អ្នកកើតជំងឺ​​​គ្រុនចាញ់​​​មកព្យាបាល​​​ជិត៨.០០០នាក់ ក្នុងរយៈពេល​​​៤ខែ​​​ដើមឆ្នាំ និងមាន​​​អ្នកស្លាប់​​​៣នាក់

ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១៣ អ្នកកើតជំងឺគ្រុនចាញ់ ដែលមករកសេវា ព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាពរដ្ឋ មានចំនួន ៧.៨៨៩នាក់ ថយចុះ៥៤% បើប្រៀបធៀបរយៈពេលដូចគ្នា ឆ្នាំ២០១២ មាន ១៧.០៤៣ករណី។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

យោងតាម​​​របាយការណ៍ របស់ក្រសួង​​​សុខាភិបាល ដែលចេញ​​​ផ្សាយនៅ​​​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៣​​​នេះបានឲ្យ​​​ដឹងថា ក្នុង៤ខែនេះ ចំនួនអ្នកស្លាប់ ដោយគ្រុនចាញ់ មាន៣នាក់ ថយចុះ៨៨% បើប្រៀបធៀប​​​៤ខែដើមឆ្នាំ២០១២ ដែលមាន​​​រហូតដល់​​​២៤នាក់ ។

ប្រភពខាង​​​លើបន្តថា មេរោគ​​​គ្រុនចាញ់ នៅតែបន្ដ​​​បណ្ដែតខ្លួន ក្នុងឈាមមនុស្ស គឺមូសដែក​​​គោលញី​​​នៅតែមាន​​​ឱកាសខាំ ចម្លងមេរោគនេះពីមនុស្ស ម្នាក់ទៅម្នាក់ទៀត ប្រសិនបើគ្រប់ភាគីពាក់ព័ន្ធ មានការធ្វេសប្រហែស មិនព្រមបន្ត​​​សកម្មភាព​​​របស់ខ្លួន ក្នុងការកំចាត់មេរោគមួយនេះ។ ចំនួនអ្នក ស្លាប់ដោយជំងឺនេះ ឆ្នាំ២០១០ មាន១៥១នាក់, ឆ្នាំ២០១១​​​ចុះមកដល់​​​៩៣នាក់, ឆ្នាំ២០១២ចុះមកត្រឹម៤៥នាក់ ពោលគឺត្រូវបានកាត់បន្ថយ ៣៨% ក្នុង ឆ្នាំ២០១១ និង ៥២% ក្នុងឆ្នាំ២០១២ ដែលជាការកាត់បន្ថយ ក្នុងល្បឿនលឿន ព្រោះក្នុង ទសវត្សឆ្នាំ២០០០-២០១០ ករណីស្លាប់ដោយគ្រុនចាញ់ ថយ ចុះជាមធ្យមប្រហែល៨% ប៉ុណ្ណោះ ក្នុង១ឆ្នាំៗ។

អត្រាស្លាប់ ដោយជំងឺគ្រុនចាញ់ ក្នុងប្រជាជន ១សែននាក់ ដែលជាសូចនាករស្នូល១ នៃគោលដៅអភិវឌ្ឍន៍សហសវត្សកម្ពុជា បានថយចុះពី ៥,២៩ នាក់ នាឆ្នាំ២០០០ មកនៅត្រឹម ០,៦៧នាក់នាឆ្នាំ២០១១ និង ០,៣២នាក់នាឆ្នាំ២០១២ ខណៈដែលកម្ពុជា បានកំណត់គោលដៅរបស់ខ្លួន រហូតដល់ ០,៧៨នាក់សំរាប់ឆ្នាំ២០១៥ ពោលគឺសំរេចគោលដៅ បានក្នុង៣ឆ្នាំមុនកាលកំណត់។

ករណីជំងឺគ្រុនចាញ់ ក្នុងសកលលោក (៩៩ប្រទេសមានជំងឺគ្រុនចាញ់) ក្នុងទសវត្ស ឆ្នាំ២០០០-២០១០ បានថយចុះ ២៥% ក្នុងនោះកម្ពុជាថយ ៦២%។ ករណីជំងឺគ្រុនចាញ់ព្យាបាល នៅ វិស័យសាធារណៈ (មន្ទីរពេទ្យរដ្ឋ ឬមណ្ឌលសុខភាពរដ្ឋ) ឆ្នាំ២០១២មាន៤០,៤៧៦នាក់ គឺថយចុះ៣៥% បើប្រៀបធៀប ឆ្នាំ២០១១ដែលមាន ៦២.៦៨០នាក់។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងសារលិខិត នាឱកាស ទិវាជាតិប្រយុទ្ធប្រឆាំង ជំងឺគ្រុនចាញ់ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣ថា ជំងឺគ្រុនចាញ់ នៅតែជាបន្ទុក ដ៏ធ្ងន់មួយរបស់កម្ពុជា ហើយបើមិនលុបបំបាត់ ឲ្យអស់នោះទេ មូសដែកគោលញី វានឹងបន្តបឺត ឈាម មនុស្សទៀត ដែលវាបង្កចម្លងរោគ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative