វត្ត​ជិត​១០០​​​ក្នុង​ខេត្ត​៣​ និងសាលារៀន​​​​៣៣៦​កន្លែង ត្រូវ​ទឹក​ជន់​លិច

ពេលមាន​ទឹក​ជំនន់​​​​ជន់​លិច​​​​តាម​ខេត្ត ក្រុង​មួយ​​​​ចំនួន​ ក្រៅពីមានមនុស្ស​​​ស្លាប់ជាង​​​៣០នាក់ វត្តអារាម​​​​ជាច្រើន ស្រែចំការ និងសាលារៀន​​​​ក៏​ត្រូវ​បាន​ជន់​លិច​​​​ធ្ងន់ធ្ងរ​ដែរ រហូត​មិន​អាច​​​​ឲ្យ​ពុទ្ធ​បរិស័ទ​​​​ធ្វើ​ដំណើរ​ទៅ​បុណ្យ​ក្នុង​​​​ពិធី​កាន់​បិណ្ឌ និងសិស្សមិនអាច​​​ទៅរៀនបាន ។

វត្ត​កោះប្រាក់ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៣ (រូបភាពពី RFA)

វត្ត​កោះប្រាក់ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៣ (រូបភាពពី RFA)

វត្ត​ជិត​១០០​​​ក្នុង​ខេត្ត​៣​ ត្រូវ​ទឹក​​​​ជន់​លិច

វត្ត​អារាម​ជិត ១០០​វត្ត នៅ​ខេត្ត​ចំនួន ៣ ត្រូវ​បាន​​​​រង​គ្រោះ​​​​ដោយសារ​​​​ទឹក​ជំនន់​នៅ​​​​ក្នុង​ឆ្នាំ​នេះ។ មន្ត្រី​ជាន់​ខ្ពស់ ​នៃ​ក្រសួង​ធម្មការ​​​​និង​សាសនា ​មាន​ប្រសាសន៍ប្រាប់ វិទ្យុអាសីសេរី ថានៅ​ថ្ងៃ​ទី​២ ខែ​តុលា ថា វត្ត​នៅ​​​​ខេត្ត​ក្រចេះ និង​ខេត្ត​កំពង់ធំ រង​គ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ​រហូត​ធ្វើ​ឲ្យ​ព្រះសង្ឃ​ខ្លះ​ត្រូវ​បង្ខំ​ ព្រះទ័យ​និមន្ត​ចេញ​ពី​វត្ត​មក​គង់​នៅ​ទី​ទួល​មាន​សុវត្ថិភាព​បណ្ដោះអាសន្ន។ តាម​របាយការណ៍​ផ្លូវ​ការ​ពី​ក្រសួង​ធម្មការ​បង្ហាញ​ថា ខេត្ត​បន្ទាយមានជ័យ មាន ៨​វត្ត ត្រូវ​បាន​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់ ហើយ​ខេត្ត​ស្ទឹងត្រែង មាន ១៣​វត្ត បាន​ជន់​លិច​ដែរ។ ប៉ុន្តែ​ទំហំ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ មិន​បាន​លម្អិត​ក្នុង​របាយការណ៍​នោះ​ទេ។

សាលារៀន​ប្រមាណ​៣៣៦​កន្លែង​ត្រូវ​បិទ​ទ្វារ​ដោយសារ​ទឹក​ជន់​លិច

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​ទើប​ចូល​កាន់​តំណែង បាន​មាន​ប្រសាសន៍ ​ប្រាប់វិទ្យុអាសីសេរី នៅ​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១៣ ថា មាន​សាលារៀន​សរុប ៣៣៦ ទូទាំង​ប្រទេស​មិន​អាច​បើក​ទ្វារ​ទទួល​សិស្ស​ឲ្យ​ចូល​បើក​បវេសនកាល​បាន​នៅ​ ថ្ងៃ​ដំបូង​ដោយសារ​ទឹក​ជន់​លិច។ សាលា​ទាំង ៣៣៦ នោះ​ស្ថិត​ក្នុង​ខេត្ត​ព្រៃវែង កណ្ដាល កោះកុង បន្ទាយមានជ័យ បាត់ដំបង ក្រចេះ និង​ខេត្ត​រតនគិរី។ ​ក្នុង​ចំណោម​សាលា​ទាំង ៣៣៦ ដែល​លិច​ទឹក​នោះ មាន​សាលា​បឋមសិក្សា​ចំនួន ២៨៨។

ស្រូវ​ប្រមាណ​៤​ពាន់​ហិកតារ​ប្រឈម​នឹង​ការ​ខូចខាត​នៅ​ស្ទឹងត្រែង

ដំណាំ​ស្រូវ​ប្រមាណ ៣ ទៅ ៤​ពាន់​ហិកតារ អាច​ប្រឈម​មុខ​ទៅ​នឹង​ការ​ខូចខាត​ទាំង​ស្រុង​នៅ​ស្រុក​ចំនួន​ពីរ គឺ​ស្រុក​សៀមប៉ាង និង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង បន្ទាប់​ពី​ទឹក​ជំនន់​ជន់​លិច​ច្រើន​ថ្ងៃ​កន្លង​ទៅ​នេះ។ អភិបាល​រង​ខេត្ត​ស្ទឹងត្រែង លោក យ៊ូ បាសិទ្ធ នៅ​ថ្ងៃ​អង្គារ ទី១ ខែ​តុលា មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​មិន​ទាន់​ទទួល​បាន​សេចក្តី​រាយការណ៍​ជាក់​លាក់​ពី​ផល​ស្រូវ​ រង​ការ​ខូចខាត​នៅ​តាម​បណ្ដា​ស្រុក​ក្រុង ដែល​រងគ្រោះ​ទឹក​ជំនន់​ផ្សេង​ទៀត​នៅ​ឡើយ​ទេ ក៏ប៉ុន្តែ សេចក្តី​រាយការណ៍​បណ្ដោះ​អាសន្ន​ឲ្យ​ដឹង​ថា ស្រូវ​ជាង ៨​ពាន់​ហិកតារ និង​ដំណាំ​រួម​ផ្សំ​ជាង ១​ពាន់​ហិកតារ​ផ្សេង​ទៀត ត្រូវ​ទឹក​ជន់​លិច។

មនុស្ស​ជាង​៣០​នាក់​ស្លាប់​ដោយសារ​ទឹក​ជំនន់

​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឲ្យ ​ដឹង​ថា មក​ទល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា តួលេខ​បឋម ទឹក​ជំនន់​នៅ​ទូទាំង​ប្រទេស​បាន​សម្លាប់​មនុស្ស​ជាង ៣០​នាក់ និង​បង្ខំ​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ផ្សេង​ទៀត​ឲ្យ​ជម្លៀស​ចេញ​ពី​ ផ្ទះសំបែង។ ទឹក​ជំនន់​ទន្លេ​មេគង្គ​លើ​នៅ​ខេត្ត​ក្រចេះ ស្ទឹងត្រែង កំពង់ចាម ចាប់​ផ្ដើម​ស្រក​ក៏​ពិត​មែន ប៉ុន្តែ​តាម​ការ​ព្យាករ​កម្ពស់​ទឹក​អាច​នឹង​ហក់​ឡើង​វិញ បើ​សិន​ជា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។ សន្ទូង​និង​ដំណាំ​ផ្សេងៗ​រាប់​ពាន់​ហិកតារ ត្រូវ​បាន​ជន់​លិច​យូរ បណ្ដាល​ឲ្យ​រលួយ​និង​ខូចខាត​ស្ទើរ​ទាំង​ស្រុង។

ចំណែក តួលេខ​បណ្ដោះ​អាសន្ន​របស់​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​ថា គ្រោះ​ទឹក​ជំនន់​ឆ្នាំ​នេះ ប្រជាពលរដ្ឋ​ជាង ៧​ពាន់​គ្រួសារ រង​ផល​ប៉ះពាល់​ដោយ​ទឹក​លិច​ភូមិ និង​ផ្ទះ​សម្បែង ក្នុង​នោះ​ប្រជាពលរដ្ឋ​ជាង ១.៣០០​គ្រួសារ ត្រូវ​ជម្លៀស​ទៅ​ស្នាក់នៅ​ទី​ទួល​សុវត្ថិភាព។ ដោយ​ឡែក ស្ពាន​ជាង ១០០​កន្លែង វត្ត​ចំនួន ១៨​វត្ត សាលា​រៀន ២២​សាលា ផ្លូវ​កៅស៊ូ​ជាង ៩​ពាន់​ម៉ែត្រ និង​ផ្លូវ​លំ​ជាង ១៥​ម៉ឺន​ម៉ែត្រ ត្រូវ​ទឹក​ជន់​លិច និង​ប្រជាពលរដ្ឋ ២​នាក់​បាន​ស្លាប់​ដោយ​លង់​ទឹក៕

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៣

Google Analytics Alternative