ស្គាល់ខ្លួនឯង​​​​​​ពីការ​អប់រំ​​​ឥរិយាបថ

ឥរិយាបថ​​​គឺបង្ហាញពី​​​អត្ដចរិតល្អ និង​​​អាក្រក់ លោកអ្នក​​​គ្រប់រូប​​​តែងចង់​ឱ្យ​​​ខ្លួនឯង​​​ក្លាយ​ជាមនុស្ស​​​ដែលមាន​​​​ឥរិយាបថល្អ ស្គាល់ខ្លួន​​​ឯងច្បាស់ ចេះប្រើប្រាស់​​​សមត្ថភាព​​​របស់ខ្លួន និងអាច​​​ដោះស្រាយ​​​គ្រប់​​​បញ្ហាបាន។ មនុស្សគ្រប់រូបក៏ប្រាថ្នា​ចង់បានអនាគត មួយដែលពោរពេញ​ទៅដោយភាពជោគជ័យ​ក្នុងឆាកជីវិត។ ទន្ទឹមនឹងការចង់បាននេះ ភាពជោគជ័យទាំងឡាយ​ក៏កើតចេញពីការតស៊ូ ព្យាយាម និងភាពអំណត់ផងដែរ ដែលតម្រូវឱ្យមនុស្ស​គ្រប់រូបចេះត្រិះរិះពិចារណា និងដោះស្រាយគ្រប់បញ្ហា​ដែលកំពុងជួបប្រទះ​ដោយវិធីមួយដែលល្អបំផុត​សម្រាប់ខ្លួនឯង និងអ្នកដទៃ។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក សាំង សុខជា នាយកប្រតិបត្ដិនៃ​មជ្ឈមណ្ឌលអប់រំឥរិយាបថ បកស្រាយពីការអប់រំ​ឥរិយាបថតាមរយៈទស្សនាវដ្ដី សុខភាពយើង។

ការអប់រំ​ឥរិយាបថ

ការអប់រំឥរិយាបថគឺ​ជាការឱ្យដឹង ស្គាល់ និងយល់ច្បាស់ពីខ្លួនឯងថា​ខ្លួនកំពុងធ្វើអ្វី នឹងត្រូវត្រៀមធ្វើអ្វីខ្លះ​ចំពោះខ្លួននាពេល អនាគត។ ការអប់រំឥរិយាបថនឹងធ្វើឱ្យលោកអ្នក​ស្គាល់ពីអតីតកាល និងអាចដោះស្រាយរឿងរ៉ាវ​ពីអតីតកាលឱ្យជ្រះស្រឡះពីក្នុងចិត្ដ ដើម្បីកសាងខ្លួន​ឱ្យបានល្អនាពេលបច្ចុប្បន្ន។

ហេតុអ្វីបានជា​ត្រូវការអប់រំ​កែប្រែឥរិយាបថ?

ការអប់រំឥរិយាបថ​​​​ជាកត្ដាជួយ​​​ធ្វើឱ្យលោកអ្នក​​​បានទទួល​​​ការ​អប់រំ​​​កាន់តែច្រើន និងទទួល​​​បាន​អត្ថប្រយោជន៍​​​ពីការអប់រំ ឥរិយាបថ។ ជាចាំបាច់សម្រាប់មនុស្ស​គួរតែមានការអប់រំឥរិយាបថ ដើម្បីឱ្យខ្លួនឯងស្គាល់ខ្លួនឯង​កាន់តែច្បាស់ថែមទៀត។ នៅពេលដែល​មនុស្សម្នាក់់មិនទាន់យល់ច្បាស់​ពីអ្វីដែលខ្លួនឯងត្រូវការ ថាខ្លួនឯងកំពុងធ្វើអ្វី បុគ្គលម្នាក់នោះ​​​មានបញ្ហា​​​ដ៏ស្មុគស្មាញដែលមិនអាចដោះស្រាយបាន ដោយសារតែ​មិនទាន់ស្គាល់ច្បាស់ពីខ្លួនឯង និងមិនដឹងពីដំណោះស្រាយដ៏ល្អ។ ការអប់រំឥរិយាបថនឹងធ្វើឱ្យបុគ្គល នោះបានដឹងពីអ្វីសំខាន់​ដែលខ្លួនមាន ហើយដឹងពីអ្វីដែលខ្លួនមិនដឹង ដើម្បីឱ្យលោកអ្នកបានចេះ ហើយអាចទៅធ្វើការទំនាក់ទំនងជា មួយអ្នកដទៃបាន។

ខ្លួនឯងគិតថា​ធ្វើត្រូវរហូត

មានលោកអ្នកមួយចំនួន​តែងយល់ថាខ្លួនឯងត្រូវរហូត រាល់កិច្ចការអ្វីដែលបានធ្វើ ដោយមិនបានមើលពីកំហុសខ្លួនឯង ដើម្បីធ្វើការស្ថាបនានោះទេ។ មនុស្សបែបនេះអាចទទួលភាពបរាជ័យ​បានគ្រប់ពេលវេលា ដោយសារតែខ្លួនមើលខ្លួនឯង​មិនឱ្យគ្រប់ជ្រុងជ្រោយ។ មនុស្សដែលមិនព្រមទទួលយកការពិត និងប្រកែកពីកំហុសរបស់ខ្លួន គឺជាមនុស្សដែលមិនឱ្យតម្លៃ​ទៅលើខ្លួនឯង។ ដូច នេះលោកអ្នកត្រូវយល់ថា​ការទទួលស្គាល់នូវកំហុសរបស់ខ្លួន​មិនត្រឹមតែ​ឱ្យអ្នកដទៃសរសើរ​ពីទង្វើរបស់យើងនោះទេ គឺថែមទាំងធ្វើ ឱ្យលោកអ្នកក្លាយទៅជាមនុស្ស​ដែលមានការទទួលខុសត្រូវខ្ពស់ និងជាមនុស្សដែលមាន​ឥរិយាបថល្អថែមទៀតផង។ មួយវិញទៀត ការដែលមិនព្រមបញ្ចេញ​ពីសមត្ថភាពរបស់ខ្លួននោះ គឺមិនមែនជារឿងល្អនោះទេ ផ្ទុយទៅវិញគេអាចវាយតម្លៃថា មនុស្សប្រភេទនេះ ប្រៀបដូចសត្វពង្រូល។ លោកអ្នកប្រាកដជាមិនចង់ឮ​នូវពាក្យទាំងនេះទេ លោកអ្នកត្រូវយល់ឱ្យច្បាស់ ត្រូវបង្ហាញសមត្ថភាពដែល ខ្លួនអាចធ្វើបាន បើទោះបីជាវាស្ថិតក្នុង​កម្រិតណាក៏ដោយ ព្រោះសមត្ថភាពមនុស្សម្នាក់ៗ​មិនអាចមានដូចគ្នាទាំងអស់នោះទេ អ្វីដែល គេមានយើងមិនអាចមាន តែអ្វីដែលគេមិនមាន គឺយើងអាចមាន។

បញ្ហាដែលត្រូវប្រឈមមុខ​នៅពេលដែលមិន​ទាន់ស្គាល់ខ្លួនឯង

មិនមែនបានន័យថាលោកអ្នក​ត្រូវតែទទួលការអប់រំឥរិយាបថ​ទើបបានស្គាល់ពីខ្លួនឯងនោះទេ គឺអ្នកនោះត្រូវរៀនសូត្រ ស្គាល់ពីរសជាតិជីវិត ហើយសំខាន់បំផុតនោះគឺ​បានស្គាល់ពីខ្លួនឯងយ៉ាងច្បាស់ ដើម្បីអ្នកទាំងនោះក៏ជាមនុស្សមួយរូប​ដែលទទួលភាព ជោគជ័យក្នុងឆាកជីវិតដែរ។ ការដែលមិនបានទទួលការអប់រំឥរិយាបថ មិនមែនមនុស្សគ្រប់គ្នា​មិនអាចស្គាល់ខ្លួនឯងនោះទេ ប៉ុន្ដែអ្វីដែលជាចំណុចសំខាន់បំផុត​ពីការអប់រំឥរិយាបថនេះ គឺធ្វើឱ្យមនុស្សគ្រប់រូបកាន់តែ​ជឿជាក់លើខ្លួនឯង មានទំនុកចិត្ដ​ចំពោះខ្លួនឯងខ្ពស់ និងឱ្យតម្លៃចំពោះខ្លួនឯង។ ការអប់រំកែប្រែឥរិយាបថ​ជាកត្ដាសំខាន់​ដែលបង្ហាត់បង្ហាញ​ឱ្យខ្លួនឯងស្គាល់​កាន់តែច្បាស់ពីអត្ដចរិតរបស់ខ្លួន មនុស្សដែលស្គាល់ខ្លួនឯងគឺ​ងាយទទួលបាន​ភាពជោគជ័យក្នុងឆាកជីវិត​ច្រើនជាងអ្នកដែលមិន​ទាន់ស្គាល់ច្បាស់ពីខ្លួនឯង។ នៅពេលដែលមនុស្សមិន​ទាន់ស្គាល់ខ្លួនឯងច្បាស់ មានបញ្ហាជាច្រើន​ដែលកើតមានដូចជា​ការមិនហ៊ានបញ្ចេញ​ពីសមត្ថភាពអ្វីដែលខ្លួនមាន ការប្រឈមមុខនឹងរឿងបរាជ័យ មិនអាចទទួលបានសុភមង្គលក្នុងជីវិត ការទទួលភាពជោគជ័យ​មានកម្រិតទាប អ្វីដែលសំខាន់នោះគឺ ខ្លួនឯងមិនអាចជួយខ្លួនឯងបានទេ។

រូបភាពទស្សនាវដ្តីសុខភាពយើង

សារៈប្រយោជន៍​នៃការអប់រំឥរិយាបថ

ការដែលលោកអ្នក​បានទទួលការអប់រំដ៏ល្អមួយ លោកអ្នកនឹងក្លាយជាមនុស្ស​ដែលចេះប្រើប្រាស់សមត្ថភាពខ្លួនមាន​យល់ច្បាស់ពីតម្លៃនៃជីវិត អាចដោះស្រាយរាល់បញ្ហា ទទួលបាននូវសុភមង្គលក្នុងជីវិត ចេះរៀបចំពីអនាគតខ្លួនឯង។ រាល់ទង្វើដែលបាន ប្រព្រឹត្ដសុទ្ធតែជាអំពើគប្បី ចេះបែងចែកអ្វីដែលល្អ និងអាក្រក់ ហើយអ្វីដែលសំខាន់បំផុតនោះគឺ​នឹងអាចទទួលបានភាពជោគជ័យក្នុង ឆាកជីវិត។ ដើម្បីទទួលបានការអប់រំឥរិយាបថមួយដ៏ល្អគឺ​អាចធ្វើឡើងពីចំណេះដឹងដែលខ្លួនមាន ដោយបុគ្គលនោះចេះបង្រៀនខ្លួនឯង បានរៀនមើលពីអ្វីៗ​ដែលជាអំពើល្អនៅជុំវិញខ្លួន និងបានមកពីការបង្ហាត់បន្ថែម​ពីអ្នកដទៃសម្រាប់ខ្លួន។ មួយវិញទៀត​ការអប់រំឥរិយាបថ ក៏ជាប្រយោជន៍មួយសម្រាប់​សុខភាពផ្លូវចិត្ដផងដែរ ព្រោះមនុស្សអាចបានស្គាល់ខ្លួនឯង តស៊ូលំបាក​ជាមួយបញ្ហាដែលកំពុងប្រឈមមុខ និងឱ្យតម្លៃជីវិត មិនគិតអ្វីដែលជាអំពើអគតិ​ដូចជាការធ្វើអត្ដឃាតជាដើម។

ដំបូន្មានអ្នកជំនាញ

លោកអ្នកត្រូវចេះប្រើប្រាស់នូវសមត្ថភាព​អ្វីដែលខ្លួនមាន បែងចែកអ្វីដែលល្អ និងអាក្រក់ឱ្យដាច់ពីគ្នា។ ជាកត្ដាសំខាន់ណាស់ ដែលយើងម្នាក់ៗចាំបាច់ត្រូវគិតគូរ​ឱ្យបានល្អពីឥរិយាបថរបស់់ខ្លួន ដោយសួរថាខ្ញុំស្គាល់ខ្លួនឯងទេ។ នៅពេលដែលយើងអាច ឆ្លើយបាន និងបានស្គាល់ច្បាស់​ពីខ្លួនឯងហើយនោះ យើងនឹងក្លាយទៅជាមនុស្សម្នាក់​ដែលមានឥរិយាបថល្អ ហើយភាពជោគជ័យក្នុង ឆាកជីវិតនឹងទន្ទឹងរង់ចាំ​យើងនាថ្ងៃអនាគត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១

Google Analytics Alternative