ស្ត្រីរងគ្រោះ​​​ដោយអំពើ​​​ចោរប្លន់​​​នៅខេត្ត​​​ស្វាយរៀង សុំឲ្យសាលា​​​ឧទ្ធរណ៍ជួយ​​​រកយុត្តិធម៌

ស្រ្តីឈ្មោះ គង់ លីហ៊ាង អាយុ៣៣ឆ្នាំ មានមុខរបរប្តូរប្រាក់ រស់នៅក្នុងភូមិ កំពង់ចម្លង ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវក្រុមចោរប្លន់ យកទ្រព្យសម្បត្តិ សរុបជាទឹក ប្រាក់អស់ចំនួន ៦២០០០ដុល្លារ រួចហើយគេចខ្លួនបាត់។ លុះជនរងគ្រោះត្រឡប់ មកពីព្យាបាលវិញ ដាក់ពាក្យបណ្តឹង នគរបាលធ្វើការឃាត់ខ្លួន រួចហើយបញ្ជូនទៅ តុលាការ បែរជាតុលាការ ដោះលែង ក្រុមចោរប្លន់ម្នាក់ទៅវិញ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

អ្នកស្រី គង់ លីហ៊ាង បានឲ្យដឹងថា កាលពីយប់ថ្ងៃ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង៨ និង៣០នាទី ពេលដែល នាងកំពុង​​​ជិះម៉ូតូម្នាក់ឯង ចេញពីកន្លែង​​​ប្តូរប្រាក់ ត្រឡប់ទៅ​​​ផ្ទះជួលវិញ ស្រាប់តែមកដល់ ផ្លូវបត់ ចូលផ្ទះ ក្នុងភូមិបាវិត​​​កណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ស្រាប់តែឃើញ​​​បុរសពីរនាក់ ដោយគាត់ ស្គាល់ច្បាស់ទោះបីជា ជននោះ​​​ពាក់ម៉ាស់ ក៏ដោយ គឺទី១ឈ្មោះ ចាន់ ផល្លា ហៅគ្រឿង និងទី២ឈ្មោះ ជិន ឌឿកដុង មកឃាត់ម៉ូតូ របស់នាងឲ្យ​​​ឈប់រួចហើយ ដកកាំភ្លើងខ្លី មកវាយក្បាលនាង ជាច្រើនកាំភ្លើង ធ្វើឲ្យ នាង រងរបួស​​​ជាទំងន់រួចហើយ​​​ជនទាំងពីរនាក់នោះ​​​ដណ្តើមម៉ូតូពីនាង​​​រួចហើយជិះ គេចខ្លួនទៅបាត់ដោយនៅ នឹងម៉ូតូនោះ​​​មានប្រាក់រៀល​​​ចំនួន៤លានរៀល ប្រាក់ដុល្លារចំនួន១៤០០០ដុល្លារ ប្រាក់ដុងចំនួន៧០០លានដុង និងកាតទូរស័ព្ទ គិតជាទឹកប្រាក់​​​ចំនួន៣០០០ដុល្លារ រីឯរូបនាងបន្ទាប់ពី​​​កើតហេតុត្រូវ​​​ក្រុមគ្រួសារដឹក បញ្ជូនទៅប្រទេស វៀតណាម​​​ដើម្បីជួយ​​​សង្រ្គោះបន្ទាន់។

អ្នកស្រីបានបន្តថា បន្ទាប់ពីគាត់បានវិលត្រឡប់មកពីព្យាបាលនៅប្រទេសវៀតណាមវិញនោះ គាត់បានទៅប៉ុស្តិ៍នគរបាលដាក់ពាក្យបណ្តឹងឲ្យនគរបាលជួយរកយុត្តិធម៌និងឃាត់ខ្លួនក្រុមចោរប្លន់ទាំងពីរ នាក់នោះដោយគាត់បានអះអាងប្រាប់នគរបាលថា គាត់ស្គាល់មុខច្បាស់ទោះបីជាពួកគេពាក់ម៉ាស់ក៏ ដោយពីព្រោះជនទាំងពីរនាក់នោះផ្ទះនៅក្បែរគ្នា ។ អ្នកស្រីបន្តថា ក្រោយពីនគរបាលបានទទួលពាក្យបណ្តឹងរួចហើយក៏ឈានទៅឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នោះរួចបញ្ជូនទៅកាន់តុលាការ ហើយតុលាការក៏សម្តេចឃុំខ្លួនជនទាំងពីរនោះរយៈពេល៦ខែដើម្បីបើកការស៊ើបអង្កេត។ លុះដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ បែរជាចេញដីការលើកលែងការចោទប្រកាន់ឈ្មោះ ចាន់ ផល្លា ឲ្យនៅក្រៅឃុំវិញ ទើបជាហេតុនាំឲ្យគាត់គិតថា ជារឿងអយុត្តិធម៌ចំពោះគាត់ខ្លាំងណាស់។

ដីការដោះលែងនោះចេញដោយ លោក សួន សំណាង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្វាយរៀង ដោយលើកឡើងថា ឈ្មោះ ចាន់ ផល្លា ហៅគ្រឿងនេះបានបដិសេធថា ខ្លួនពុំនៅកន្លែងកើតហេតុ ខ្លួន កំពុងហូបចុកជាមួយមិត្តភក្ត្រខ្លួន ។ ក្រោយពីទទួលទូរស័ព្ទពីម្តាយខ្លួនថា មានចោរប្លន់ក៏ចេញទៅ កន្លែងកើតហេតុក្នុងគោលបំណងចង់ដឹងនិងជួយចាប់ចោរ វែកមុខចោរ ដើម្បីប្តឹងសមត្ថកិច្ច តែប៉ុណ្ណោះដោយមានសាក្សីនិងមានភស្តុតាងនានាដែលក្នុងមានសំណុំរឿង។

ដោយឡែកស្ត្រីរងគ្រោះបានច្រានចោលទាំងស្រុងនៅការលើកឡើងនេះ ដោយគាត់បានបញ្ជាក់ច្បាស់ថា នៅថ្ងៃកើតហេតុបុរសឈ្មោះ ចាន់ ផល្លា ហៅគ្រឿងនេះ បានទាញរូបគាត់ទម្លាក់ពីលើម៉ូតូ និងបាន ហៅឈ្មោះគាត់ចំៗហើយនិយាយឆ្លើយឆ្លងគ្នាទៀតផង ធ្វើម៉េចគាត់នឹងច្រឡំបាន់ទៅ។

អ្នកស្រីបានបន្ថែមទៀតថា ដោយមានភាពអយុត្តិធម៌បែបនេះទើបគាត់កើតទុក្ខមិនសុខចិត្តក៏បានដាក់ ពាក្យបណ្តឹងមកកាន់សាលាឧទ្ធរណ៍ ហើយនៅថ្ងៃទី២ខែសីហា ឆ្នាំ២០១៣ ខាងមុខនេះ រូបគាត់ត្រូវឡើង សាលាឧទ្ធរណ៍ដើម្បីស្វែងរកយុត្តិធម៌ ដូច្នេះហើយគាត់សូមឲ្យសាលាឧទ្ធរណ៍ជួយរកយុត្តិធម៌ជូនគាត់ផង ពីព្រោះរូបគាត់គឺជាជនរងគ្រោះដោយសារក្រុមចោរប្លន់អស់ប្រាក់ជាច្រើនម៉ឺនដុល្លារហើយ និងរងរបួស ជាទំងន់ទៀតនោះ មិនត្រូវទុកឲ្យជនល្មើសនៅក្រៅឃុំនោះទេ ហើយក្តីសង្ឃឹមរបស់គាត់គឺមានតែ សាលាឧទ្ធរណ៍នោះទេ ដែលអាចជួយរកយុត្តិធម៌ជូនគាត់បាន។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative