CNRP នឹងធ្វើមហា​​​​បាតុកម្ម នៅថ្ងៃទី ១៥-១៧ កញ្ញា

គណបក្សសង្គ្រោះជាតិ (CNRP) បានជំទាស់លទ្ធផលបោះឆ្នោត ដែលបានប្រកាស ដោយគណៈកម្មា ធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) កាលពីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣ នេះ ហើយ CNRP ក៏បាន ប្រកាសថា ខ្លួននឹងធ្វើមហាបាតុកម្មម្តងទៀត ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ ១៧ កញ្ញា។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

លោក កឹម សុខា អនុប្រធាន CNRP បានមានប្រសាសន៍ នៅក្នុងសន្និសីទ​​​សារព័ត៌មាន មួយស្តីពីជំហរ របស់ គណបក្ស ជុំវិញលទ្ធផល​​​បោះឆ្នោត នៅវេលាម៉ោង ២រសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣ នៅទីស្នាក់ការរបស់ ខ្លួនចាក់អង្រែ​​​លើថា គណបក្សនឹង​​​ធ្វើមហាបាតុកម្ម អហិង្សាម្តងទៀត នៅថ្ងៃទី១៥ ១៦ ១៧ ខែកញ្ញា ខាងមុខនេះ។

លោកបានបញ្ជាក់ថា “ការធ្វើនេះ មានទ្រង់ទ្រាយ​​​ធំជាងមុន។ ប្រសិនបើមិនមាន​​​ការដោះស្រាយ រហូតដល់ថ្ងៃ ប្រជុំសភា យើងនឹងមិន​​​ចូលរួម​​​សភានោះទេ។ យើងបាន​​​សរសេរលិខិត ថ្វាយព្រះមហាក្សត្ររួចហើយ” ។

សេចក្តីថ្លែងការណ៍របស់ CNRP ដែលបានចេញផ្សាយនៅរសៀលថ្ងៃទី០៨ ខែកញ្ញានេះ បានឲ្យដឹងថា គណបក្សជំទាស់លទ្ធផលផ្លូវការ នៃការប្រកាសលទ្ធផលននេះ ហើយនៅតែបន្តទាមទារ ឲ្យមានការបង្កើត គណៈកម្មការចម្រុះឯករាជ្យមួយ ដើម្បីស៊ើបអង្កេត និងដោះស្រាយភាពមិនប្រក្រតី នៃការបោះឆ្នោតជាតិ អាណត្តិទី៥។

លោក ឈាង វុន មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងសន្និសីទ ស្តីពីការទទួលស្គាល់លទ្ធផល បោះឆ្នោតនៅរសៀលថ្ងៃទី០៨ ខែកញ្ញា នៅវិមានរដ្ឋសភា ថា “យើងអត់មានឃាត់ឃាំងគាត់ មិនឲ្យធ្វើមហាបាតុកម្មនោះទេ”។

លោកបានបន្តទៀតថា ចំពោះការប្រកាស មិនទទួលស្គាល់របស់ គណបក្សសង្គ្រោះជាតិ មិនមានអ្វីប្លែកនោះទេ ព្រោះបក្សប្រឆាំងមួយនេះ បានលើកឡើងថា ខ្លួនមិនទទួល ស្គាល់លទ្ធផល មុនការបោះឆ្នោតមកម្ល៉េះ។

នៅថ្ងៃទី០៨ ខែកញ្ញា នេះដែរ គណបក្សប្រជាជនកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍មួយ គាំទ្រលទ្ធផល បោះឆ្នោត ក្នុងនោះ គណបក្សប្តេជ្ញាការពារលទ្ធផល នៃការបោះឆ្នោត ដែលបានកើតចេញពីឆន្ទៈ ប្រជាជនពិត ប្រាកដ។ គណបក្សសម្តែងការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះជនរួមជាតិនៅគ្រប់ទិសទី ដែលបាន ផ្តល់យុត្តិធម៌ចំពោះការដឹកនាំ របស់បក្សអស់រយៈពេលជិត ៣៥ឆ្នាំ ហើយបានបន្តបោះឆ្នោតគាំទ្រឲ្យបក្សបាន ជ័យជម្នះជាថ្មី។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative