​បើក​យុទ្ធនាការ​​​​អប់រំជំងឺ​​​ផ្តាសាយបក្សី​​​​ក្នុងឱកាស​​​​ភ្ជុំ​បិណ្ឌ​

ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​​​​ពិភពលោក នឹង​សហការ​គ្នា បើក​យុទ្ធនាការ​​​​អប់រំ​សុខភាព​​​​សាធារណៈ​​​​ទូទាំង​ប្រទេស តាមរយៈ​វិទ្យុ​​​​ក្នុង​ពី​ធី​​​​បុណ្យ​ភ្ជុំ​បិណ្ឌ នៅ​ដើមខែ​តុលា​ខាងមុខនេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​នឹង​ជំងឺផ្តាសាយ​បក្សី​​(H5N1)​។

រូបភាព អ៊ីនធឺណែត

រូបភាព អ៊ីនធឺណែត

​សេចក្ដីប្រកាស​​​​ព័ត៌មាន​​​​រួម​រវាង​ ក្រសួង​​​​សុខាភិបាល និង​អង្គការ​សុខភាព​​​​ពិភពលោក ចេញផ្សាយ​​​​នៅ​ថ្ងៃទី ២០ ខែ កញ្ញា ធ្វើឡើង​បន្ទាប់​​​​ពី​ក្រសួង​​​​សុខាភិបាល រកឃើញថា មាន​ករណី​​​​ផ្ដាសាយ​​​​បក្សី​ចំនួន ២​ករណី​ថ្មី​ទៀត  ដែល​នេះ​​​​ជា​ករណី​ទី​១៩ និង​ទី​២០ ក្នុង​ឆ្នាំ​​​​២០១៣​នេះ​។ ករណី​ទី​១៩ កើត​លើ កុមារី ម្នាក់ អាយុ ៥​ឆ្នាំ ក្នុង​ខេត្ត​​​​តាកែវ  ត្រូវ​បាន​​​​បញ្ជាក់​ដោយ​វិទ្យាស្ថាន​​​​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃ​ទី ១៤ ខែ​កញ្ញា ថា​មាន ជំងឺ​ផ្ដាសាយ​បក្សី​។ កុមារី បាន​ជា​សះ​​​ស្បើយ​ហើយ និង​ចេញពី​មន្ទីរពេទ្យ​​​​គន្ធបុប្ផា​​​​នៅ​ថ្ងៃ​សុក្រ​នេះ​។​

​ករណី​ទី​២០ កើត​លើ កុមារី ម្នាក់ អាយុ ២​ឆ្នាំ រស់នៅ​ខេត្ដ​កំពត ដែល​ត្រូវ​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី ១៦ ខែ កញ្ញា​ថា មាន​ជំងឺផ្ដាសាយបក្សី​។​កុមារី​នេះ​បាន​បាត់បង់​ជីវិត​នៅ ថ្ងៃទី​១៧ ខែ កញ្ញា​។

​សេចក្ដីប្រកាស​ព័ត៌មាន​រួម​ ឲ្យដឹងអំពី​ សារ​អប់រំ​របស់​ក្រសួង ​រួមមានៈ លាងដៃ​អោយបាន​ញឹកញាប់ ជាមួយ​សាប៊ូ​និង​ទឹក មុន​ពេល​បរិភោគ និង​បន្ទាប់​ពី​ប៉ះពាល់​ជាមួយ​ប​សុ​បក្សី  ដាក់​កុមារ​នៅ​ឆ្ងាយ​ពី​សត្វ​បក្សី ដាក់​សត្វ​បក្សី​នៅ​ឱ្យ​ឆ្ងាយ​ពី​កន្លែង​រស់នៅ កុំ​បរិភោគ សត្វ​បក្សី​ឈឺ​ឬ​ងាប់ និង​រាល់​សត្វ​បក្សី​ដែល​ធ្វើ​សំរាប់​បរិភោគ ត្រូវ​ចំអិន​អោយ​ឆ្អិន​ល្អ​។

​រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង មានប្រសាសន៍​នៅក្នុង​សេចក្តីថ្លែងការណ​ថា​៖ «ជំងឺផ្ដាសាយបក្សី H5N1 នៅតែបន្ដគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋកម្ពុជា និងកើតមានច្រើនលើកុមារដែលជាអ្នកមានភាពងាយរងគ្រោះច្រើន និងមានហានិភ័យខ្ពស់ ដោយសាររដូវភ្ជុំបិណ្ឌជិតមកដល់ ពេលដែលមាន់ទា ត្រូវបានរៀបចំសម្រាប់ធ្វើម្ហូប និងយក​​ទៅប្រគេនព្រះសង្ឃខ្ញុំសូមអំពាវនាវដល់ ឪពុកម្ដាយ និងអ្នកថែទាំកុមារទាំងអស់ ត្រូវថែទាំ កុមារជាពិសេស ដើម្បីធានាថាកុមារ មិនលេងជាមួយ សុបក្សី កន្លែងមានប្រលាក់ដោយលាមក រោម កាកសំណល់ សុបក្សី »

​ជំងឺ​ផ្តាសាយ​បក្សី បាន​កើតឡើង​៤១​ករណី​ហើយ​នៅ​កម្ពុជា​។​៣០​ករណី​ក្នុង​ចំណោម​៤១​ករណី​នោះ កើត​លើ​កុមារ​អាយុ​ក្រោម​​១៤​ឆ្នាំ និង ២៤​ករណី   ក្នុងចំណោម​ករណី​ផ្ដាសាយ​បក្សី​ទាំង​៤១ ជា​នារី ។ ៩​ករណី​ប៉ុណ្ណោះ​ក្នុងចំណោម​២០​ករណី ក្នុង​ឆ្នាំនេះ ដែល​នៅ​មាន​ជីវិត​។​

​ជំងឺ​ផ្ដាសាយ​បក្សី H5N1 គឺ​ជា​ជំងឺ​ផ្ដាសាយ​មួយ ដែល​ជា​ធម្មតា​ចម្លងរ​វាង​សត្វ​បក្សី​ឈឺ ទៅ​បក្សី​ផ្សេងទៀត ប៉ុន្ដែ​ជួន​កាល​វា​អាច​ចំលង​ពី​បក្សី​ទៅ​មនុស្ស​។ ជំងឺផ្ដាសាយបក្សី​លើ​មនុស្ស​ជា​ជំងឺ​ធ្ងន់ធ្ងរ ដែល​តម្រូវឲ្យ​មាន​ការ​ធ្វើ​ការព្យាបាល នៅ​មន្ទីរ​ពេទ្យ​។ ទោះបីជា​ជំងឺ​នេះ មិន​ងាយ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ មនុស្ស​ម្នាក់​ទៀត ប៉ុន្ដែ​បើ​វា​ផ្លាស់ប្ដូរ​វា​នឹង​អាច​រាលដាល ដូចនឹង​ជំងឺ​​ផ្ដាសាយ​តាម​រដូវ​កាល​។

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣

Google Analytics Alternative