ជំនន់ទឹកភ្លៀង​​​នៅកម្ពុជា ពីថ្ងៃទី១៩ ដល់២២ ខែកញ្ញា

ជំនន់ទឹកភ្លៀងនៅកម្ពុជា អាចកើតមានពីថ្ងៃទី១៩ ដល់២២ ខែកញ្ញា ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋ នៅតាមបណ្តាលខេត្ត ចំនួន៨ ត្រូវប្រុងប្រយ័ត្នចំពោះប្រព័ន្ធសម្ពាធទាប នៅប្រទេសជិតខាង ដែលជះឥទ្ធិពលមកលើកម្ពុជា បង្កឲ្យ មានភ្លៀងជោគជាំ ហើយអាចបណ្តាលឲ្យ មានជំនន់ទឹកភ្លៀងថែមទៀតផង។

រូបភាពទស្សនាវដ្តីសុខភាពយើង

រូបភាពទស្សនាវដ្តីសុខភាពយើង

យោងតាម សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក ដែលចុះហេត្ថលេខា ដោយលោករដ្ឋមន្រ្តី លឹម គានហោ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ បានឲ្យដឹងថា ខេត្តទាំង៨នោះ រួមមាន ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ សៀមរាប និងកំពង់ធំ ដែលខេត្តទាំងនេះ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែកញ្ញា ។

ប្រភពខាងលើបន្តថា នៅម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកញ្ញា នេះ វិសម្ពាធមួយ ដែលបានកើត ឡើង នៅក្នុងសមុទ្រចិនខាងត្បូង បាននិងកំពុងបង្កើនឥទ្ធិពល។ តាមការព្យាករណ៍វិសម្ពាធនេះ នឹងវិវត្តទៅ ជាកូនព្យុះ ហើយនៅរាត្រីថ្ងៃទី១៩ ខែកញ្ញា នឹងធ្វើដំណើរ មកដល់ឆ្នេរសមុទ្រ ប្រទេសវៀតណាម ភាគកណ្តាល និងបង្កឲ្យមានភ្លៀង បន្តធ្លាក់ច្រើនបន្ថែមទៀត នៅក្នុងអាងទន្លេមេគង្គ និងនៅកម្ពុជា ជាពិសេសនៅតាម បណ្តាខេត្តទាំង៨ខាងលើនេះ។

សេចក្តីជួនដំណឹង​​​ស្តីពីស្ថានភាព​​​អាកាសធាតុ​​​ចាប់ពីថ្ងៃទី១៩ ដល់២២ ខែកញ្ញា ឆ្នាំ២០១៣

សេចក្តីជួនដំណឹង​​​ស្តីពីស្ថានភាព​​​អាកាសធាតុ​​​ចាប់ពីថ្ងៃទី១៩ ដល់២២ ខែកញ្ញា ឆ្នាំ២០១៣

សេចក្តីជូនដំណឹងបន្ថែមថា ការភ្លៀងធ្លាក់ច្រើននេះ នឹងធ្វើឲ្យទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប បន្ត កើនឡើងជាបន្តបន្ទាប់។

តាមការព្យាករណ៍ ស្ថានភាពទឹកជំនន់ បានបង្ហាញថា ក្នុងរយៈពេលពី៤ទៅ៦ថ្ងៃ ខាងមុខនេះ ខេត្តស្ទឹងត្រែង ក្រចេះ និងកំពង់ចាម ទឹកទន្លេមេគង្គ អាចនឹងហក់ឡើង ដល់កម្រិតកម្ពស់ ប្រកាសឲ្យមានការប្រុងប្រយ័ត្ន។ ដោយឡែ នៅទន្លេមេគង្គក្រោម ទន្លេសាប និងទន្លេបាសាក់ ទឹកនឹងអាចហក់ឡើង ដល់កម្រិតអតិបរមា ប្រចាំ ឆ្នាំនៅចុងខែកញ្ញា ឬដើមខែតុលា។

បន្ទាប់ពីបាន ធ្វើការតាមដាន និងព្យាករណ៍ លើស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក ស្នើឲ្យស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីជៀសវាងបាននូវគ្រោះថ្នាក់ ផ្សេងៗ ដែលអាចកើតមានឡើង ជាយថាហេតុ។

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣

Google Analytics Alternative