ដុតកម្ទេច​​​ភេសជ្ជៈ ថាក់ស៊ីនស៊ូ ខូចគុណភាព​​​ជាង៥ពាន់កេស

តំណាងចែកចាយ នៅកម្ពុជា រិះគន់ក្រុមហ៊ុន ថាក់ស៊ីនស៊ូ ផលិតភេសជ្ជៈ ខូចគុណភាព នាំចូលកម្ពុជា។ អាជ្ញាធរ និងសមត្ថកិច្ចក្រុងប៉ោយ ប៉ែត បានរឺបអូស និងដុតកម្ទេចភេសជ្ជៈប៉ូវ កម្លាំងយីហោថាក់  ស៊ីនស៊ូ ជាង ៥ពាន់កេស បន្ទាប់ពីរកឃើញថា ខូចគុណភាព ការវេចខ្ចប់គ្មានស្តង់ដា ក្នុងកំប៉ុងមានច្រេះ ដែល អាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពអ្នកប្រើប្រាស់។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ការដុតកម្ទេច​​​ភេសជ្ជៈប៉ូវ​​​កម្លាំង​​​ថាក់ស៊ីនស៊ូ ទាំង៥ពាន់កេសនេះ បានធ្វើឡើងនៅ​​​រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣ ក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក ង៉ោ ម៉េង ជ្រួន អភិបាល​​​ក្រុងប៉ោយប៉ែត លោក អ៊ុត សុភាព ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ លោក តាន់ គឹមរឹទ្ធ ក្រុមប្រឹក្សាក្រុង លោក ង៉ូវ លាងវ៉េង អគ្គនាយកក្រុមហ៊ុនMIE IMPORT EXPORT CO.LTD។

លោក ង៉ូវ លាងវ៉េង អគ្គនាយកក្រុមហ៊ុន MIE IMPORT EXPORT CO.LTD   បានថ្លែងថា ភេសជ្ជៈទាំងនេះ គុណភាពល្អ គ្រាន់តែមានបញ្ហាផ្នែកបច្ចេកទេស ដោយមានច្រេះជុំវិញកំប៉ុងពេលក្លាស្សេក្នុងទូទឹកកក ឬត្រាំក្នុងទឹកកកយូរទៅមានក្លិនច្រេះក្នុងភេសជ្ជៈ ដូច្នេះហើយទើបក្រុមហ៊ុនយើងផ្អាកចែកចាយ និងប្រមូលផលិតផលទាំង អស់ពីតាមដេប៉ូមកវិញ បានចំនួន ៥០០៦កេស ដើម្បីដុតកម្ទេចចោល។  លោក ង៉ូវ លាងវ៉េង បន្តថា លោកខក ចិត្តយ៉ាងខ្លាំង នៅពេលលោករាយការទៅខាងក្រុមហ៊ុន TH AKSIN SU BEVERAGE CO,LTD នៅប្រទេស ថៃ បែរជាក្រុមហ៊ុនមួយនេះ មិនទទួលខុសត្រូវ។

អាជីវករចែកចាយនៅកម្ពុជា លោក លាងវ៉េង បានចាត់ទុកថា នេះជាអំពោះស្មោគក្រោគរបស់ក្រុមហ៊ុន THAK SIN SU BEVERAGE CO,LTD ថៃ ដែលផលិតផលនាំចេញមកកម្ពុជា គ្មានគុណភាពទាល់តែសោះ។

លោក លាងវ៉េង បញ្ជាក់ថា ការដុតកម្ទេចនូវភេសជ្ជៈទាំងអស់នេះ ធ្វើឲ្យរូបលោកខាតបង់ប្រាក់ជាង១០ម៉ឺនដុល្លារ ដោយក្រុមហ៊ុនជាអ្នកផលិតនៅប្រទេសថៃ មិនទទួលខុសត្រូវចំពោះការខូចខាតទាំងអស់នេះឡើយ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

លោក អ៊ុត សុភាព ប្រធានសាខា​​​កាំកុងត្រូល​​​ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ភេសជ្ជៈប៉ូវកម្លាំង THAKSIN SU ប្រភេទកំប៉ុង​​​របស់ថៃនេះ វេចខ្ចប់មិន​​​បានត្រឹមត្រូវ តាមស្តង់ដាទេ កំប៉ុងជាដែកមាន​​​ថ្នេរភ្ជាប់គ្នាមិនល្អ ហើយស្រុក​​​ខ្មែរយើង​​​គេនិយមពិសារ​​​ដោយក្លាស្សេ ពេលដែលត្រូវជាមួយ​​​ទឹកកកមានជាតិ អាស៊ីតធ្វើឲ្យខូចគុណភាព។ ជាក់ស្តែង​​​កំប៉ុងខ្លះអត់ជិតទេ មានជ្រាបចេញ​​​តាមថ្នេរទៀតផង។ លោកក៏សូមអំពាវនាវ​​​ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឈប់បរិភោគ​​​ភេសជ្ជៈប្រភេទនេះ ព្រោះវាអាចបង្កឲ្យខូចសុខភាព។

លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ក៏បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះលោក ង៉ូវ លាងវ៉េង អគ្គនាយកក្រុមហ៊ុន MIE IMPORT EXPORT CO.LTD   ដែលសុខចិត្តខាតបង់ថវិការ ជាច្រើន ដោយប្រមូលភេសជ្ជៈប៉ូវកម្លាំងយីហោ THAKSIN SU របស់ថៃ ជូនមកសមត្ថកិច្ច និងអាជ្ញាធរ ដើម្បីកម្ទេចចោល។

លោក ម៉េងជ្រួន បានចាត់ទុកសកម្មភាពទាំងនេះ ជាការយកចិត្តទុកដាក់លើបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ស្របពេល ដែលរាជរដ្ឋាភិបាលកំពុងតែ អភិវឌ្ឍន៍គ្រប់វិស័យ។ ទន្ទឹមគ្នានោះ លោកក៏បានអំពាវនាវដល់បណ្តាក្រុមហ៊ុននាំផលិតផលមកចែកចាយនៅក្នុងកម្ពុជាទាំងអស់ ប្រសិនបើមានករណី បែបនេះកើតឡើង សូមប្រគល់ទំនិញខូចគុណភាពមកសមត្ថកិច្ចជំនាញត្រួតពិនិត្យ និងកម្ទេចចោល ដើម្បកុំឲ្យប៉ះពាល់ដល់សុខភាពប្រជាពល រដ្ឋ ដែលជាធនធានមនុស្សសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative