គ.ជ.ប សោកស្តាយ ក្រោយពេល​​​កិច្ចប្រជុំ​​​ គណៈកម្មការ​​​ចម្រុះមិនអាច​​​ដំណើរការ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានសម្តែងនូវការសោកស្តាយ បន្ទាប់ពី កិច្ចប្រជុំគណៈកម្មការចម្រុះដោះស្រាយ ភាពមិនប្រក្រតីនៅថ្ងៃបោះឆ្នោត មិនអាចដំណើរការបានតាមការគ្រោង ទុក ព្រោះគ្មានវត្តមានតំណាងគណបក្សប្រឆាំងសង្រ្គោះជាតិ។

តាមការគ្រោងទុកនៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០១៣ គ.ជ.ប នឹងបើកកិច្ចប្រជុំគណៈកម្មការចម្រុះមួយ  ដើម្បីដោះស្រាយរាល់ភាពមិនប្រក្រតី ដែលបន្សល់នៅថ្ងៃបោះឆ្នោតទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងទៅនេះ ដោយមានការអញ្ជើញចូលរួមពី គ.ជ.ប តំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រឆាំងសង្រ្គោះជាតិ។  តែជាលទ្ធផលកិច្ចប្រជុំមួយនេះ មិនអាចដំណើរការទៅបានឡើយ ដោយសារតែគណបក្សសង្រ្គោះជាតិធ្វើពហិការ ព្រមទាំងទាមទារឲ្យកិច្ចប្រជុំមួយនេះ មានការចូលរួមពីអង្គការសង្គមស៊ីវិល និងមានអង្គការសហប្រជាជាតិធ្វើជា អាជ្ញាកណ្តាល។

បន្ទាប់ពីមិនអាចបើកកិច្ចប្រជុំតាមការគ្រោងទុក គ.ជ.ប នៅថ្ងៃអាទិត្យ ដដែលនេះ បានសេចក្តីជូនដំណឹងមួយ ច្បាប់ ដោយសម្តែងនូវអារម្មណ៍សោកស្តាយ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនពុំអាចសម្រេចទៅបាន។ តែទោះ ជាយ៉ាងណា គ.ជ.ប នៅតែមានក្តីសង្ឃឹម និងសមានចិត្តក្នុងការបន្តការងារនេះឲ្យបានឆាប់រហ័ស។

គ.ជ.ប តាមសេចក្តីជូនដំណឹងដដែលនេះ ក៏បានធ្វើការកត់សម្គាល់របស់ខ្លួនផងដែរថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៥ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន និងប្រទេសមួយចំនួនទៀត សុទ្ធតែបានវាយតម្លៃពីភាពវិជ្ជមាន និងបានបញ្ជាក់ឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយបណ្តឹង និងរបាយការណ៍ អំពីភាពមិនប្រក្រតីផ្សេងៗ ដោយយុត្តិធម៌ និងតម្លាភាពផងដែរ។

គ.ជ.ប បើទោះកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការចម្រុះមួយនេះ មិនអាចដំណើរការបានយ៉ាងណាក្តី តែនៅ បង្ហាញជំហររបស់ខ្លួន បន្តការងារទៅតាមច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត និងប្រតិទិន នៃការបោះឆ្នោត និងបន្តពិនិត្យលើរបាយការណ៍អំពីភាពមិនប្រក្រតីនៅថ្ងៃ បោះឆ្នោតតាមគ្រោងទុក ដោយមានការចូលរួមសង្កេតមើលពីភាគីពាក់ព័ន្ធ និងអ្នកសង្កេតការណ៍បោះឆ្នោត។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative