ជិះម៉ូតូ​​​ឌុបគ្នាចេញពី​​​កោះពេជ្រ ត្រូវរថយន្ត​​​លុច្សស៊ីស៤៥០ បើកបុកអូស​​​ជាង២​​​គីឡូម៉ែត្រ រងរបួស​​​ធ្ងន់ស្រាល​​​៣នាក់ រថយន្ត​​​រត់គេច​​​ខ្លួនបាត់

បុរស៣នាក់ បានរងរបួសធ្ងន់ស្រាល ត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ក្នុងខណះ ដែលពួក គេទាំងបីនាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកសង់កូរ៉េ ឌុបគ្នាចេញពីកោះពេជ្រ ស្រាប់តែត្រូវ រថយន្តលុច្សស៊ីស ៤៥០មួយគ្រឿងទៀត បើកមកបុកពេញទំហឹង និងអូសជាង២គីឡូម៉ែត្រ ពីចំណុចកើតហេតុ មកដល់ស្តុបបូកគោ ផ្លូវព្រះមុនីវង្ស កែងផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី ១ ខណ្ឌចំការមន ទើបម៉ូតូខ្ទាចចេញពីរថយន្ត ហើយអ្នកបើកបរបានបន្ថែមល្បឿន បើករត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២២និង១០នាទីយប់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៣។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

តាមប្រភពព័ត៌មាន ពីសាក្សីដែលបានឃើញ ហេតុការណ៍នេះ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះ ទាំងបីនាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីកើតទៅលិច ខណះជិះមកដល់ចំណុច កើតហេតុខាងលើ ក៏ត្រូវរថយន្ត ម៉ាកលុច្សស៊ីស៤៥០ មួយគ្រឿងមិនស្គាល់ ស្លាកលេខ ធ្វើដំណើរ តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ក៏ជ្រុលទៅបុកម៉ូតូ ជនរងគ្រោះ ពេញទំហឹងនិងអូសជាង២គីឡូម៉ែត្រ ទើបម៉ូតូខ្ទាចចេញពីរថយន្ត ចំណែកអ្នកជិះម៉ូតូទាំងបីនាក់ ត្រូវរងរបួស បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ។ រីឯម៉ូតូរងការខូចខាតយ៉ាងដំណំផងដែរ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន និងនគរបាលចរាចរ បានចុះមកអន្តរាគមន៍ ហៅរថយន្តសាមុយ មកដឹកជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូសមត្ថកិច្ចអូសយក ទៅរក្សាទុកនៅអធិការដ្ឋាន នគបាលខណ្ឌចំការមន រងចាំក្រុមគ្រួសារជនរងគ្រោះ មកទំនាក់ទំនងយកទៅជួសជុលវិញ ព្រោះក្រោយកើត ហេតុភ្លាមៗ យុវជនរងរបួសមិនបាន ចាំស្លាកលេខរថយន្តបង្កហេតុ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative