ក្រសួងអប់រំ​​​អះអាងថា មិនមាន​​​បែកធ្លាយ​​​វិញ្ញាសារនោះទេ

ការប្រឡងយកសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឬហៅថាបាក់ឌុប ចាប់ផ្តើមហើយ ចាប់ពីម៉ោង ៧ និង ៣០នាទីព្រឹកថ្ងៃទី០៥ ខែសីហា រហូតដល់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ០១៣នេះ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ជាមួយ​​​ការ​​​ឈានមកដល់​​​​​​នៃការប្រឡង​​​បាក់ឌុប នាព្រឹកនេះ មិនខុសពីបណ្តា​​​ឆ្នាំមុនៗផងដែរ តែងតែលិច​​​ឮដំណឹង បែកធ្លាយ​​​វិញ្ញាសារ ក៏ដូចជាសកម្មភាព​​​បង្ហោះចែកចាយ​​​វិញ្ញាសារនានា តាមបណ្តាញ​​​សង្គមហ្វេសប៊ុក តែដំណឹង និងអ្វីដែល​​​បង្ហាញនៅលើ​​​បណ្តាញសង្គម​​​ហ្វេសប៊ុកនោះ ត្រូវបានក្រសួងអប់រំ​​​បញ្ជាក់ថា មិនមែនជាការ​​​ពិតទេគ្រាន់ តែជាបំពុល​​​បរិយាកាស នៃការប្រឡងប៉ុណ្ណោះ។

លោក អ៊ឹង ង៉ោហុក ប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះដឹងទូទៅ នៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែង ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃបើកការប្រឡងនេះថា មិនមានការបែកធ្លាយវិញ្ញាសារ ឬសកម្ម ភាពលក់វិញ្ញាសារនោះទេ ការប្រឡងបានប្រព្រឹត្តដោយសកម្មភាពស្ងប់ស្ងាត់ និងយាមកាមយ៉ាងម៉តចត់ពីកង កម្លាំងសមត្ថកិច្ច។

លោកបានថ្លែងបញ្ជាក់ថា «ហឹបវិញ្ញាសារត្រូវបានលោករដ្ឋមន្រ្តីក្រសួងអប់រំអញ្ជើញជាអធិបតីបើកនាព្រឹកនេះ នៅ វិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន វត្តភ្នំ ដោយមានឃ្លុំបេយ៉ាងត្រឹមត្រូវជាទីបំផុត អត់មានការបែកធ្លាយវិញ្ញាសារអីនោះ ទេ។ អ្វីដែលគេបង្ហោះតាមហ្វេសប៊ុកនោះ គឺជាការបំពុលបរិយាកាសនាពេលប្រឡងតែប៉ុណ្ណោះ»។

ជាមួយនិងសកម្មភាពថតចម្លងលក់ប្រ៊ុយយ៉ុង និងឯកសារផ្សេងៗនៅតាមទីសាធារណៈវិញ លោក អ៊ឹង ង៉ោហុក បានថ្លែងឲ្យដឹងផងដែរថា ខាងក្រសួងអប់រំបានធ្វើលិខិតស្នើ និងជូនដំណឹងទៅខាងក្រសួងមហាផ្ទៃឲ្យជួយចាត់ វិធានទៅលើរឿងនេះ ដោយមិនអនុញ្ញាតឲ្យបើកថតចម្លងលក់ និងចែកចាយរាល់ឯកសារផ្សេងៗនោះទេ។

ទោះបីជាមានការសហការពីសមត្ថកិច្ចធ្វើការរឹតបន្តឹងយ៉ាងនេះក្តី នៅតាមកន្លែងថតចម្លងមួយចំនួន គេនៅតែ សង្កេតឃើញបើកលួចថតចម្លងប្រ៊ុយយ៉ុង និងឯកសារនានា តាំងពីទៀបភ្លឺមកម្ល៉េះ ហើយនៅតាមបណ្តាញសង្គម ហ្វេសប៊ុកទៀតសោត មានបង្ហោះនូវវិញ្ញាសារ និងឯកសារពាក់ព័ន្ធការប្រឡងនាព្រឹកនេះជាច្រើនផងដែរ។ សកម្ម ភាពទាំងអស់នេះ ត្រូវបានសាធារណជនមួយចំនួនរិះគន់ថា ជាការធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណអប់រំនៅ កម្ពុជា។

លោក អ៊ឹង ង៉ោហុក ក៏បានឲ្យដឹងផងដែរថា ដើម្បីរឹតបន្តឹងគុណភាពអប់រំ ក៏ដូចជាទប់ស្កាត់សកម្មភាពលួចចម្លង នេះ ខាងក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងទៅគ្រប់មណ្ឌលប្រឡងទូទាំងរាជធានី-ខេត្ត ក៏ដូចជាអាជ្ញា ធរ និង សមត្ថកិច្ច ឲ្យជួយទប់ស្កាត់ទៅលើបញ្ហានេះឲ្យបានតឹងរឹងជាទីបំផុត។

ក្រសួងអប់រំ ក៏បានអំពាវនាវផងដែរ ដល់បេក្ខជនប្រឡងទាំងអស់ គោរពតាមបទប្បញ្ញត្តិ នៃការប្រឡងឲ្យបានល្អ ជាពិសេសមិនត្រូវនាំយកសម្ភារៈផ្សេងៗ ដែលក្រសួងហាមឃាត់ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ ខាត ដើម្បីឲ្យដំណើរការប្រឡងប្រព្រឹត្តទៅប្រកប ដោយភាពត្រឹមត្រូវ យុត្តិធម៌ និងមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា ការប្រឡងមធ្យមសិក្សាទុតិយភូមិនាឆ្នាំនេះ មានបេក្ខជនចូលរួមប្រឡងសរុប ១០៧.៨៣៥នាក់ និងមានមណ្ឌលប្រឡង ២៣៤មណ្ឌល  ចែកចេញជា ៤.៣៩០បន្ទប់ទូទាំងរាជធានី-ខេត្ត។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative