វិទ្យាស្ថានប៉ាស្ទ័រ​​​​ចំនួន៦ប្រទេស​​​​បានផ្ដោត​​​ការយកចិត្ដ​​​ទុកដាក់​​​​លើបញ្ហា​​​ជម្ងឺ​​​​ផ្លូវដង្ហើមកុមារ

វិទ្យាស្ថានប៉ាស្ទ័រ​​​មកពី៦ប្រទេស និងដៃគូ​​​អភិវឌ្ឍន៍​​​បណ្ដាញ​​​មន្ទីរពិសោធន៍​​​​ក្នុងប្រទេស​​​ចំនួន៤ទៀត​​​​បានមក​​​ជួបជុំគ្នានៅប្រទេសកម្ពុជា​​​កាលពីថ្ងៃទី៣០ ខែឧសភានេះ ដើម្បីធ្វើការ​​​ជំរុញតាមដាន​​​ការវិភាគ និងដោះស្រាយ​​​អំពី​ស្ថានភាព​​​ជម្ងឺឆ្លង​​​រាលដាល  និងជម្ងឺ​​​ផ្លូវដង្ហើមកុមារ​​​​នៅក្នុងតំបន់។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល​បានមានប្រសាសន៍នៅក្នុងពិធីបើកសិក្ខាសាលា​នៅសណ្ឋាគារសាន់វេថា កិច្ចប្រជុំនេះត្រូវបានផ្ដោតយ៉ាងសំខាន់​លើស្ថានភាពជម្ងឺឆ្លង និងជម្ងឺផ្លូវដង្ហើម ដែលទាំងអស់នេះគឺ​ជាមូលហេតុចម្បង​នៃការស្លាប់របស់ កុមារក្រោមអាយុ៥ឆ្នាំ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ លោកបន្ដថា តាមរយៈឯកសាររបស់ធនាគារ​ពិភពលោក ជម្ងឺផ្លូវដង្ហើមស្រួច ស្រាវអាចជាមូលហេតុបង្កឱ្យ​កុមារចំនួន៣០ទៅ៥០ភាគរយត្រូវទៅពិគ្រោះជម្ងឺ​នៅមណ្ឌលសុខភាព។ លោកថ្លែងថា ៖ “តាមរយៈកិច្ច សហការនេះ អាចឱ្យយើងធ្វើការប្រយុទ្ធ និងការប្រឈមដែលជាឱកាស​ឱ្យកាត់បន្ថយផលប៉ះពាល់​ផ្នែកសេដ្ឋកិច្ច និងសង្គមបានយ៉ាង ច្រើន”។

វិទ្យាស្ថានប៉ាស្ទ័រចំនួន៦ប្រទេស​បានមកចូលរួមកិច្ចប្រជុំ​នៅប្រទេសកម្ពុជារយៈពេល​៣ថ្ងៃ

ដើម្បីជំរុញការតាមដាន ការវិភាគ និងការដោះស្រាយស្ថានភាពឆ្លងរាលដាល​នៅក្នុងតំបន់វិទ្យាស្ថានប៉ាស្ទ័រចំនួន៦ និងដៃគូ អភិវឌ្ឍនូវបណ្ដាញមន្ទីរពិសោធន៍​ក្នុងប្រទេសចំនួន៤ទៀត រួមមានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានប៉ាស្ទ័រទីក្រុងហូជីមិញ វិទ្យាស្ថាន ប៉ាស្ទ័រទីក្រុងណាត្រាំង វិទ្យាស្ថានប៉ាស្ទ័រស៊ាងហៃ វិទ្យាស្ថានជាតិអនាម័យ និងជម្ងឺរាតត្បាតមកពីទីក្រុងហាណូយ មជ្ឈមណ្ឌលជាតិនៃ មន្ទីរពិសោធន៍ និងជម្ងឺរាតត្បាតរបស់ប្រទេសឡាវ បានបើកកិច្ចពិភាក្សារួមគ្នា​ក្នុងប្រទេសកម្ពុជាចំនួន៣ថ្ងៃ គិតចាប់ពីថ្ងៃទី៣០-៣១ ខែឧសភានេះ ដើម្បីស្វែងរកវិធានការណ៍ជាក់លាក់​ទៅនឹងការព្រមានជាជំហានដំបូង​អំពីការឆ្លងរាលដាលនៃជម្ងឺដង្ហើម​ឱ្យបានទាន់ ពេលវេលា។

លោក Philippe BUCHY មន្ដ្រីនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​បានមានប្រសាសន៍ថា កាលពីឆ្នាំ២០០៧​លោកបានចាប់ផ្ដើម ស្រាវជ្រាវជាលើកដំបូង​នៅក្នុងមន្ទីរពេទ្យខេត្ដតាកែវ និងកំពង់ចាម។ លោកថ្លែងថា ៖ យើងបានរកឃើញថា ក្នុងចំណោមអ្នកជម្ងឺ ទូទៅចំនួន៤ពាន់នាក់ មានកុមារប្រមាណ៦០ភាគរយ​បានកើតជម្ងឺទាក់ទងនឹងផ្លូវដង្ហើម ហើយកុមារមួយចំនួនទៀត​មិនត្រូវបានទទួល សេវាព្យាបាល​នៅមន្ទីរពេទ្យរដ្ឋឡើយ”។

មូលហេតុដែលកុមារ​មិនបានទៅទទួលសេវា​ព្យាបាលនៅមន្ទីរពេទ្យរដ្ឋ

លោក ឈន ណារិទ្ធ វេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យកាល់ម៉ែត​បានមានប្រសាសន៍ថា បើតាមការសន្និដ្ឋានរបស់លោក​មានមូល ហេតុមួយចំនួនដែលធ្វើឱ្យកុមារ​មិនអាចទៅទទួលសេវាព្យាបាលជម្ងឺផ្លូវដង្ហើម​នៅមន្ទីរពេទ្យរដ្ឋបាន គឺទី១ មន្ទីរពេទ្យបង្អែក និង មណ្ឌលសុខភាព​វាបានស្ថិតនៅឆ្ងាយពីផ្ទះរបស់ពួកគេខ្លាំងពេក ទី២ អាណាព្យាបាលអត់បាន​យល់ដឹងពីអាការជម្ងឺ ទី៣ ឪពុកម្ដាយ និយមព្យាបាលកូន​ដោយខ្លួនឯង។ លោកថ្លែងថា “ឆ្លើយតបនឹងបញ្ហានេះ ក្រសួងសុខាភិបាល​បានរៀបចំយន្ដការផ្សព្វផ្សាយ​រួចទៅហើយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយជាដើម​នៅក្នុងប្រទេស ដូច្នេះយើងនៅតែខិតខំជំរុញយន្ដការ​នេះបន្ដទៀត ដើម្បីភាពប្រសើរឡើង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១

Google Analytics Alternative