ក្រុមគ្រូពេទ្យ​​​កំពុងជួយសង្រ្គោះ​​​កុមារពីរនាក់​​​ឆ្លងវីរុស​​​ផ្តាសាយបក្សី

កុមារកម្ពុជា២នាក់ទៀតហើយ បានឆ្លងវីរុស ផ្តាសាយបក្សី H5N1 ពួកគេក៏កំពុងត្រូវបានក្រុម គ្រូពេទ្យជួយសង្រ្កោះជាតិយ៉ាងយកចិត្តទុកដាក់ផងដែរ។ នេះជាករណីទី១៥ និង១៦ នៅកម្ពុជា សម្រាប់ឆ្នាំ២០១៣នេះ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ក្រសួងសុខាភិបាល និងអង្គការសុខភាព​​​ពិភពលោក នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣ បានចេញ​​​សេចក្តីប្រកាស  ព័ត៌មាន​​​រួមគ្នាឲ្យដឹងថា បានរកឃើញករណី​​​ឆ្លងជំងឺផ្តាសាយ​​​បក្សីចំនួន ២ករណីថ្មីទៀត ក្នុងឆ្នាំ២០១៣នេះ ដោយ  កើតទៅលើកុមារ​​​មានអាយុ៩ឆ្នាំ និង៥ឆ្នាំ នៅក្នុងខេត្ត​​​បាត់ដំបង និងខេត្តកណ្តាល។

យោងតាមសេចក្តី​​​ប្រកាសព័ត៌មានរួមគ្នា ដែលមជ្ឈមណ្ឌល​​​ព័ត៌មានដើមអម្ពិល​​​ទទួលបាននៅថ្ងៃ​​​ដដែលនេះ បាន  ឲ្យដឹងថា ការឆ្លងវីរុស​​​ផ្តាសាយបក្សី ដែលជា​​​ករណីទី១៥ បានកើតលើ​​​កុមារាអាយុ ៩ឆ្នាំ រស់នៅក្នុង​​​ភូមិដំណាក់ ដង្កោរ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។

កុមារារូបនេះ ត្រូវបានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បញ្ជាក់ថា មានជំងឺផ្តាសាយបក្សីនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៣។  កុមារា បានចាប់ផ្តើមឈឺនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣ ដោយមានគ្រុនក្តៅ និងក្អួត ហើយបានទទួលការព្យា  បាលដោយបុគ្គលិកមណ្ឌលសុខភាពរាំងកេសី។ ដោយសារតែស្ថានភាពជំងឺ នៅតែមានសភាពធ្ងន់ធ្ងរ ក្រុមគ្រួសារ  បញ្ជូនកុមារា ទៅព្យាបាលនៅមន្ទីរពេទ្យនៅខេត្តសៀមរាបបន្តទៀត។

រីឯករណីទី១៦ បានកើតទៅលើកុមារី មានអាយុ ៥ឆ្នាំ រស់នៅភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល  ។ កុមារីរូបនេះ ចាប់ផ្តើមឈឺនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៣ ដោយមានគ្រុនក្តៅ ហើយទទួលការព្យាបាលនៅ មណ្ឌលសុខភាព និងបានទទួលការព្យាបាលនៅមន្ទីពេទ្យឯកជន។ ប៉ុន្តែស្ថានភាពជំងឺនៅតែមានសភាពធ្ងន់ធ្ងរ គេ ក៏បានបញ្ជូនកុមារីនោះ មកព្យាបាលបន្តទៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា ក្នុងសេចក្តីប្រកាសព័ត៌មាននោះ បានមានប្រសាសន៍ថា «  ជំងឺផ្តាសាយបក្សី នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋកម្ពុជា និងកើតមានច្រើនលើកុមារ ហើយនេះ គឺជាករណីទី១៥ និងទី១៦ ដែលកើតទៅលើមនុស្សនៅឆ្នាំ២០១៣នេះ»។

លោកបន្តថា ជានិច្ចកាលកុមារតែងតែជាអ្នកមើលថែទាំ និងឲ្យចំណីបសុបក្សីក្នុងស្រុក បោសសំអាតទ្រុង និង ប្រមូលស៊ុតមាន់ទា ជាងនេះទៅទៀតកុមារអាចប៉ះពាល់ជិតស្និទ្ធជាមួយបសុបក្សី ដោយសារតែពួកគេចាត់ទុកវា ដូចជាសត្វដែលចិញ្ចឹមលេង និងមានភាពងាយរងគ្រោះច្រើន និងមានហានិភ័យខ្ពស់ ពីព្រោះពួកគេចូលចិត្តលេង កន្លែងដែលមានបសុបក្សី។

លោក ម៉ម ប៊ុនហេង បានធ្វើការរំលឹក ដល់ឪពុកម្តាយ និងអ្នកថែទាំងកុមារទាំងអស់ ត្រូវដាក់កុមារឲ្យឆ្ងាយ ពីសត្វ បក្សីឈឺឬងាប់ និងព្យាយាមឲ្យកុមារលេង ឲ្យឆ្ងាយពីមាន់ និងទា ហើយឪពុកម្តាយ និងអ្នកថែទាំងកុមារទាំងអស់ ត្រូវប្រាកដថា កុមារលាងដៃជាមួយសាប៊ូ បន្ទាប់ពីពួកគេប៉ះជាមួយបសុបក្សី។ ប្រសិនបើពួកគេមានដង្ហើមញាប់ ឬ ពិបាកដកដង្ហើម ត្រូវនាំកុមារមករកការព្យាបាលជាបន្ទាន់ នៅគ្រឹះស្ថានសុខាភិបាល។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតសារជាច្រើន ដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ និងទប់ស្កាត់ការរីក  រាលដាល នៃជំងឺ H5N1 រួមមាន លាងដៃ ឲ្យបានញឹកញាប់ ដាក់កុមារនៅឆ្ងាយពីសត្វបក្សី ដាក់សត្វបក្សីនៅឱ្យ  ឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគ សត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សី ដែលធ្វើ សម្រាប់បរិភោគ ត្រូវចំអិនឲ្យឆ្អិន  ល្អ។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ទៀតថា នេះជាករណីទី១៥ និងទី១៦ ក្នុងឆ្នាំ២០១៣នេះ និងជាករណីទី៣៦ និង ៣៧ ដែលឆ្លងវីរុសផ្តាសាយបក្សី H5N1នៅកម្ពុជា។ ២៦កណី ក្នុងចំណោមករណីផ្តាសាយបក្សីទាំង៣៧ ដែល កើតមានឡើងនៅកម្ពុជា កើតលើកុមារអាយុក្រោម១៤ឆ្នាំ ហើយ ២២ករណីក្នុងចំណោមករណីគ្រុនផ្តាសាយបក្សី ទាំង៣៧ ជានារី។ មានតែ៧ករណីក្នុងចំណោម១៦ករណីក្នុងឆ្នាំ២០១៣នេះ រស់រានមានជីវិត។

ជំងឺផ្ដាសាយបក្សី H5N1 ជាជំងឺផ្ដាសាយមួយ ដែលជាធម្មតាចម្លងពីសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្ដែជួន  កាល វាអាចចម្លងពីបក្សីទៅមនុស្សផងដែរ។ ជំងឺផ្ដាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការព្យា  បាលនៅមន្ទីរពេទ្យ។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ប៉ុន្ដែបើវាផ្លាស់ប្ដូរ វានឹងអាចរាល  ដាល ដូចនឹងជំងឺផ្ដាសាយតាមរដូវកាល។ ដូច្នេះការរកឃើញករណីទាន់ពេលវេលាមានសារៈសំខាន់បំផុត។

ចំពោះស្ថានភាពពិភពលោកវិញចាប់តាំងពីឆ្នាំ២០០៣ មានករណីផ្តាសាយបក្សី សរុបទាំងអស់៦៣៦ដែលបញ្ជាក់ ដោយមន្ទីរពិសោធន៍ និងក្នុងនោះមាន៣៧៧នាក់បានស្លាប់។

តាមសេចក្តីប្រកាសនេះ ក៏បានតាស់តឿនផងដែរដល់អាណាព្យាបាលទាំងអស់ បើរកឃើញកុមារមានអាការៈដក ដង្ហើមញាប់ ឬពិបាកដកដង្ហើម ត្រូវនាំកុមារទៅរកការព្យាបាលជាបន្ទាន់ នៅគ្រឹះស្ថានសុខាភិបាល ដែលនៅជិត ផ្ទះរបស់លោកអ្នកបំផុត ហើយត្រូវប្រាប់មន្ដ្រីសុខាភិបាល អំពីប្រវត្ដិប៉ះពាល់ជាមួយសត្វបក្សីឈឺ ឬងាប់។

ប្រសិនបើលោកមានការសង្ស័យថា កូន ឬប្រជាពលរដ្ឋក្នុងសហគមន៍ កើតជំងឺផ្តាសាយបក្សី លោកអ្នកអាចទាក់  ទងទូរស័ព្ទទៅកាន់ ១១៥ ឥតគិតថ្លៃ ឬទូរស័ព្ទលេខ ០១២ ៤៨៨ ៩៨១/ ០៨៩ ៦៦៩ ៥៦៧ ដើម្បីទទួលបាន ការប្រឹក្សាបន្ទាន់ពីមន្រ្តីជំនាញ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative