ការពន្លូតកូន​​​​បង្កផលវិបាក​​​អាក្រក់?

មានកត្ដាជាច្រើន​​​ដែលធ្វើឱ្យ​​​ស្ដ្រី​មួយចំនួន​​​ចង់ពន្លូត​​​កូនចេញ ដូចជា​​​បញ្ហាជីវភាព ការខ្មាសអៀន​​​​ដែលសង្គម​​​​មិនទទួលស្គាល់​​​កូននៅក្នុង​​​ផ្ទៃពោះ ភាពមមាញឹក​​​​​​ក្នុងការងារ​​​​​​ប្រកបរបរ​​​​​​ចិញ្ចឹម​​​ជីវិត​​​​​​​ជាដើម។ ទោះជាកត្ដា​​​អ្វីក៏ដោយ តើស្ដ្រីដែល​​​ទៅរកសេវាកម្ម​​​ពន្លូតកូន​បានដឹង​​​ដែរឬទេ​ពី​​​ផលវិបាកនៃ​​​ការពន្លូតកូន​​​​ដោយចេតនានេះ?

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកវេជ្ជបណ្ឌិត ថៃហ្វា វ៉ីហ្គង់ ឯកទេសខាងរោគស្ដ្រី និងសម្ភព បានឱ្យដឹងថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ច្បាប់អនុញ្ញាតិឱ្យ មន្ទីរពេទ្យទទួលពន្លូតកូនបាន​ត្រឹមតែ​​​អាយុក្រោម​​​១២សបា្ដហ៏​​​ប៉ុណោ្ណះ។ ជាទូទៅ ការពន្លូតកូនមានពីរវិធី។

វិធីទី១ ការប្រើប្រាស់​ថ្នាំគ្រាប់

គឺប្រើថ្នាំលេបបង្ខំឱ្យកូន និងទងសុក​​​ធ្លាក់មក។ ការប្រើប្រាស់​​​ថ្នាំគ្រាប់នេះ ទើបតែមានថ្មីៗ​នៅក្នុង​​​ព្រះរាជាណាចក្រ​​​កម្ពុជា  ដែលថ្នាំទាំងនោះ​​​មានចំនួន៦គ្រាប់​​​​ផលិតនៅ​​​ប្រទេសចិន។ ថ្នាំនេះមានប្រសិទ្ឋិភាព​ដល់ទៅ​​​៩០%ចំពោះកូន​​​​នៅអាយុក្រោម​​​៧សបា្ដហ៏។

ផលវិបាកការ​ប្រើប្រាស់​ថ្នាំគ្រាប់

អ្នកជម្ងឺអាចមិនដឹងពីពេលវេលា​​​ពិតប្រាកដថា​​​តើ​ទារកធ្លាក់​​​នៅពេលណា។ ដូច្នេះអាចធ្វើឱ្យអ្នកជម្ងឺធ្លាក់ឈាម ពេលកំពុងធ្វើ​​​ដំណើរតាមផ្លូវ ឬនៅពេលដែលអ្នកជម្ងឺ​បំពេញការងារផ្សេងៗ។ ប៉ុន្ដែជាទូទៅឈាម​នឹងអាចធ្លាក់ រយៈពេល៤៨ម៉ោង ក្រោយពីការទទួលទានថ្នាំ។ មានអ្នកជម្ងឺចំនួន១០% ដែលមិនបានទទួលជោគជ័យ ក្នុងការប្រើប្រាស់ថ្នាំគ្រាប់នេះ។ ទារកអាចធ្លាក់មិនអស់ ឬធ្លាក់ត្រឹមតែពាក់កណ្ដាល។ ប្រសិនជាអ្នកជម្ងឺ​មិនបានចាប់អារម្មណ៏​ទៅលើការធ្លាក់ឈាមនេះទេ ឈាមដែលនៅសេសសល់​ទាំងនេះអាចបង្កឱ្យអ្នកជម្ងឺធ្លាក់ឈាមរាំរ៉ៃ និងបង្ករភាពងាយស្រួលដល់មេរោគ ជ្រៀតចូលទៅក្នុងស្បូនតាមទ្វារមាស ឬយោនី។ រោគសញ្ញាបង្ហាញចេញមានដូចជា ក្ដៅខ្លួន មានរលាក និងខ្ទុះនៅក្នុងស្បូន។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីទីពីរ២ ការប្រើ​ឧបករណ៏បឺត ឬគាស់ទារក​ចេញតាម​មាត់ស្បូន

នេះជាវិធីដែលត្រូវបានគេប្រើញឹកញាប់​នាពេលបច្ចុប្បន្ន។ ទោះបីជាការពន្លូតធ្វើឡើង​ដោយអ្នកជំនាញ​យ៉ាងណាក៏ដោយ ក៏នៅមានអ្នកជម្ងឺចំនួន៣% ប្រឈមមុខនឹងផលវិបាក​នៅពេលកំពុងធ្វើការពន្លូត និងក្រោយការពន្លូត។

ក- ផលវិបាកនៅពេល​កំពុងធ្វើការពន្លូត

នៅពេលដែលបើកមាត់ស្បូន ដើម្បីដាក់ឧបករណ៏យកទារកពីក្នុងស្បូនចេញ ពេលខ្លះ អាចជ្រុលដៃ​​​ធ្វើឱ្យ​​​ធ្លាយស្បូន។ មូលហេតុ នេះអាចមកពីមាត់ស្បូន​មានភាពមិនធម្មតា និងអាចមកពីគ្រូពេទ្យមាន​បទពិសោធន៏​​​មិនគ្រប់គ្រាន់។ នៅពេលនោះឈាមធ្លាក់កាន់តែខ្លាំង។ ប្រសិនជាគ្រូពេទ្យនៅតែបន្ដ​ការបូបយកទារកនោះចេញ ដោយមិនបានដឹងថាស្បូនធ្លាយនោះទេ គ្រូពេទ្យអាចបូបពោះវៀនចូលទៅក្នុងស្បូន។  ទាំងនេះអាចឈានដល់ការ​បាត់បង់អាយុជីវិតអ្នកជម្ងឺ។ ការប្រឈមមុខនឹងគ្រោះថ្នាក់កាន់តែខ្លាំង គឺនៅពេលទារកមានអាយុកាន់តែច្រើន។

មានករណីមួយចំនួន ស្បូនមិនសង្កត់សរសៃឈាម​ដែលជាប់នឹងទងសុកនិងស្បូន ដែលធ្វើឱ្យឈាមធ្លាក់​មកច្រើនហើយនៅតែបន្ដ ការធ្លាក់ចុះមក។ អ្នកជម្ងឺអាចទទួលគ្រោះថ្នាក់​ដល់អាយុជីវិត។ ករណីនេះតម្រូវឱ្យ​គ្រូពេទ្យធ្វើការវះកាត់យកស្បូនចេញ ដើម្បីជួយសង្គ្រោះ ជីវិតអ្នកជម្ងឺ។ ការកាត់ស្បូនចោល​អាចឱ្យស្ដ្រីនោះ​លែងមានកូនរហូត។

អ្នកជម្ងឺអាចប្រឈមមុខ​នឹងការឆ្លងមេរោគ​តាមឧបករណ៏ប្រើប្រាស់​ពីអ្នកជម្ងឺម្នាក់​ទៅអ្នកជម្ងឺម្នាក់ទៀត ដែលមិនមានពេលវេលា គ្រប់គ្រាន់ក្នុងការលាងសម្អាត ឬស្ងោរសម្លាប់មេរោគ​ឱ្យបានត្រឹមត្រូវល្អ។

ខ- ផលវិបាក​ក្រោយការពន្លូត ៖ ចែកចេញជាពីរដំណាក់កាល គឺផលវិបាករយៈពេលខ្លី រយៈពេល២ទៅ៣សបា្ដហ៏ និងផលវិបាករយៈពេលវែង រយៈពេលចាប់ពី២ខែ​រហូតដល់រយៈពេលមួយឆ្នាំ។

-ផលវិបាករយៈពេលខ្លី ៖ ការជ្រៀតចូលមេរោគ​តាមទ្វារមាស​របស់អ្នកជម្ងឺ។ អ្នកជម្ងឺមានអាការៈ​ធម្មតាបន្ទាប់ពីធ្វើការពន្លូត ដូចជាមានធ្លាក់ឈាមពី២ទៅ៣ថ្ងៃ​ហើយក៏បាត់ទៅវិញ។ ប៉ុន្ដែ២ឬ៣សបា្ដហ៏ក្រោយមក អ្នកជម្ងឺច្រើនតែ​មានអាការៈក្ដៅខ្លួន មានធ្លាក់ទឹករងៃ  ដូចជាខ្ទុះក្លិនមិនល្អ​ជាដើមមកជាមួយ។ ប្រសិនជាមេរោគ​ចូលទៅដល់ដៃស្បូន វាអាចធ្វើឱ្យដៃស្បូនស្ទះ និងបង្កឱ្យអ្នកជមឺគ្មានកូន។

ការយកទារក​ចេញមិនអស់ មិនទាន់ធ្វើឱ្យអ្នកជម្ងឺធ្លាក់ឈាមខ្លាំង​នៅពេលកំពុងធ្វើការពន្លូតនោះទេ តែវាធ្វើឱ្យធ្លាក់ឈាមកំឡុង ពេលមួយសបា្ដហ៏ក្រោយមក។  ក្នុងករណីបែបនេះ អ្នកជម្ងឺត្រូវមកធ្វើការពិនិត្យអេកូ ដើម្បីមើលអោយឃើញថា​តើមានសល់   ដែរឬអត់  ដើម្បីយកចេញឱ្យអស់ ។

-ផលវិបាករយៈពេលវែង  វាអាចធ្វើឱ្យស្បូនជាប់គ្នា ។ ជាទូទៅ ស្បូនមានប្រហោង ប្រសិនបើយើងប្រើឧបករណ៏កោស ឬបឺត អ្វីដែលមាននៅក្នុងស្បូនចោលឱ្យអស់  វាអាចបណ្ដាលឱ្យស្បូនស្អិតជាប់គ្នា។ ទាំងនេះអាចធ្វើឱ្យ​ស្ដ្រីមិនមានរដូវ  មករដូវតិច ឬក៏មិនមានកូន តែម្ដង ។

ដំបូន្មាន​អ្នកជំនាញ

ស្ដ្រីគួរចងចាំថា ទារកក្នុងផ្ទៃកាន់តែធំ ការរំលូតកូន កាន់តែប្រឈមមុខនឹងគ្រោះថ្នាក់​ដល់ជិវិតកាន់តែខ្លាំង។ លោកវេជ្ជបណ្ឌិត វីហ្គង់ បានផ្ដាំផ្ញើដល់ឆ្មប និងអ្នកធ្វើពន្លូតកូនថា មិនគួរធ្វើការសម្លាប់ទារក​ក្នុងផ្ទៃស្ដ្រីដែលមានអាយុបួន​ទៅប្រាំខែទេ ។ ការធ្វើបែបនេះ គឺធ្វើ អោយបែកស្បូន និងប៉ះពាល់ដល់ជីវិតមាតា​ផងដែរ។ ម្យ៉ាងវិញទៀត ស្ដ្រីដែលធ្លាប់ធ្វើការរំលូតកូនច្រើនដង ថ្ងៃក្រោយនឹងប្រឈមមុខនឹង ការរលូតកូនដោយងាយ និងការកើតកូនមិនគ្រប់ខែ។ ដូច្នេះដើម្បីចៀសវាងបន្ទុកគ្រួសារដែលមានកូនច្រើន លោកអ្នកគួរប្រើស្រោមអនាម័យ ឬវិធីពន្យាកំណើតផ្សេងៗ​ដើម្បីពន្យាកំណើត។ ប្រសិនក្នុងករណីមានគភ៌ មិនមានបំណងចង់ទុកទេ ហើយចង់រំលូតកូនចេញ អ្នកគួរ តែអញ្ជើញទៅជួបអ្នកជំនាញ ជាពិសេសអញ្ជើញទៅមន្ទីរពេទ្យ​ដើម្បីជៀសវាងគភ៌កាន់តែធំ​ធ្វើការពន្លូតលែងកើត និងមានការប៉ះពាល់​ដល់ជិវិតស្ដ្រីជាអ្នកជម្ងឺ ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦

Google Analytics Alternative