ពានរង្វាន់​​​ទិវាពិភព​​​លោក​​​គ្មានថ្នាំជក់​​​ឆ្នាំ២០១៣ បានទៅលើ​​​សាលា​​​រាជធានីភ្នំពេញ

សាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែឧសភា នេះ ត្រូវបានអង្គការសុខភាពពិភពលោក ប្រចាំតំបន់អាស៊ី ប៉ាស៊ីភិច ជ្រើសរើសជាអង្គភាពឆ្នើមមួយ ដើម្បីផ្តល់ពានរង្វាន់ ទិវាពិភពលោក គ្មានថ្នាំជក់ឆ្នាំ២០១៣នេះ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

លោកស្រី ម៉ក់ វណ្ណស៊ីថា អភិបាលរង រាជធានីភ្នំពេញ បានឲ្យដឹងថា សាលា​​​រាជធានីភ្នំពេញ ជានិច្ចកាល​​​ប្តេជ្ញាចិត្ត អនុវត្តនូវ រាល់ច្បាប់ និងលិខិត​​​គតិយុត្ត ដែលដាក់ចេញ​​​ដោយរាជ​​​រដ្ឋាភិបាល។ ជាក់ស្តែង នៅខែមីនា ឆ្នាំ២០១១ សាលា​​​រាជធានី​​​ភ្នំពេញ បានដាក់ចេញ​​​សេចក្តីជូន​​​ដំណឹង ទៅគ្រប់​​​ក្រុមហ៊ុន​​​នាំចូល ចែកចាយ​​​បារី អ្នកលក់ដុំ និងអ្នកលក់​​​រាយបារី ព្រមទាំង​​​ក្រុមហ៊ុន ដែលពាក់ព័ន្ធ ឲ្យបញ្ឈប់ការផ្សាយជាបន្ទាន់ នូវរូបភាពផ្សាយ ពាណិជ្ជកម្មបារីគ្រប់ប្រភេទ តាមការចង្អុលបង្ហាញ របស់ អនុក្រឹត្យ ស្តីពីវិធានការហាមឃាត់ ចំពោះការផ្សាយពាណិជ្ជកម្ មផលិតផលថ្នាំជក់។

លោកស្រី ម៉ក់ វណ្ណស៊ីថា បានបន្តថា «ក្នុងនាមសាលារាជធានីភ្នំពេញ និងក្នុងនាមខ្ញុំផ្ទាល់ នាងខ្ញុំសូមថ្លែងអំណរគុណ ចំពោះ អង្គការសុខភាពពិភពលោក ដែលបានផ្តល់ពានរង្វាន់ ទិវាពិភពលោក គ្មានថ្នាំជក់ឆ្នាំ២០១៣ ដល់សាលារាជធានីភ្នំពេញ ដើម្បី ជាការលើកទឹកចិត្ត។ សាលារាជធានីភ្នំពេញ បេ្តជ្ញាបន្តអនុវត្តអនុក្រឹត្យលេខ ៣៥ អនក្រ.បក ស្តីពីវិធានការហាមឃាត់ ចំពោះ ការផ្សាយពាណិជ្ជកម្ម ផលិតផលថ្នាំជក់ ហើយសង្ឃឹមយ៉ាងមុតមាំថា ដៃគូពាក់ព័ន្ធទាំងអស់ នឹងនៅតែបន្តគាំទ្រដល់ សាលា រាជធានីភ្នំពេញ នៅក្នុងការអនុវត្តអនុក្រឹត្យនេះ»។

លោក អ៊ឹង ភីរុន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឲ្យដឹងដែរថា តាមការស្រាវជ្រាវ របស់អង្គការសុខភាពពិភពលោក ការប្រើប្រាស់ថ្នាំជក់ ជាពិសេសការជក់បារី បានបណ្តាលឲ្យមនុស្សលើពិភពលោក ៦លាននាក់ស្លាប់ជារៀងរាល់ឆ្នាំ។ ថ្នាំជក់ បណ្តាលឲ្យពាក់កណ្តាល នៃអ្នកប្រើប្រាស់ជាប្រចាំបានស្លាប់។ រីឯអ្នកមិនជក់បារី ចំនួន ៦០០.០០០នាក់ បានស្លាប់ដោយ គ្រាន់តែស្រូបផ្សែងបារីពីគេក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា ទិវាពិភពលោកគ្មានថ្នាំជក់ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ក្នុងការលើកកម្ពស់ ការយល់ដឹងអំពីផលប៉ះ ពាល់យ៉ាងធ្ងន់ធ្ងរ នៃការប្រើប្រាស់ ផលិតផលថ្នាំជក់ លើសុខភាព និងកាត់បន្ថយការប្រើប្រាស់ ផលិតផលថ្នាំជក់។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative