ខេត្ត៤​​​របស់កម្ពុជា កំពុងទទួលរង​​​ការវាយប្រហារ​​​ពីគ្រោះទឹកជំនន់ ធ្វើឲ្យមនុស្ស​​​​រាប់ពាន់នាក់​​​បាត់បង់ទីជំរក

ខណៈដែលអាកាសធាតុ មានការប្រែប្រួល បានធ្វើឲ្យខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា ទទួល រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ពីគ្រោះទឹកជំនន់ ដោយបានបណ្តាលឲ្យមនុស្ស៧នាក់ស្លាប់ និងមានប្រជា ពលរដ្ឋជាច្រើនពាន់នាក់ផ្សេងទៀត កំពុងទទួលរងគ្រោះថ្នាក់ជាបន្តបន្ទាប់ និងត្រូវបានគេជម្លៀសទៅរក ទីទួលមានសុវត្ថិភាព ។

លោក កែវ វី នាយកខុទ្ទកាល័យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឲ្យដឹង នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣ថា នៅថ្ងៃទី១៣ ខែសីហានេះ ខេត្តព្រះវិហារ កម្ពស់ទឹកបានឡើងដល់ ១១,២៧ ម៉ែត្រ ហើយស្រុកចំនួនពីរនៅក្នុងខេត្តព្រះវិហារ ត្រូវបានវាយប្រហារ ដោយទឹកជំនន់ ដែលបណ្តាលឲ្យមនុស្សចំនួន ១.២៧៧គ្រួសារ មានការប៉ះពាល់ ក្នុងនោះមាន ២០១ គ្រួសារ ត្រូវបានគេជម្លៀសទៅទីទួលមានសុវត្ថិភាព ចំនួនបីកន្លែង គឺនៅភូមិមាន់រងាវមួយកន្លែង នៅអន្លង់ វិល និងនៅជុំវិញទីរួមខេត្តមួយកន្លែងផងដែរ ។ ចំពោះផ្ទះរបស់ប្រជាពលរដ្ឋ គឺមានចំនួន ២២៧ខ្នងត្រូវ បានលិច ហើយលិចដំណាំស្រូវចំនួន១៥៦៤ហិកតា និងដំណាំរួមផ្សំចំនួន៩ហិកតាផងដែរ ។

លោកបន្តថា ដោយឡែកស្រុកចំនួនបី នៅខេត្តកំពង់ធំវិញ ក៏ត្រូវបានយាយីដោយគ្រោះទឹកជំនន់ផងដែរ ដោយក្នុងនោះដំណាំស្រូវចំនួន ៨៥០ហិកតា ត្រូវបានលិច និងខូចខាតទាំងស្រុង ចំនួន៥២៣ហិចតា រួម ទាំងសំណាបចំនួន ៤២ហិកតាត្រូវបានខូចខាត។ ពិសេសកម្ពស់ទឹកស្ទឹងសែន នៅក្នុងខេត្តកំពង់ធំ នៅមិន ទាន់ឡើងដល់កម្រិតប្រកាសអាសន្ននៅឡើយទេ ដោយបច្ចុប្បន្ននេះទឹកមានកម្ពស់១២,៩៦ម៉ែត្រ ដោយ នៅសល់ ៦ទៅ៧តឹកទៀតទើបដល់កម្រិតប្រកាសអាសន្ន ។

លោកទៀតបន្តថា នៅខេត្តបន្ទាយមានជ័យវិញ មានស្រុកចំនួន៦ ត្រូវបានទទួលរងគ្រោះ ដោយសារទឹក ជំនន់ ដោយមានផ្ទះចំនួន១៩២ខ្នង ត្រូវបានខូតខាត ក្នុងនោះមានប្រជាពលរដ្ឋចំនួន ២.៥៩២គ្រួសារ រង ផលប៉ះពាល់ ហើយមាន២៤៦គ្រួសារត្រូវបានជម្លៀសមកកាន់ទីទួលមានសុវត្ថិភាព ។

លោកថា “យ៉ាងណាក៏ដោយ នៅខេត្តបន្ទាយមានជ័យ ទឹកជំនន់បានសម្លាប់មនុស្សចំនួន៧នាក់ផងដែរ ដោយក្នុងនោះ មានបីនាក់ជាកុមារ ហើយសាលារៀនចំនួន ៥កន្លែងលិចទឹក និងដំណាំស្រូវចំនួន ២៧៩៤ ហិកតា ត្រូវបានទឹកលិច រួមទាំងដំណាំរួមផ្សំចំនួន ២៤០ហិកតាក៏បានលិចផងដែរ”។

លោក កែវ វី បញ្ជាក់ថា ជំនន់ទន្លេមេគង្គ នៅក្នុងខេត្តក្រចេះ ក៏បានធ្វើឲ្យដំណាំស្រូវ និងដំណាំរួមផ្សំ ដែល នៅតាមទំនាប តាមដងទន្លេមេគង្គងចំនួន៦៦១ ហិកតាត្រូវបានទឹកជនលិច និង៨៦ហិកតា ត្រូវបានខូច ខាត ហើយដំណាំរួមផ្សំខូចខាតចំនួន៣៥៨ហិកតា ។

មន្រ្តីដដែលបន្តទៀតថា ចំពោះគ្រោះទឹកជំនន់ ដែលបានវាយប្រហារទៅលើខេត្តទាំងបួន នៅក្នុងប្រទេស កម្ពុជានេះ វាមិនទាន់មានសភាពប៉ះពាល់ធ្ងន់ធ្ងរនៅឡើយទេ ព្រោះកាលពីឆ្នាំកន្លងទៅ ខេត្តទាំងនេះមាន ផលប៉ះពាល់ច្រើនជាងនេះទៅទៀត ។ ប្រសិនបើថ្ងៃបើកបវេសនកាលមកដល់ ហើយទឹកជំនន់នៅតែបន្ត កើតមានទៀតនោះ គឺសិស្សមួយចំនួនធំ នៅក្នុងខេត្តដែលទទួលរងគ្រោះ ដោយទឹកជំនន់នោះ នឹងត្រូវ បាន ផ្អាកមិនឲ្យចូលរៀនជាបណ្តោះអាសន្ន រង់ចាំរហូតដល់ទឹកស្រកទៅវិញ ដើម្បីការពារសុវត្ថិភាពរបស់ ពួកគេក្នុងគ្រាដែលមានគ្រោះទឹកជំនន់កំពុងកើតមានឡើង ។

សូមជម្រាបថា បន្ទាប់ពីខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា បានទទួលរងគ្រោះដោយសារទឹកជំនន់នោះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាកាកបាទក្រហមកម្ពុជា រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រសួងជាប់ពាក់ព័ន្ធ ពិសេសគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជួយសង្គ្រោះ ប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្រោះទឹកជំនន់ជា បន្តបន្ទាប់បានទាន់ពេលវេលាផងដែរ។

អត្ថបទ រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative