សិស្សជាង​​​១ពាន់នាក់​​​ចូលរួម​​​ដង្ហែក្បួន ក្នុងយុទ្ធនាការ​​​ប្រឆាំងនឹង​​​ជំងឺគ្រុនឈាម​​​ឆ្នាំនេះ

យ៉ាងហោចណាស់ មានមនុស្ស ប្រមាណ ១ពាន់នាក់ ដែលក្នុងនោះមាន សិស្សានុសិស្សតូចៗ លោកគ្រូ អ្នកគ្រូ បុគ្គលិកអង្គការ រួមទាំងមន្រ្តី ក្រសួងសុខាភិបាល ដែរនោះ បានចូលរួម ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំង នឹងជំងឺគ្រុនឈាម នាព្រឹកម៉ិញ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ក្បួនដង្ហែ​​​ថ្មើជើងនេះ បានចាប់ផ្តើម​​​ឡើង នៅម៉ោង​​​៧ព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ ដោយចេញ​​​ចំណុច សាលា​​​បឋមសិក្សា​​​ចតុមុខ ដង្ហែតាម​​​វិថីព្រះនរោត្តម ទៅកាន់​​​វិមាន​​​ឯករាជ្យ និង កាច់តាម​​​វិថីព្រះសីហនុ ឆ្ពោះទៅ​​​កាន់ សួន​​​ខាងមុខ​​​វត្តបទុមវត្តី អមជាមួយ​​​នឹង មនុស្សពាក់ ឈុតសត្វ​​​មូសខ្លា និង មូស​​​ដែកគោល និង​​​បដា ព្រោងព្រាត ដែល​​​ជាការសហការ​​​រៀបចំ​​​ដោយ ក្រុមហ៊ុន អេ ស៊ី ចនសាន់ (SC Johnson) ដែល ផលិតថ្នាំបាញ់ មូស រ៉េត និងមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ (ក្នុងកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម) របស់ក្រសួង សុខាភិបាល ។

លោក ថៃ សៀង តំណាងក្រុមហ៊ុន អេ ស៊ី ចនសាន់ បានឱ្យដឹងថា ក្បួនដង្ហែ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ គ្រុនឈាមឆ្នាំនេះ ជាលើកទី៨ហើយ ដែលក្រុមហ៊ុន របស់លោក បានសហការជាមួយ នឹងក្រសួងសុខាភិបាល ក៏ដូចជា មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ដើម្បីចូលរួម ផ្សព្វផ្សាយ កាត់អន្ថយអត្រាកុមារគ្រោះថ្នាក់ ដោយជំងឺគ្រុនឈាម។ លោកបន្ថែមថា ឆ្នាំនេះ យុទ្ធនាការកម្ចាត់ជំងឺ គ្រុនឈាម នៅកម្ពុជា ត្រូវបានធ្វើឡើង ក្រោមប្រធានបទ “កម្ចាត់ជំងឺគ្រុនឈាម ដើម្បីការពារអ្នក និងគ្រួសារអ្នក” ដើម្បីធ្វើយ៉ាងណា ផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋ បានដឹងពីវិធីការពារខ្លួន កុំឱ្យកើតជំងឺគ្រុនឈាម ។

តាមប្រសាសន៍របស់ លោកវេជ្ជបណ្ឌិត ង៉ាន់ ច័ន្ទថា នាយករង មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងជា នាយកកម្មវិធីជាតិ ប្រយុទ្ធនឹង ជំងឺគ្រុនឈាម បានឱ្យដឹងថា ស្ថានភាពជំងឺគ្រុនចាញ់ដើមឆ្នាំ២០១៣ ហាក់ដូចជា មានលក្ខណប្រសើរជាងឆ្នាំមុន ។ តែទោះជាយ៉ាងនេះក្តី យ៉ាងហោចណាស់មាន ខេត្តចំនួន១១ ក្នុងប្រទេស កម្ពុជា ដែលរងគ្រោះធ្ងន់ធ្ងរ ដោយជំងឺគ្រុនឈាមនេះ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative