រឿង​​ព្រេង​​​​​ប្រវត្តិ​បុណ្យ​​​​​ភ្ជុំ​បិណ្ឌ​​ និងបណ្តែត​​​​​ដូន​តា​

បុណ្យ​ភ្ជុំបិណ្ឌ​ ជាបុណ្យ​សាសនា​​​​ប្រពៃណី​ធំ​​​ជាងគេ​មួយ​​​​របស់​ប្រជាជន​ខ្មែរ​​​ មាន​លក្ខណៈ​ជា​​​ពិធី​បុណ្យ​​​​គោរព វិញ្ញាណក្ខន្ធ​​​​ដល់​បុព្វបុរស​ ញាតិសន្ដាន​ដែល​​​ធ្វើមរណ​កាលទៅ និង​ជាពិធី​​​​ជួបជុំ​គ្នានៃ​ញាតិ​សន្ដាន​សាច​​​ញាតិ​ទាំងអស់​ដែល​​​​នៅទី​ឆ្ងាយៗ។ ពិធីបុណ្យ​ភ្ជុំបិណ្ឌ សង្ស័យមានប្រវត្តិ​​​ទាក់ទងនឹង​​​រឿងព្រេងនិទាន។

រូបភាព HealthCambodia.com

រូបភាព HealthCambodia.com

មាន​សេចក្តី​​​​តំណាល​ថា​ មាន​ឈ្មួញ​​​​សំពៅ​៥០០​ ធ្វើ​ដំណើរ​ចេញ​ទៅ​​​​ជួញ​តាម​សមុទ្រ​ ។​​ លុះ​ទៅ​ដល់​​​​កោះ​មួយ​នោះ​ ជួន​ជា​ល្ងាច​​​​និង​ធ្វើ​ដំណើរ​ទៅ​មុខ​​​​ទៀត​ក៏​ស្ទើរ​ ទើប​នាំ​គ្នា​ចូល​​​​ចត​សំពៅ​​​​នៅ​ទីនោះ​ ។​ កោះ​នោះ​ជា​កោះ​​​​ដាច់​ស្រយាល​ឥត​​​​មាន​មនុស្ស​នៅ​ទេ​ ហើយ​ពេល​​​​យប់​តែង​តែ​មាន​ពួក​ប្រេត​នាំ​គ្នា​ដើរ​មក​រក​ស៊ី​ ។​

ពួក​ប្រេត​ទាំង​នោះ​ លុះ​ដើរ​ក្រវែល​រក​អាហារ​ ឃើញ​មនុស្ស​ដេក​ក្នុង​សំពៅ​ ក៏​ចាប់​មនុស្ស​កំពុង​ដេក​លក់​យក​ទៅ​ឱ្យ​ចៅហ្វាយ​វា​ខ្លះ​ គិត​នឹង​ហែក​សុី​ខ្លះ​ ។​ ពួក​មនុស្ស​ដេក​លក់​ដោយ​សារ​សំឡេង​ប្រេត​និយាយ​គ្នា​ ក៏​ភ្ញាក់​ឡើង​ភ័យ​ស្លុត​ យំ​សោក​ទ្រហឹង​ ខំ​អង្វរ​ករ​ដូច​ម្តេច​ក៏​ពួក​វា​ពុំ​ព្រម​ ហើយ​គិត​តែ​ពី​ចាប់​នាំ​ទៅ​ប្រគល់​ឱ្យ​ចៅ​ហ្វាយ​នាយ​វា​ ។​

សម្រែក​យំ​សោក​បណ្តាល​ឱ្យ​ផ្អើល​មនុស្ស​អស់​ទាំង​៥០០​ សំពៅ​ ។​ ពេល​នោះ​នាយ​សំពៅ​ម្នាក់​ជា​អ្នក​ឈ្លាស​វៃ​នឹក​ឃើញ​ថា​ «បើ​ទោះ​ជា​ត្រូវ​ស្លាប់​ក៏​ត្រូវ​តែ​ហ៊ាន​ប្រថុយ​និយាយ​តវ៉ា​ឱ្យ​អស់​ចិត្ត ​សិន​ មិន​ត្រូវ​ឱ្យ​គេ​ផ្តាច់​ជីវិត​ ទទេៗ​ឡើយ​» ។ គិត​ហើយ​ក៏​តាំង​ស្មារតី​អង់​អាច​និយាយ​ទៅ​កាន់​ស្តេច​ប្រេត​ សូម​ឱ្យ​លែង​ពួក​ខ្លួន​ តែ​ស្តេច​ប្រេត​នោះ​ឆ្លើយ​ថា​ «យើង​នឹង​លែង​ពួក​ឯង​ទៅ​វិញ​មិន​បាន​ទេ​ ព្រោះ​ពួក​យើង​ស្រេក​ឃ្លាន​ណាស់​…យ៉ាង​នេះ​ម្តង​ បើ​លែង​ពួក​អ្នក​ឯង​ទៅ​ មិន​ដឹង​ជា​កាល​ណា​នឹង​បាន​ទៀត​ទេ​ ពួក​យើង​ខ្សត់​អាហារ​ណាស​ !» ។​

នាយ​ឈ្មួញ​អង្វរ​ថា​ ៖
-​សុំ​ លោក​លែង​ពួក​យើង​ទាំង​អស់​វិញ​ចុះ​ យើង​សន្យា​ថា​ «នឹង​ទទួល​រក​អាហារ​ជូន​លោក​រាល់​ឆ្នាំ​ លុះ​ត្រា​តែ​អស់​ជីវិត​ បើ​លោក​ពិសា​យើង​ទៅ​នោះ​ លោក​បាន​ឆ្អែត​តែ​មួយ​គ្រា​ប៉ុណ្ណោះ​ អំណិេះត​ទៅ​លោក​នឹង​ត្រូវ​អត់​ឃ្លាន​ទៀត​ បើ​ពួក​យើង​សន្យា​នឹង​លោក​យ៉ាង​នេះ​ តើ​លោក​យក​ផ្លូវ​ណា​ ?​ លោក​សុខ​ចិត្ត​ពិសា​រូប​យើង​ឱ្យ​បាន​តែ​មួយ​ចម្អែត​ ឬ​ក៏​សុខ​ចិត្ត​ទុក​ជីវិត​ពួក​យើង​ដើម្បី​ឱ្យ​ទៅ​រក​អាហារ​ជូន​លោក​វិញ​ ?» ។​

ពួក​ប្រេត​ឮ​សំណើ​នៃ​នាយ​ឈ្មួញ​ដូច្នេះ​ ក៏​គិត​គ្នា​មួយ​សន្ទុះ​ ទើប​ព្រម​ដោះ​លែង​ពួក​ឈ្មួញ​ ហើយ​ផ្តាំ​ផ្ញើ​ថា​ «កាល​បើ​ពួក​អ្នក​បាន​ទៅ​ដល់​ស្រុក​ទេស​ខ្លួន​ហើយ​ កាល​ណា​មាន​ខ្យល់​ជំនោរ​ធ្លាក់​មក​ពី​ទិស​ខាង​ជើង​ អ្នក​ទាំង​អស់​គ្នា​ត្រូវ​ធ្វើ​ក្បូន​ផ្ទុក​ធញ្ញ​ជាតិ​ និង​អាហារ​គ្រប់​យ៉ាង​ មាន​លាជ​ សណ្តែក​ ល្ង​ ដូង​ អំបុក​ ចេក​ ជា​ដើម​ បណ្តែត​តាម​ខ្សែ​ទឹក​មក​ឱ្យ​យើង​ចុះ​ មិន​បាច់​នាំ​មក​ផ្ទាល់​ទេ​ ជំនោរ​ខ្យល់​នឹង​បញ្ជូន​មក​ដល់​យើង​ហើយ​» ។​

ឮ​តែ​ប៉ុណ្ណេះ​ ពួក​អ្នក​សំពៅ​អរ​រក​អ្វី​ប្រៀប​ពុំ​បាន​ ហើយ​ក៏​នាំ​គ្នា​ចុះ​សំពៅ​រចោក​រចល់​ខ្ញៀវ​ខ្ញារ​បើក​ចេញ​​ផុត​ពី​នោះ​យ៉ាង​ ប្រញាប់​ ។​ លុះ​ទៅ​ដល់​ភូមិ​ស្រុក​ ជួប​ជុំ​គ្រួសារ​ហើយ​ត្រូវ​នឹង​ពេល​ជិត​ដល់​រដូវ​ភ្ជុំ​ ដែល​ទឹក​ឡើង​ជា​លំដាប់​ផង​ អ្នក​ដែល​បាន​សន្យា​នឹង​ប្រេត​ទាំង​នោះ​ក៏​នាំ​គ្នា​ធ្វើ​នំ​នែក​ រក​ចេក​អំពៅ​ លាជ​ ស្រូវ​ អង្ករ​ ផ្លែ​ឈើ​ ដែល​មាន​ក្នុង​រដូវ​នោះ​ធ្វើ​ពោង​ពាយ​ ហើយ​ដាក់​បណ្កែត​បញ្ជូន​ទៅ​ឱ្យ​ប្រេត​តាម​ខ្សែ​ទឹក​រាល់​ឆ្នាំ​ ។​

មនុស្ស​ជាន់​ដើម​កាន់​ពាក្យ​សច្ចៈ​ល្អ​ណាស់​ បើ​និយាយ​សន្យា​ថា​ដូច​ម្តេច​ហើយ​ មិន​ហ៊ាន​បំពាន​ទេ​ ។​ ចំណេរ​ត​មក​ អ្នក​ស្រុក​ក៏​នាំ​គ្នា​ធ្វើ​ តៗ​មក​ ទៅ​ជា​ទំនៀម​ទម្លាប់​ដោយ​យល់​ថា​ «ធ្វើ​បុណ្យ​បណ្តែត​ស្រូវ​អង្ករ​ទៅ​ឱ្យ​ដូន​តា​ ដែល​ទៅ​កើត​ជា​ប្រេត​ ស្ថិត​នៅ​ឯ​ស្រុក​ទន្លេ​ស្ងួត​ កន្តួត​មួយ​ដើម​» នោះ​វិញ​ ៕​

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ប្រភព៖  ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រជុំ​រឿង​ព្រេង​ខ្មែរ​

ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៣

Google Analytics Alternative