ទិន្នន័យ​ក្រសួង​​​​លុប​បំបាត់​​​​ឱសថ​ខុស​ច្បាប់ ​ស្ទើរ​ជា​រឿង​​​​មិន​សម​ហេតុផល

នេះជាចំណងជើង​​​បទវិភាគមួយ ដោយលោក តុង សុប្រាជ្ញ ដែលបាន​​​​ចុះផ្សាយ​​​តាមគេហទំព័រ​​​​​ភ្នំពេញប៉ុស្តិ៍ កាលពីពេល​​​​ថ្មីៗនេះ។ ដោយយល់ថា​​​អត្ថបទបង្កប់​​​ទៅដោយ​​​គំនិតល្អៗ គេហទំព័រ​​​​សុខភាព​កម្ពុជា​​​សូមធ្វើការ​​​ចុះផ្សាយ គ្រាន់ជាការពិចារណា។

រូបភាព​​​ទស្សនាវដ្តី​​​សុខភាពយើង

រូបភាព​​​ទស្សនាវដ្តី​​​សុខភាពយើង

បញ្ហា​ទំនាក់​ទំនង​​​​គ្នា​រវាង​ឱសថ​​​​និង​សុខភាព គឺ​នៅ​តែ​ជា​​​​អាវុធ​មុខ​ពីរ​​​​ដដែល បើ​ថ្នាំ​ល្អ មិន​ក្លែងក្លាយ​​​​ប្រើ​ទៅ​​​​វា​ជា តែ​បើ​ថ្នាំ​ក្លែងក្លាយ ឬ​ក៏​ហួស​​​​កាល​កំណត់ ប្រើ​ទៅ​គឺ​​​​ធ្វើ​ឲ្យ​ប៉ះពាល់​​​​សុខភាព​អ្នក​ជំងឺ​​​​យ៉ាង​ធ្ងន់ធ្ងរ​​​​ទៅ​វិញ ហើយ​ថ្នាំ​ខ្លះ ធ្វើ​ឲ្យ​អ្នក​​​​ជំងឺ​ទៅ​ជា​មាន​​​​ភាព​ស៊ាំ (Drug resistance) ទៅ​ហ្នឹង​ថ្នាំ​នោះ ដាក់​ថ្នាំ​ហ្នឹង​លែង​ជា​ទៅ​វិញ។

តើ​ប្រជា​ពលរដ្ឋ​ប៉ុន្មាន​នាក់​ដឹង​ថា តើ​ថ្នាំ​ពេទ្យ​ដែល​ដាក់​លក់​នោះ ជា​ថ្នាំ​ខុស​ច្បាប់? បើ​អ្នក​លក់​ថ្នាំ​ពេទ្យ មិន​មាន​សញ្ញាបត្រ​ឱសថការី​ទាំង​នោះ គឺ​ខុស​ច្បាប់​ទៅ​ហើយ​នោះ តើ​ធ្វើ​ម៉េច​បាន​ដឹង​ថា គាត់​មាន​មនសិការ​លក់​ថ្នាំ​ពេទ្យ​ស្រប​ច្បាប់​ដូច​អ្នក​មាន​សញ្ញាបត្រ​ទៅ? កន្លង​មក​នេះ ក្រសួង សុខាភិបាល បាន​អនុវត្ត​បាន​ប្រសើរ​ឡើង​នូវ​សេវា​សុខភាព​សាធារណៈ ដូចជា ការ​ផ្តល់​ថ្នាំ​បង្ការ​កុមារ ការ​ទប់​ស្កាត់​ជំងឺ​អេដស៍ ការ​ធ្វើ​ផែនការ​គ្រួសារ​ជាដើម។ តែ​សម្រាប់​សេវា​ឯកជន​ឃើញ​ថា នៅ​មាន​បញ្ហា​ជាច្រើន ដែល​ត្រូវ​ដោះស្រាយ​នោះ ឃើញ​ថា ទាំង​សាមី​ក្រសួង​សុខាភិបាល និង​អន្តរ​ក្រសួង​នានា​បាន​ខិតខំ​បង្ក្រាប​បទ​ល្មើស​ការ​រត់​ពន្ធ និង​ការ​លក់​ឱសថ​ក្លែង​ក្លាយ​បាន​ច្រើន​គួរ​សម។

តែ​ការ​ដែល​លើក​ឡើង​ថ្មីៗ​នេះ​ តាម​រយៈ​គេហទំព័រ​សុខភាព​កម្ពុជា​ថា ក្រសួង សុខាភិបាល ធ្វើ​ឲ្យ​សម្រេច​ជោគជ័យ នូវ​ការ​លុប​បំបាត់​ឱសថ​ក្លែង​ក្លាយ និង​សេវា សុខាភិបាល ខុស​ច្បាប់។ លោក វេជ្ជបណ្ឌិត ជូ យ៉ិនស៊ីម រដ្ឋ​លេខាធិការ​ក្រសួង សុខាភិបាល បាន​មាន​ប្រសាសន៍​ថា៖ «តាម​រយៈ​ផែនការ​យុទ្ធសាស្រ្ត​ជំហាន​ទី១ ឆ្នាំ ២០០៥ – ២០១០ យើង​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​មោទនៈ​ដោយ​យើង​បាន​លុប​បំបាត់​ឱសថ​ក្លែងក្លាយ​ ស្ទើរ​តែ ១០០ ភាគរយ។ តួលេខ​ចុង​ក្រោយ​នេះ បង្ហាញ​ថា ឱសថ​ខុស​ច្បាប់​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ០,១៨ ភាគរយ»។

តួលេខ របស់​ក្រសួង​ដែល​បង្ហាញ​នេះ មិន​ដឹង​ថា តើ​ការ​កំណត់​និយមន័យ​របស់​ឱសថ​ក្លែងក្លាយ​ខុស​ច្បាប់ ឬ​មួយ​មក​ពី​ការ​ប្រមូល​របាយ​ការណ៍​ពី​ថ្នាក់​ក្រោម​មក​ហ្នឹង គឺ​សុទ្ធ​តែ​បង្ក្រាប​បាន​មាន​ប្រសិទ្ធភាព? ឬ​មួយ​ក៏​ការ​កំណត់​សូចនាករ​យ៉ាង​ដូចម្តេច​បាន​ជា​ធ្លាក់​ចុះ​នៅ​សល់​តែ ០,១៨ ភាគរយ​តិច​ម៉្លេះ? ឧទាហរណ៍៖ កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ ខ្ញុំ​បាន​ដើរ​រក​ទិញ​ថ្នាំ​លាប​ច្រាំង​អណ្តាត​កូន​ង៉ែត ថ្នាំ​ម៉ាក ខេនឌីយ៉ូ (Candio) ដែល​ជាតិ​ថ្នាំ​នោះ​ចូល​ក្នុង​កូន​ង៉ែត​មិន​មាន​បញ្ហា​។ រក​ទិញ​មិន​បាន​ខ្ញុំ​សង្កេត​ឃើញ​ថា បើ​អ្នក​លក់​ថ្នាំ​ដែល​មាន​វិជ្ជាជីវៈ មាន​សញ្ញាបត្រ​ត្រឹម​ត្រូវ ឈរ​លក់ គឺ​គាត់​ប្រាប់​ថា ថ្នាំ​ម៉ាក​ហ្នឹង​អត់​មាន​ទេ ឬ​មាន​ដែរ​តែ​ហួស​កាល​បរិច្ឆេទ​កំណត់​មិន​លក់​ឲ្យ​ទេ។ តែ​បើ​អ្នក​លក់​គ្មាន​សញ្ញាបត្រ ឬ​កូន​ក្មេង​ឈរ​លក់​វិញ គឺ គាត់​ថា មាន​ហើយ​គាត់​លក់​ឲ្យ​ខ្ញុំ នៅ​ពេល​ដែល​ខ្ញុំ​មើល​កាល​បរិច្ឆេទ​ឃើញ ហួស​កាល​កំណត់​តាំង​ពី​ខែ តុលា ឆ្នាំ ២០១២។ ខ្ញុំ​ប្រាប់​គាត់​វិញ​ថា ថ្នាំ​នេះ​ហួស​កាល​កំណត់ ១ ឆ្នាំ​ទៅ​ហើយ ហេតុអ្វី​បាន​ជា​មីង​លក់​ឲ្យ​ខ្ញុំ? គាត់​យក​ពី​ដៃ​ខ្ញុំ ហើយ​ថា​អត់​មាន​អា​ថ្មី​ទេ​គឺ​ដាច់​ស្តុក​ហើយ។

តើ​មាន​អ្នក​ទិញ​ថ្នាំ​ពេទ្យ​ប៉ុន្មាន​នាក់ ដែល​ទៅ​ទិញ​ថ្នាំ​បាន​គិត​ពី​មូលដ្ឋាន​ស្រប​ច្បាប់ ការ​មើល​កាល​បរិច្ឆេទ​កំណត់​របស់​ថ្នាំ​នោះ​បើ​ម្នាក់ៗ​មើល​ទៅ​ឃើញ​ទិញ​ ថ្នាំ​ហើយ​ដើរ​ចេញ​ពី​កន្លែង​លក់​ថ្នាំ​ពេទ្យ​ដោយ​ពុំ​បាន​ពិនិត្យ​មើល​អ្វី ​ផង​នោះ?

ក្រៅ​ពី​នោះ មាន​អ្នក​លក់​ថ្នាំ​ភាគ​ច្រើន គឺ​ឆ្កឹះ​ថ្នាំ​ពេទ្យ​ចេញ មក​ហើយ​ដាក់​ផ្សំ​គ្នា​ទៅ​តាម​ជំងឺ ដូចជា ក្តៅ​ខ្លួន ផ្តាសាយ ចុក​ពោះ រាក គ្រុនចាញ់​ជាដើម គឺ​អ្នក​ទិញ មិន​បាន​ដឹង​ថា តើ​ថ្នាំ​ដែល​ផ្សំ​ឲ្យ​នោះ គឺ​ហួស​កាល​កំណត់ ឬ​ក្លែង​ក្លាយ​ទេ ហើយ​គ្រូពេទ្យ​ខ្លះ ដែល​បើក​ព្យាបាល​អ្នក​ជំងឺ​ហើយ​លក់​ថ្នាំ​ទៀត​គឺ​ថ្នាំ​ដែល​លក់​នោះ គឺ​ឆ្កឹះ​សម្បក​ថ្នាំ​ចេញ​ដូច​គ្នា​មិន​ដឹង​កាល​បរិច្ឆេទ​ឬ​ក៏​ក្លែង​ក្លាយ ក៏​មិន​ដឹង​ដែរ ហើយ​លក់​ឲ្យ​អ្នក​ជំងឺ គ្រាន់​តែ​ប្រាប់​ថា ថ្នាំ​ពណ៌​នេះ​លេប​ប៉ុន្មាន​ដង និង​ពណ៌​នោះ​លេប​ប៉ុន្មាន​ដង​។ ថ្នាំ​ជិត​ហួស​កាល​កំណត់​ជា​ច្រើន​ត្រូវ​បាន​លក់​ចេញ​ពី​ទីក្រុង​ទៅ​ជនបទ ដែល​មាន​តម្លៃ​ថោកៗ ព្រោះ​នៅ​ជនបទ​ភាគ​ច្រើន​ទាំង​អ្នក​លក់​ទាំង​អ្នក​ទិញ​មិន​ចេះ​មើល​កាល​ បរិច្ឆេទ​ទេ ហើយ​នៅ​តែ​មាន​អ្នក​លក់​ថ្នាំ​ពេទ្យ​ចល័ត​ដាក់​កន្ទុយ​ម៉ូតូ​ដែល​ពី​មុន​គេ​ ច្រើន​ហៅ​ថា អ្នក​លក់​ថ្នាំ កើត​ជំងឺ​ស្វាយ ដែល​កាល​ពី​មុន​ផ្សំ​ថ្នាំ​ជំងឺ​ស្វាយ ច្រើន​តែ​លក់​នៅ​ជុំវិញ​ផ្សារ​និង​ក្បែរៗ​ផ្ទះ​បន។ នៅ​មាន​គ្រូពេទ្យ​ដើរ​ចាក់​ថ្នាំ និង​ឲ្យ​ថ្នាំ​តាម​ផ្ទះ​ខុស​ច្បាប់​ក៏​អ្នក​ជំងឺ​មិន​ដឹង​ថា ថ្នាំ​នោះ​ក្លែង​ក្លាយ ឬ​ក៏​ហួស​កាល​កំណត់​នោះ​ដែរ។

ឧទាហរណ៍៖ គ្រាន់​តែ​នៅ​ស្រុក​ប្រតិបត្តិ​សុខាភិបាល អង្គរជុំ ខេត្ត សៀមរាប បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អាជ្ញាធរ​ស្រុក អ្នក​រក​ស៊ី​ខុស​ច្បាប់​ដើរ​ចាក់​ថ្នាំ​តាម​ផ្ទះ​ខុស​ច្បាប់​នៅ​ដើម​ឆ្នាំ​ នេះ គឺ​មាន​ដល់​ទៅ ៥៦ ករណី។ ម្យ៉ាង​ទៀត​ឱសថស្ថាន​ខ្លះ អ្នក​ឈរ​ឈ្មោះ​មាន​សញ្ញាបត្រ​ឱសថការី​នៅ​ខេត្ត តែ​មិន​បាន​ទៅ​ឈរ​លក់​ថ្នាំ​នៅ​ទី​នោះ​ទេ គឺ​គាត់​នៅ​ភ្នំពេញ​ឯណេះ មួយ​ខែ​មួយ​ខួប​ទៅ​អើត​ម្តង។ ទាំង​នេះ គឺ​សុទ្ធ​តែ​ការ​បម្រើ​សេវា​សុខាភាព​ឯកជន​ខុស​ច្បាប់​ទាំង​អស់ ហើយ​នៅ​តែ​កើត​មាន​យ៉ាង​ច្រើន​ដដែល បើ​ធៀប​ទៅ​នឹង​ទិន្នន័យ ០,១៨ ភាគរយ​របស់​ក្រសួង​គឺ​ខុស​គ្នា​ស្រឡះ​ទៅ​នឹង​ការ​ពិត​ជាក់ស្តែង។

ហេតុ​ដូច​នេះ​ហើយ​ក្រសួង​គួរ​ណាស់​តែ​ធ្វើ​សាកល្បង​ដោយ​ចៃដន្យ (Spot check) ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា តើ​ការ​លុប​បំបាត់​ឱសថ​​ក្លែងក្លាយ និង​ខុស​ច្បាប់​ទាំង​នោះ​ជាក់​ស្តែង​ស្ទើរ​តែ ១០០ ​ភាគរយ ពិត​មែន​ឬ​អត់​នោះ មិន​មែន​គ្រាន់​តែ​មើល​ទិន្នន័យ​ភ្លាម​ថា ជោគជ័យ​នោះ​ទេ ព្រោះ​អ្នក​អនុវត្ត​ច្បាប់​គឺ​លែង​ចាប់​អារម្មណ៍ ការ​បង្រ្កាប​ដែល​ជះ​ឥទ្ធិពល​ដល់​បញ្ហា​គ្រោះថ្នាក់​អាយុ​ជីវិត​របស់​ ពលរដ្ឋ។​បើ​គ្រាន់​តែ​ជា​ទ្រឹស្តី​ជា​មូលដ្ឋាន​ទូទៅ​ដែល​កំណត់​ថា ឱសថ​នេះ​ក្លែង​ក្លាយ​ខុស​ច្បាប់ គឺ​ទី១ ត្រូវ​មើល​ប្រភេទ​ថ្នាំ​ថា តើ​មាន​មីញ៉ែត​គឺ​មាន​នៅ​ក្នុង​បញ្ជី​ឱសថ​សារវន្ត​របស់​ក្រសួង​ដែរ​ឬ​អត់? ទី២ ត្រូវ​មើល​ទៅ​កាល​បរិច្ឆេទ​កំណត់​របស់​ថ្នាំ។ ទី៣) មើល​ទៅ​កន្លែង​លក់​ថ្នាំ​មាន​ស្តុក​ទុក​ថ្នាំ​នោះ​មាន​កំដៅ​សមរម្យ​ហើយ​ឬ​នៅ ​? ថ្នាំ​ភាគ​ច្រើន​ត្រូវ​ការ​ត្រជាក់​ក្រោម ២៥ អង្សាសេ អ៊ីចឹង​បើ​កន្លែង​លក់​ថ្នាំ​នោះ​កម្ដៅ​លើស​ពី​នោះ គឺ​ធ្វើ​ឲ្យ​ខូច​គុណភាព​ថ្នាំ​ហើយ ខ្លះ​ឃើញ​មាន​តាំង​ពី​ថ្នាំ​ហើរ​ពណ៌។

អត្ថបទដោយ ៖ តុង សុប្រាជ្ញ

ចេញផ្សាយ ៖ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣

Google Analytics Alternative