួន​ភ្ញៀវ​ចំនួន​ភ្ញៀវទេសចរ​ណ៏​មក​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប នា​ពិធីបុណ្យ​ភ្ជុំ​នេះ ហាក់​មិនមាន​ចំនួន​ច្រើន​កុះករ​នោះទេ។ លោក​បាន​កត់​សម្គាល់​ថា ដោយសារ​ជំនន់​ទឹកភ្លៀង​ធ្វើ​ឲ្យ​ផ្លូវ និង​ប្រាសាទបុរាណ​មួយចំនួន​ក្នុង​ខេត្តសៀម​រាប​​លិច​ទឹក ដែលជា​ការរំខាន​ដល់​ភ្ញៀវទេសចរ​ណ៏។ ក្នុងនោះ​ក៏មាន​ការកកស្ទះ​ចរាចរ​ណ៏​ផងដែរ។ លោក​បញ្ជាក់ថា ការថយចុះ​នេះ​អាច​បណ្តាល​មក​កត្តា​ជីវភាព​របស់​ប្រជាពលរដ្ឋ ដោយ​​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​នេះ ពួកគេ​ត្រូវ​ការជួបជុំ​បងប្អូន​សាច់ញាតិ​នៅ​ស្រុកកំណើត។

តំបន់​ទេសចរ​ណ៏​នៅ​ភាគ​ឦសាន​ឯណោះ​វិញ សម្រាប់​ខេត្តក្រចេះ បើតាម​លោក រ៉ុ​ន ភា​រ៉ា ប្រធាន​មន្ទីរ​ទេសចរ​ណ៏​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹងថា ដោយសារ​ជួប​គ្រោះទឹកជំនន់ ដែល​កំពុងតែ​ជន់​ឡើង​នេះ ធ្វើ​ឲ្យ​កន្លែង​កម្សាន្ត​ចំនួន​ត្រូវ​ជន់​លិច ដែល​ភ្ញៀវទេសចរ​ណ៏​មិនអាច​ទៅ​កម្សាន្ត​បាន​នោះទេ។ ប៉ុន្តែ​ជាទូទៅ ប្រធាន​មន្ទីរ​ទេសចរ​ណ៏​រូបនេះ បាន​កក់​សម្គាល់ថា មិនមាន​ភ្ញៀវ​ទេសចរ​ណ៏​ក្នុងស្រុក​មកលេង​ខេត្តក្រចេះ​ច្រើន​នោះទេ មានតែ​អ្នកដំណើរ​ឆ្លងកាត់ និង​ប្រជា​ពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្ត​មក​ចូលរួម​បុណ្យ​ភ្ជុំ​ជាមួយ​ ក្រុមគ្រួសារ​តែប៉ុណ្ណោះ៕

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៣

Google Analytics Alternative