គណបក្ស សង្គ្រោះជាតិ មិនទទួល​​​លទ្ធផល​​​នៃការបោះឆ្នោត

បន្ទាប់ពីការ បោះឆ្នោត បានរយៈពេល១ថ្ងៃ គណបក្សសង្គ្រោះជាតិ (CNRP) នៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៣នេះ បានចេញសេចក្តីថ្លែង ការណ៍មួយ ដោយមិនទទួលយកលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥នេះទេ។

យោងតាមសេចក្តីថ្លែងការណ៍របស់ CNRP បានឲ្យដឹងថា ចំពោះការប្រកាសលទ្ធផលដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)គឺ CNRP មិនអាច ទទួលយកបានទេ ពីព្រោះគណបក្សបានរកឃើញនូវភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរជាច្រើន។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ចំពោះលទ្ធផលដែល CNRP មិនទទួលយក គឺមាននីតិវិធី សម្រាប់ធ្វើការដោះស្រាយទៅលើករណីនេះ ហើយការមិនទទួលយកលទ្ធផលនេះ វាមិនមែនជាហេតុផលដែលត្រូវនិយាយនោះទេ ។

លោកបន្តថា “ហេតុអ្វីបានជាគាត់មិនទទួលយក ហើយគាត់មិនទទួលយកត្រង់កន្លែងណានោះ អាហ្នឹងជារឿងមួយផ្សេងទៀត ព្រោះដំណោះស្រាយមិនទទួល គឺមាននីតិវិធីដើម្បីដោះស្រាយនៃការមិនទទួលយក”។

សេចក្តីថ្លែងការណ៍នោះ បានបន្តទៀតថា CNRP ទាមទារឲ្យបង្កើតគណៈកម្មការ ចម្រុះមួយជាបន្ទាន់ ដើម្បីធ្វើការស៊ើបអង្កេត និងធ្វើរបាយការណ៍ពី ភាពមិន ប្រក្រតីទាំងនេះ។ គណៈកម្មការចម្រុះនេះ អាចមានសមាសភាពចូលរួមពីគណបក្សសង្គ្រោះជាតិ (CNRP), គណបក្សប្រជាជនកម្ពុជា (CPP), គណៈ កម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.), តំណាងអង្គការសហប្រជាជាតិ, តំណាងអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ ដែលធ្វើការងារពាក់ព័ន្ធនឹងការបោះឆ្នោត។

គណៈកម្មការចម្រុះនេះ ត្រូវធ្វើការស៊ើបអង្កេត និងផ្តល់របាយការណ៍ចុងក្រោយ មិនឲ្យហួសថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣ឡើយ។
ងាកមក លោក ផៃ ស៊ីផាន វិញលោកបានបញ្ជាក់ថា “ការបង្កើតឲ្យមានគណៈកម្មការនេះ អាហ្នឹងគឺដំណោះស្រាយមួយដ៏ល្អដែរ ប៉ុន្តែវាឋិតនៅលើ តើនីតិវិធីដែលជាសត្យានុម័តត្រូវធ្វើយ៉ាងម៉េច?”។

យោងតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាម សារទូរស័ព្ទថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ៦៨ ចំណែកគណបក្សសង្រ្គោះជាតិ ទទួលបាន ៥៥អាសនៈ លើ១២៣អាសនៈ នៃរដ្ឋសភា។

អត្ថបទ រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative