បុរសម្នាក់​​​ពុលត្រី​​​ក្រពត​​​ស្លាប់ ក្រោយពេល​​​បរិភោគ​​​គ្រឿងក្នុង​​​ត្រីក្រពតច្រើន

បុរសម្នាក់ត្រូវ បានសមត្ថកិច្ចកំណត់ថា បានពុលត្រីក្រពតស្លាប់ ក្រោយពេល ដែលបុរសរងគ្រោះ បានបរិភោគ ត្រីកំពត និងគ្រឿក្នុងច្រើន កាលពី ល្ងាច ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៣ នៅភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។ ជនរងគ្រោះ មានឈ្មោះ មួង ម៉ុន អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

នាយប៉ុស្តិ៍នគរបាល សង្កាត់​​​សំបួរមាស លោក សឹង ចាន់អូន បានប្រាប់​​​ដើមអម្ពិល ឲ្យដឹងថា នៅល្ងាចថ្ងៃ​​​កើតហេតុ បុរសរង គ្រោះ និងប្រពន្ធ បាននាំគ្នា បរិភោគ ត្រីក្រពត ដោយពេលនោះ ស្ត្រីជាប្រពន្ធ បានបរិភោគ​​​តែសាច់ត្រី​​​ក្រពតទេ បាយរួចក៏ ឈប់បរិភោគទៅ ។ ចំណែកប្តី (បុរសរងគ្រោះ) បានបន្ត​​​បរិភោគគ្រឿង ក្នុង ត្រីក្រពត ក្លែមស្រា អស់ច្រើន ទើបបន្ទាប់មក នាំគ្នា​​​លង់លក់ ក្នុងដំណេកទៅ។ លុះដល់វេលាម៉ោង ១រំលងអាធ្រាត ចូលថ្ងៃទី៤ ខែកក្កដា ស្រាប់ជនរងគ្រោះ មាន អាការៈរឹង ដៃ រឹងជើង ធ្វើឲ្យមាន​​​ការឆោឡោ ភ្ញាក់ផ្អើល​​​ញាតិជិតខាង មកជួយមើល ហើយជាមួយគ្នានោះ ក្រុមគ្រួសារក៏បានទៅហៅគ្រូពេទ្យ ក្នុងភូមិមក ពិនិត្យមើល ប៉ុន្តែ ដោយសារអាការៈជនរងគ្រោះ មានសភាព មិនស្រួសខ្លាំង គ្រូពេទ្យក្នុងភូមិ បានណែនាំឲ្យយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តកំពង់ចាម ។ បន្ទាប់មក ក្រុម គ្រួសារនិងញាតិជិតខាង បានជួយដឹកជន រងគ្រោះទៅមន្ទីរពេទ្យខេត្ត ប៉ុន្តែ គ្រាន់តែលើក ជនរងគ្រោះ ដាក់លើរទេះរុញ នៃមន្ទីរពេទ្យ ត្រូវគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

លោក នាយប៉ុស្តិ៍ ដដែលបានឲ្យដឹងទៀតថា ឆ្លងតាមការពិនិ្យ សមត្ថកិច្ចបានសន្មត់ថា  ជនរងគ្រោះ ពិតជាស្លាប់ដោយ សារ បរិភោគគ្រឿងក្នុងត្រីក្រពត ច្រើន ។

លោក ណៅ ធូក អគ្គនាយករដ្ឋបាលជល ផល បានអំពាវនាវដោយទទូចឲ្យប្រជាពលរដ្ឋទាំង អស់ ឈប់បរិភោគត្រីក្រពតដែលមានជាតិពុលទាំង ៣ប្រភេទ ហើយត្រីក្រពតដែលគ្មានជាតិពុល ៧ប្រភេទផ្សេងទៀត ក៏គួរ កុំបរិភោគគ្រឿងក្នុងផងដែរ ព្រោះវាអាចនាំឲ្យពុល និងនាំគ្រោះថ្នាក់ដល់ជីវិត។

ការចេញ អំពាវនាវ ឲ្យប្រជាពលរដ្ឋឈប់បរិភោគ ត្រីក្រពតមានជាតិពុល ក៏ដូចជាឈប់បរិភោគគ្រឿងក្នុង ត្រីក្រពត គ្មានជាតិ ពុល របស់លោក ណៅ ធូក បានធ្វើឡើង បន្ទាប់ពីករណីពុលត្រីក្រពត ជាច្រើនករណី បានកើតឡើងជាបន្តបន្ទាប់ បណ្តាលឲ្យអ្នកបរិភោគស្លាប់ និងរងគ្រោះ ជាច្រើននាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំងកន្លងមក នេះ។ ករណីពុលត្រីក្រពតនេះ ធ្លាប់បានកើតឡើងនៅក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង កាលពីពេលថ្មីៗនេះ ហើយ កាលពីបណ្តាឆ្នាំកន្លងទៅ ក៏ធ្លាប់កើតមាននៅស្រុកស្រីស្នំ ខេត្តសៀមរាប នៅស្រុកស្អាង ខេត្តកណ្តាល ខេត្តឧត្តរមានជ័យ និងនៅភូមិអម្ពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាលផងដែរ។

លោក ណៅ ធូក បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទនាពេលកន្លងមកថ «ហាមដាច់ខាតបរិភោគត្រីក្រពត ដែលមានជាតិពុលទាំង៣ប្រភេទ ដែលមានភិនភាគដូចក្នុងរូបភាព ហើយយក ល្អអាត្រីក្រពត ដែលគ្មានជាតិពុល៧ប្រភេទផ្សេងទៀត កុំបរិភោគគ្រឿងក្នុងរបស់វា»។

លោក បានបន្តថា ប្រជាពលរដ្ឋ ដែលបរិភោគនូវត្រីក្រពតដែលមានជាតិពុល អាចបណ្តាលឲ្យឈឺក្បាល វិលមុខ ល្ហិតល្ហៃ រឹងថ្គាម ស្ពឹកចុង ដៃ ចុងជើង រាគរូស ក្អួតចង្អោរ ឬអាចបណ្តាលឲ្យស្លាប់តែម្តង។ បើមានអការៈពុលបែប នេះ ត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យ មិនត្រូវធ្វេសប្រហែសឡើយ។

កាលពីថ្ងៃទី១៩ ខែមេសា កន្លងទៅ រដ្ឋបាលជលផល បានចេញសេចក្តីប្រកាសដោយបង្ហាញថា ត្រីក្រពតក្នុងទឹក សាប៣ប្រភេទ ក្នុងចំណោម១០ប្រភេទនៅកម្ពុជា រួមមាន៖ Tetraodon cochinchinensis, Mon otrete leiurus និង Tetraodon fluviatilis ដែលមានភិនភាគដូចក្នុងរូបភាព ជាប្រភេទត្រីក្រពតដែលមានជាតិពុលខ្លាំង។

នៅក្នុងសេចក្តីប្រកាសនោះ ក៏បានឲ្យដឹងផងដែរថា ត្រីក្រពតមានសារធាតុពុលទាំង៣ប្រភេទ មានជាតិពុលខ្ពស់ បំផុតនៅរដូវពងកូនបន្តពូជ ដែលជាធម្មតា កើតឡើងនៅក្នុងខែកុម្ភៈ និងមីនា និងចន្លោះខែកក្កដា ទៅខែកញ្ញា។ ចំពោះជាតិពុលនៅក្នុងខ្លួនត្រី ក៏មានកម្រិតខុសគ្នាដែរ គឺពង និងស្ពែមមានជាតិពុលខ្ពស់ជាងគេ បន្ទាប់មកគឺថ្លើម ពោះវៀន ស្បែក និងសាច់។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative