ការប្រមូល​​​សំរាម​​​នឹងរអាក់​​​រអួល រយៈពេល​​​៧ថ្ងៃ ខណៈបុគ្គលិក​​​ស៊ិនទ្រី ឈប់សម្រាកចូលឆ្នាំខ្មែរ

ការប្រមូលសំអាម ក្នុងរាជធានីភ្នំពេញក្នុងរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ ខាងមុខនេះ នឹងមានភាព រអាក់រអួល នៅគ្រាដែលបុគ្គលិកប្រមូលសំអាម របស់ក្រុមហ៊ុន ស៊ិនទ្រី ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក ដើម្បីចូលរួមអបអរសាទរ បុណ្យចូល ឆ្នាំថ្មីប្រពៃណីខ្មែរ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

យោងតាម សេចក្តីជូនដំណឹង របស់សាលា​​​រាជធានីភ្នំពេញ ដែលមជ្ឈមណ្ឌល​​​ព័ត៌មាន ដើមអម្ពិល ទទួលបាន ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៣នេះ បានឲ្យដឹងថា យោងតាម​​​សេចក្តីជូនដំណឹង របស់ក្រសួង​​​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លេខ ២២៣ ក.ប/ប្រ.ក ចុះថ្ងៃទី១២ ខែវិច្ជិកា ឆ្នាំ២០១២ ដែលបានអនុញ្ញាតច្បាប់ ជូននិយោជិត កម្មករ នៃសហគ្រាស គ្រឹះស្ថានទាំងអស់ ដែលមានចែងក្នុងមាត្រា១ នៃច្បាប់ស្តីពីការងារ បានឈប់សម្រាក ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ចំនួន៣ថ្ងៃ គឺនៅថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៣ ខាងមុខ។

សេចក្តីជូនដំណឹងដដែលនោះ បានឲ្យដឹងទៀតថា ដូច្នេះ ការផ្តល់សេវា សំអាត ប្រមូល និងដឹកជញ្ជូនសំរាម នៅក្នុងរាជធានីភ្នំពេញនឹង មានការ រអាក់រអួលមិនបានពេញលេញចំនួន ៧ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ ដោយសារកម្មករ កម្មការិនី របស់ក្រុមហ៊ុន ស៊ិនទ្រី ត្រូវបានអនុញ្ញាតឲ្យឈប់សំរាក។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ប្រភពដដែល​​​បានឲ្យដឹងទៀតថា ក្នុងអំឡុង​​​ពេល៧ថ្ងៃនេះ សាលា​​​រាជធានីភ្នំពេញ សូមឲ្យ បងប្អូនប្រជាពលរដ្ឋ​​​ក្នុងរាជធានីភ្នំពេញ ទាំងអស់ មេត្តាវេចខ្ចប់ និងទុកដាក់សំរាម នៅក្នុងផ្ទះរៀងៗ​​​ខ្លួនឲ្យបាន​​​ត្រឹមត្រូវ ដោយកុំបញ្ចេញ​​​សំរាមមក​​​ខាងក្រៅផ្ទះ និងចោលតាម​​​ទីសាធារណៈ ដែលធ្វើ ឲ្យប៉ះពាល់ដល់ សណ្តាប់ធ្នាប់ ការធ្វើចរាចរ អនាម័យ សោភ័ណភាព និងបរិស្ថានទីក្រុង។

ការផ្តល់សេវាសំអាត ប្រមូល និងដឹកជញ្ជូនសំរាមនៅក្នុងរាជធានីភ្នំពេញ នឹងចាប់ដំណើរជាប្រក្រតីឡើងវិញ ចាប់ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣ ខាងមុខនេះ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative