កីឡា​វាយសី

ការយកចិត្ដទុកដាក់​​​ចំពោះសុខភាព​​​គឺ​ជារឿង​​​មួយដ៏សំខាន់​​​សម្រាប់​​​លោកអ្នក ជាពិសេស​​​សម្រាប់​​​លោកអ្នក​​​​ដែលចង់បាននូវ​​​សុខភាពល្អ។ ការលេងកីឡា​​​​តែងតែ​​​ទទួលបាន​​​នូវគុណសម្បត្ដិ​ច្រើនជាង​​​គុណវិបត្ដិ ដោយការលេងមានសភាពខុសៗគ្នា ទៅតាមប្រភេទកីឡានីមួយៗ។ ស្របជាមួយគ្នានេះដែរ កីឡាវាយសីគឺជាកីឡាមួយប្រភេទដែលមានលក្ខណៈងាយស្រួលក្នុងការ លេង និងជួយកាត់បន្ថយ​នូវអារម្មណ៍តានតឹង​របស់លោកអ្នកបានមួយចំណែកដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានធ្វើកិច្ចសម្ភាសន៍ជាមួយលោកគ្រូ ណៃ ជាអ្នកគ្រប់គ្រងទូទៅ​នៅសម្ព័ន្ធកីឡាវាយសីកម្ពុជា លោកនឹងធ្វើការបកស្រាយ ដើម្បីឱ្យលោកអ្នកនាងកញ្ញា​ជ្រាបកាន់តែច្បាស់​អំពីប្រធានបទខាងលើនេះ។

កីឡាវាយសី​ជាអ្វី?

កីឡាវាយសីគឺជាកីឡាម្យ៉ាង​ដែលគេប្រើរ៉ាកែតដើម្បីជាមធ្យោបាយ​ក្នុងការលេង។ ដោយអាចលេងបានពីររបៀបគឺ១ទល់ នឹង១ និង២ទល់២ អ្នកលេងត្រូវឈរលើទីលាន​ដែលមានរាងជាចតុកោណកែងម្ខាងម្នាក់ ដែលខ័ណ្ឌដោយសំណាញ់នៅចំកណ្ដាល នៃទីលាន។ អ្នកលេងអាចយកពិន្ទុបានដោយយកដងរ៉ាកែត​របស់ខ្លួនវាយទៅលើគ្រាប់សី​ដែលធ្វើអំពីស្លាបសត្វបក្សី រួចវាយ ឱ្យឆ្លងសំណាញ់ចូលទៅក្នុងទីលានរបស់គូប្រកួតម្ខាងទៀត ដែលកំណត់ដោយខ្សែបន្ទាត់ពណ៌សព័ទ្ធជុំវិញ ខណៈពេលដែលគូប្រកួត ប្រជែងមិនអាចទទួលគ្រាប់សីបាន។ កីឡាវាយសីគឺជាកីឡាដែលគេលេង​នៅក្នុងទីលានដែលមានដំបូលប្រក់ពីលើ តែវាមិនមែនជាការ លេងជាលក្ខណៈ​ប្រកួតជាស្ដង់ដានោះទេ។

សារៈប្រយោជន៍​នៃការលេងកីឡា​វាយសី

កីឡាវាយសីមានលក្ខណៈដូចនឹងប្រភេទកីឡា​ផ្សេងៗទៀតដែរ។ កីឡាវាយសីត្រូវបានគេយក​មកលេងជាកីឡាដើម្បី​សុខភាព និងបន្ធូរបន្ថយអារម្មណ៍តានតឹង​ណាមួយដោយសារការលេង​នៅក្នុងដំបូល។ ដូច្នេះវាអាចធ្វើឱ្យអ្នកលេងងាយស្រួល​បញ្ចេញញើស​មកខាងក្រៅបានច្រើន មិនត្រឹមតែប៉ុណ្ណោះ​វាមិនសូវផ្ដល់ភាពគ្រោះថ្នាក់​ចំពោះអ្នកលេងទេ បើប្រៀបធៀប​នឹងកីឡាមួយចំនួនទៀត ដោយសារកីឡាប្រភេទនេះ​ត្រូវបានកំណត់ឱ្យនៅម្ខាងម្នាក់។ នៅបច្ចុប្បន្ននេះកីឡាវាយសី​មានប្រជាប្រិយភាព​យ៉ាងខ្លាំងទាំង នៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស។ គេសង្កេតឃើយថា​កីឡានេះភាគច្រើនគឺ​លេងនៅតំបន់អាស៊ី​ដែលនិយមលេងកីឡានេះច្រើនជាងគេ។ នៅក្នុងប្រទេសកម្ពុជា កីឡានេះត្រូវបានប្រជាពលរដ្ឋ​ទាំងក្មេងទាំងចាស់​ទាំងប្រុសទាំងស្រី​យកមកលេង ឬដើម្បីជា លំហាត់ប្រាណប្រចាំថ្ងៃ​របស់ពួកគេ។ ដោយសង្កេតឃើញថា​ការលេងគឺលេងនៅតាមបណ្ដាសួនច្បារ​សាធារណៈមួយចំនួន ឬក៏តាម ទីធ្លាខាងមុខផ្ទះជាដើម។ ចំពោះអ្នកលេងជាលក្ខណៈស្ដង់ដា គេច្រើនតែស្វែងរកការលេង​នៅក្នុងក្លឹបវាយសី​ដែលនៅក្បែរតំបន់ រស់នៅរបស់លោកអ្នក។

រូបភាពទស្សនាវដ្តីសុខភាពយើង

របៀបឱ្យពិន្ទុ និងរបៀបលេង​កីឡាវាយសី

នៅក្នុងការប្រកួតកីឡាវាយសី​ជាលក្ខណៈស្ដង់ដា និងការប្រកួតជាផ្លូវការ គឺកីឡាករ ឬដៃគូណាវាយបានរហូតឈានដល់ ២១ពិន្ទុមុនត្រូវចាត់ទុកថាជាអ្នកឈ្នះ។ ហើយនៅក្នុងមួយប្រកួតមានចំនួន៣ហ្គេម កីឡាករឬដៃគូដែលឈ្នះ២ហ្គេម​ជាប់គ្នាត្រូវបាន ចាត់ទុកជាអ្នកឈ្នះការប្រកួតនេះ។ ចំពោះការលេងឯកត្ដជនក៏ដូចជាដៃគូដែរ ការវាយសេវាត្រូវតែផ្លាស់ប្ដូរទីតាំង​ពីប្រអប់ខាងស្ដាំ ដែលគេឱ្យឈ្មោះថាប្រអប់ពិន្ទុគូ ទៅប្រអប់ខាងឆ្វេងត្រូវបានគេឱ្យឈ្មោះថា​ប្រអប់ចំនួនសេស។ ដូចគ្នានេះដែរ ចំពោះគូប្រកួតម្ខាង ទៀតដែលទទួលសេវា​ក៏ត្រូវផ្លាស់ប្ដូរប្រអប់ពីស្ដាំទៅឆ្វេង​សម្រាប់ការប្រកួតឯកត្ដជន និងចំពោះការប្រកួតដៃគូ​អ្នកទទួលសេវាត្រូវ ចងចាំថាខ្លួនឯងវាយសេវា​ចុងក្រោយនៅក្នុងប្រអប់គូ ឬសេស។ ដូចនេះនៅពេលទទួលសេវា​របស់គេត្រូវឈរទទួលឱ្យចំគោលដៅ នៃប្រអប់ដែលខ្លួនវាយចុងក្រោយនោះ។ ក្នុងទីលាននៅពេលប្រកួតជាលក្ខណៈផ្លូវការគឺ​មានអាជ្ញាកណ្ដាល២រូប ១រូបជាអាជ្ញា កណ្ដាលធំដែលអ្នក​ត្រួតពិនិត្យការប្រកួតរបស់កីឡាករ និងមួយទៀតជាអាជ្ញាកណ្ដាលដែលចាំឃ្លាំមើល​ការវាយសេវារបស់កីឡាករ ថាតើការវាយសីរបស់កីឡាករ​នោះត្រឹមត្រូវឬអត់។ ព្រោះនៅពេលវាយសេវាមិនត្រូវអនុញ្ញាតឱ្យ​លើករ៉ាកែតលើសដើមទ្រូងនោះទេ ក្រៅពីនោះមានអាជ្ញាកណ្ដាល​ចំនួន៤រូបផ្សេងទៀត ដែលអង្គុយនៅចុងទីលានប្រកួត​ទាំងសងខាង ម្ខាងមានគ្នាពីរនាក់ដើម្បីត្រួត ពិនិត្យមើលសីចេញឬចូល និងក្រៅពីនោះនៅមានអ្នកដាក់ពិន្ទុ និងក្រុមគណៈកម្មការ​បច្ចេកទេសផ្សេងទៀត។

ផលប៉ះពាល់​នៃការលេងកីឡា​វាយសី

ដោយសារតែកីឡាវាយសីនេះតម្រូវឱ្យ​កីឡាករត្រូវប្រើកាយសម្បទាខ្លាំងក្លា ដូច្នេះហើយនៅពេលលេងវា​មិនមានផលល្អ សម្រាប់លោកអ្នកដែលមានជម្ងឺសន្លាក់ ដូចជាសន្លាក់ជង្គង់ ស្មា កជើង កដៃជាដើម។ល។

ដំបូន្មានរបស់​អ្នកប្រឹក្សា

មុននឹងចូលលេង លោកអ្នកគួរតែកម្ដៅសាច់ដុំ​ជាមុនសិនទើបល្អ។ លោកអ្នកកុំព្យាយាមលេង​ឱ្យលើសកំណត់ និងហួស កម្លាំងខ្លួនឯង បើសិនជាចង់លេងឱ្យបានត្រឹមត្រូវតាមលក្ខណៈស្ដង់ដា​ត្រូវរកមើលក្លឹបវាយសីណាដែលមានលក្ខណៈស្ដង់ដា​ត្រឹមត្រូវឬក៏គួរតែឆ្លងកាត់ការហាត់រៀន​ជាមួយគ្រូបង្វឹកជាមុនសិន ទើបជាការប្រសើរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១

Google Analytics Alternative