អាថ៌កំបាំង​​​ក្នុងការ​​​​រក្សាសម្រស់ និង​​​សុខភាព​​​​របស់​​​ពិធីការនី គង់ សុជាតិ

អ្នកនាង គង់ សុជាតិ គឺជាពិធីការនី​​​ល្បីល្បាញ​​​មួយរូប​​​​ក្នុងព្រះរាជា​​​ណាចក្រកម្ពុជា។ ទោះបីស្ថិត​​​ក្នុងវ័យ​​​២៧ឆ្នាំ ព្រមទាំង​​​មានបុត្រពីរនាក់ និងមាន​​​កិច្ចការ​​​មមាញឹក​​​​យ៉ាងខ្លាំង​​​ជុំវិញការងារ​​​ធ្វើអាជីវកម្ម និង​​​ការងារ​​​ពិធីការនី​​​​របស់អ្នកនាង​​​យ៉ាងណា​​​ក៏ដោយ សម្ផស្សរបស់អ្នកនាងតូវបានទស្សនិកជន​ទទួលស្គាល់ និង​​​សរសើថាកាន់តែស្រស់ស្អាត។ តើអ្នកនាង សុជាតិ មានវិធីថែរក្សាសម្រស់ និងសុខភាព​​​យ៉ាងដូចម្ដេច​​​ខ្លះ?

រូបភាពទស្សនាវដ្តីសុខភាពយើង

ឆ្លើយតបទៅនឹងចម្ងល់​ខាងលើទស្សនាដ្ដី សុខភាពយើង បានជួបសម្ភាសជាមួយអ្នកនាង សុជាតិ​ដើម្បីឱ្យអ្នកនាង​បង្ហើបពីអាថ៌កំបាំង​ក្នុងការថែរក្សាសម្រស់ និងសុខភាពផ្ទាល់ខ្លួន។

សុខភាព​ស្បែក

ពេលសំខាន់បំផុតសម្រាប់អ្នកនាង សុជាតិ គឺនៅក្រោយពេលសម្រាលកូន។ អ្នកនាងត្រូវបានទទួលការថែទាំ​តាមបែបបុរាណពី សំណាក់ម្ដាយ​របស់អ្នកនាងដោយផ្ទាល់។ អ្នកនាងធ្វើការស្ពុង​ជាមួយនឹងបាលីមួយថ្ងៃមួយដង ឬយ៉ាងហោចណាស់៣ទៅ៤ដងក្នុងមួយ សបា្ដហ៏។ ការស្ពុងនេះធ្វើទៅ​ជាប់គ្នារយៈពេលបីខែ។ លើសពីនេះទៅទៀត រយៈពេលមួយខែ​បន្ទាប់ពីសម្រាលកូន ទើបអ្នកនាងអាចមុជ ទឹកជម្រះខ្លួន។ ដើម្បីជៀសវាងការខូចស្បែក និងរក្សាស្បែកឱ្យចាំបានល្អ អ្នកនាង សុជាតិ មិនទទួលទានចំណីអាហារ​មួយចំនួន ដូចជាប្រហុក ផ្អក អាហារត្រជាក់ឪឡឹកជាដើម។ តំណមអាហារនេះ​ធ្វើទៅរហូតដល់កូនមានអាយុបានមួយឆ្នាំ​ទើបឈប់។

ដោយកូនអ្នកនាងមានអាយុច្រើន​បន្ដិចហើយ រាល់ថ្ងៃនេះ ការថែរក្សាស្បែក​របស់អ្នកនាងគឺ​គ្រាន់តែប្រើក្រែមបំប៉ន​ស្បែកដងខ្លួន នៅពេលយប់ និងក្រែមការពារកំដៅថ្ងៃ​នៅរាល់ពេលព្រឹកព្រលឹម និងលាងសម្អាតខ្លួនជាមួយសាប៊ូ​សម្អាតខ្លួនធម្មតា។

ចំពោះស្បែកមុខ និងកវិញ អ្នកនាងសុជាតិយកចិត្ដទុកដាក់​យ៉ាងខ្លាំង ដោយអ្នកនាងយល់ឃើញថា វ័យរបស់អ្នកនាងជាវ័យកំពុង តែវិវត្ដទៅរកភាពចំណាស់ និងសម្រស់ស្បែកមុខមានភាពចាំបាច់​សម្រាប់អាជីពជាពិធីការនី ដែលត្រូវបង្ហាញមុខ​តាមកញ្ជក់ទូរទស្សន៏របស់អ្នកនាង។ ដូច្នេះជារៀងរាល់ថ្ងៃ អ្នកនាងបានប្រើប្រាស់ក្រែម​ជាច្រើនប្រភេទ ដូចជាក្រែមលាបបន្ដឹង​កុំឱ្យមានសភាពជ្រីវជ្រួញក្រែមទ្រនាប់ ការពារកំដៅថ្ងៃ ក្រែមទ្រនាប់ជំនួយឱ្យការផាត់មុខ​កាន់តែស្រស់ស្អាត ក្រែមបំប៉នស្បែកនៅពេលយប់ ក្រែមលាងសម្អាតម្សៅខាងក្នុង  ក្រែមលាងសម្អាតម្សៅខាងក្រៅ និងសាប៊ូដែលមានគុណភាពល្អជាដើម។

សុខភាព​សក់

អ្នកនាង សុជាតិ តែងតែប្ដូរពណ៌សក់ជាញឹកញាប់ ដើម្បីឱ្យមានភាពទាន់សម័យ​ទៅតាមសង្គមស៊ីវីល័យ។ ប្រការនេះធ្វើអោយ អ្នកនាងមានបញ្ហសរសៃសក់​ខ្លះៗមិនអាចជៀសបាន។ ប្រឈមមុខនឹងបញ្ហាសក់​អ្នកនាងត្រូវធ្វើការថែរក្សាសក់ ដោយជ្រើសរើសផលិតផល សាប៊ូកក់សក់ដែលត្រូវនឹងស្បែកក្បាល និងសរសៃសក់។ រាល់លើកបន្ទាប់ពីកក់សក់ អ្នកនាងតែងតែធ្វើការអប់សក់ជាមួយនឹងក្រែម​អប់សក់ហើយប្រើប្រេងលាប​ទៅលើសរសៃសក់ ដើម្បីជំនួយឱ្យសក់រឹងមាំ​បានល្អ។

សុខភាព​រាងកាយ

សំដីទន់ភ្លន់អមជាមួយ​ស្នាមញញឹមស្រស់ស្អាត អ្នកនាងសុជាតិបានឱ្យដឹងថា អ្នកនាងចូលចិត្ដបរិភោគបន្លែគ្រប់ពណ៌ ផ្លែឈើ និងសាច់ខ្លះៗដែរ ជាពិសេសសាច់ត្រី។ អ្នកនាងជៀសវាងការ​ទទួលទានសារធាតុខ្លាញ់ ព្រោះខ្លាញ់អាចធ្វើឱ្យឡើងទម្ងន់ ខូចសុខភាព និងបង្កឱ្យមានជម្ងឺផ្សេងៗ។ ម្យ៉ាងទៀត ទោះបីជាអ្នកនាងសុជាតិ យល់ឃើញថានាងធាត់បន្ដិច​បើមើលទៅតាមកញ្ចក់ទូរទស្សន៏ ហើយចង់ធ្វើការបញ្ចុះទម្ងន់​ដើម្បីឱ្យមានភាពកាន់តែស្រស់ស្អាតក៏ដោយ អ្នកនាងមិនប្រើប្រាស់ថ្នាំសម្រកទម្ងន់អ្វីឡើយ។ អ្នកនាងព្យាយាមបន្ថយការបរិភោគអាហារ​ដែលមានកាឡូរីទាប និងហាត់កីឡា ដូចជាហែលទឹកជាដើម។

ជាទីបញ្ចប់ជុំវិញសម្រស់ និងសុខភាព អ្នកនាង សុជាតិ សូមផ្ដាំផ្ញើដល់ប្រជាពលរដ្ឋយើង​ជាពិសេសស្ដ្រីខ្មែរចាប់អារម្មណ៏និង​យកចិត្ដទុកដាក់ ក្នុងការថែទាំសុខភាព និងសម្រស់ ដើម្បីបង្កើនសុភមង្គល​ក្នុងក្រុមគ្រួសារ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦

Google Analytics Alternative