កម្ពុជា​​អាច​​បន្ត​​​ទទួល​​ឥទ្ធិពល​​​​ពី​ប្រព័ន្ធ​សម្ពាធ​​​​ទាប​ថ្មី​មួយ​​​​​ ពី​ប្រទេស​ចិន

ក្រសួង​ធនធាន​ទឹក​​ប្រកាស​​ឲ្យ​​សាធារណជន​​ប្រុង​ប្រយ័ត្ន ខណៈ​កម្ពុជា​ទទួល​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប​ថ្មី​មួយ​​ពី ​ប្រទេស​ចិន ដែល​នាំឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​ខេត្ត​មួយចំនួន ចាប់ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ដល់​​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៣។

ទឹកជំនន់ នៅក្រុងកំពង់ចាម ២៧ កញ្ញា ២០១៣

ទឹកជំនន់ នៅក្រុងកំពង់ចាម ២៧ កញ្ញា ២០១៣

សេចក្តីជូនដំណឹង​ ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក លឹម គានហោ ឲ្យដឹងថា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រព័ន្ធ​សម្ពាធ​ទាប​​កំពុង​​អូស​កាត់​លើ​ប្រទេ​សទ្បា​វ ភាគខាង​ត្បូង រួច​នឹង​រំកិល​​មក​អូស​កាត់​លើ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​សុក្រ​ ទី​២៧ ខែកញ្ញានេះ​។ ក្រសួង​​ធន​ធាន​ទឹក និង​​ឧតុ​និយម ជូន​ដំណឹង​​ឲ្យ​​ក្រសួង​​ពាក់​ព័ន្ធ អាជ្ញាធរ​​ដែន​ដី និង​​សាធារណ​ជន​​ទាំង​អស់ ​ប្រុង​ប្រយ័ត្ន​​ខ្ពស់ ដោយ​សារ​​កម្ពុជា​​នឹង​​ទទួល​​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប​ថ្មី​មួយ​​ពី ​ប្រទេស​ចិន ដែល​នាំឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​ខេត្ត​មួយចំនួន ចាប់ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ដល់​​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៣​។​

​​អាកាសធាតុ​នឹង​បង្ក​ឲ្យមាន​ភ្លៀង​ធ្លាក់​ ច្រើន​ជា​បន្តបន្ទាប់ នៅក្នុង​អាង​ទន្លេមេគង្គ​លើ ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១ ខែតុលា នៅក្នុង​ខេត្ត​កំពង់​ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រះសីហនុ និង​ខេត្ត​កោះកុង​។ ការ​ធ្លាក់ភ្លៀង​នេះ នឹង​​បង្ក​ឲ្យ​ទឹកជំនន់​ទន្លេមេគង្គ​ហក់​ទ្បើង​ជា​ថ្មី​ទ្បើង​វិញ​។​

ក្រសួង ធនធាន​ទឹក​កាល​ពី​ម្សិលមិញ​បាន​ប្រកាស​ជា​ថ្មី​ទៀត​ថា ជំនន់​ទឹក​ទន្លេ​មេគង្គ នឹង​ហក់​ឡើង​វិញ​ដោយ​សារ​ភ្លៀង​ធ្លាក់​ច្រើន​ក្នុង​ខេត្ត​ទាំង ១១ របស់​ប្រទេស​កម្ពុជា និង​បាន​ស្នើ​ឲ្យ​ប្រជា​នេសាទ ផ្អាក​សម្មភាព​នេសាទ​តាម​សមុទ្រ ចាប់​ពី​ថ្ងៃ​ទី ២៩ កញ្ញា ដល់​ថ្ងៃទី ០២ ខែ តុលា។

​គួរបញ្ជាក់ មន្ត្រី​ជំនាញ ឲ្យដឹង​កាលពី​ថ្ងៃ​ពុធ​​ថា យ៉ាងហោច​ណាស់​មនុស្ស​១២​នាក់ បាន​ស្លាប់​ដោយសារ​ទឹកជំនន់ ចាប់ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៣​នេះ ក្នុង​ខេត្ត​ចំនួន​៥ ដែល​កំពុង​រងគ្រោះ​ខ្លាំង  រួមមាន ខេត្ត​កំពង់ចាម ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង​។ ក្នុង​ខេត្ត​កំពង់ចាម មនុស្ស​៦​នាក់ ស្លាប់ ឧត្តរមានជ័យ ២​នាក់ ក្រចេះ ២​នាក់ ស្ទឹងត្រែង​១​នាក់ និង​រតនគិរី ១​នាក់​ (សូមចុចអាន មានប្រជាពលរដ្ឋខ្មែរចំនួន១២នាក់ហើយស្លាប់ដោយសារទឹកជំនន់)

លោក សំ ចាន់ថា អាយុ៥៦ឆ្នាំ​ ជា​ប្រជា​នេសាទ​ម្នាក់ នៅ​ខេត្ត ព្រះសីហនុ បាន​ឲ្យ​ដឹង តាមរយះគេហទំព័រ​​ភ្នំពេញប៉ុស្តិ៍ ​ ​ថា អាជ្ញាធរ​បាន​ផ្សព្វ​ផ្សាយ​សេចក្តី​ជូន​ដំណឹង​នេះ​ដើម្បី​ឲ្យ​ប្រជា​នេសាទ​ មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ឥទ្ធិពល​ព្យុះ​មួយ​នេះ​ដោយ​សំណូមពរ​ឲ្យ​ផ្អាក ​ការ​នេសាទ​ក្នុង​អំឡុង​ពេល​នេះ។ លោក​និយាយ​ថា៖ «បន្ទាប់​ពី​បាន​ដឹង​សេចក្តី​ជូន​ដំណឹង​នេះ យើង​នឹង​គិត​គូ​ពី​សុវត្ថិភាព​យើង​និង​ក្រុម​គ្រួសារ​ពេល​នេសាទ​នៅ​សមុទ្រ​ ខ្លាច​ជួប​ព្យុះ រលក​ធំ​ក្នុង​ថ្ងៃ​នោះ»។

យោង​តាម​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា គ្រោះ​ទឹក​ជំនន់ ក្នុង​ឆ្នាំ​នេះ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ២៥ នាក់​ហើយ និង​មាន​ប្រជា​ពលរដ្ឋ​ជិត ២ ពាន់​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង ហើយ​ដី​ស្រែ​ចម្ការ​ច្រើន​ពាន់​ហិកតា ត្រូវ​រងនូវ​ការ​ខូច​ខាត។ ការ​ជូន​ដំណឹង របស់​ក្រសួង ធនធាន​ទឹក​នេះ ខណៈ​ដែល​ស្រុក​ជាច្រើន​នៃ​ខេត្ត​មួយ​ចំនួន ដូចជា ខេត្ត ស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្រូវ​បាន​ទឹក​ជំនន់​ទន្លេ​មេគង្គ​ជន់​លិច ហើយ​ស្រុក​មួយ​ចំនួន​ទៀត ក្នុង​ខេត្ត បន្ទាយ​មាន​ជ័យ និង​ឧត្តរ​មាន​ជ័យ ក៏​ត្រូវ​បាន​ទឹក​ជន់​លិច​ផង​ដែរ ដោយ​សារ​ទឹក​ហូរ​បុក​មក​ពី​ទឹក​ដី​ថៃ៕

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣

Google Analytics Alternative