សមត្ថកិច្ចជំនាញ​​​​ធ្វើសិក្ខាសាលា​​​​ស្ដីពី​​​ការប្រយុទ្ធ​​​ប្រឆាំង​​​​ផលិតផល​​​ក្លែងក្លាយ

ផលិតផលក្លែងក្លាយ​ជាផលិតផលមួយដែលបង្កឱ្យមានផលប៉ះពាល់​ទៅដល់បញ្ហាសុខភាពរបស់មនុស្ស និងធ្វើឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបាន។ ទាក់ទងនឹងបញ្ហានេះ នៅថ្ងៃទី២៩ ខែមេសា ២០១១ មានសិក្ខាសាលា​ស្ដីពីការប្រយុទ្ធប្រឆាំង នឹងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់​ដល់សុខភាពរបស់អ្នកប្រើប្រាស់ ដើម្បីឱ្យប្រជាពលរដ្ឋ​យល់ដឹងពីបញ្ហានេះដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

កាលពីថ្ងៃទី២៩ ខែមេសា នៅសណ្ឋាគារសាន់វ៉េ មានសិក្ខាសាលាស្ដីពីការប្រយុទ្ធប្រឆាំង​ផលិតផលក្លែងក្លាយ​ដែលបង្ក គ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋ​បានប្រារឰធ្វើឡើង។ សិក្ខាសាលានេះ​រៀបចំឡើងដោយអ្នកតំណាងពិសេស​របស់ក្រសួងការបរទេស​ប្រចាំសហគមន៍អ៊ឺរ៉ុប និងជាអ្នកទទួលបន្ទុកប្រយុទ្ធប្រឆាំង​ឱសថក្លែងក្លាយ ដោយមានការចូលរួមពីលោក សូ ផន អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ទោ ស៊ាង ប៊ុនលាង ប្រធាននាយកដ្ឋាននគរបាល​ប្រឆាំងបទល្មើសសេដ្ឋកិច្ច មន្ដ្រីមកពីស្ថាប័នយុត្ដិធម៌​ក្រសួងពាណិជ្ជកម្ម កសិកម្ម អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងក្រុមហ៊ុនឯកជន​ជាច្រើនទៀត។

គោលបំណងសំខាន់របស់អង្គសិក្ខាសាលានេះ ធ្វើឡើងដើម្បីប្រយុទ្ធប្រឆាំង​ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ខ្លាំង បំផុតដល់សុខភាពសុវត្ថិភាព​សាធារណៈ និងផ្ដោតសំខាន់​ទៅលើការប្រឈមទាំងឡាយ​ដែលគម្រាមកំហែង​ដល់សមត្ថភាពរបស់ សមត្ថកិច្ច ដែលមានតួនាទីបង្ក្រាប​សកម្មភាពលួចនាំចូល លួចផលិតលក់ និងចែកចាយឱសថ​ក្នុងព្រះរាជាណាចក្រកម្ពុជា។ អង្គសិក្ខា សាលាបាន​ធ្វើឱ្យសមាជិកចូលរួម​ទាំងអស់យល់ដឹង និងមានសមត្ថភាពចាត់វិធានការ​បង្ការបង្ក្រាបឱសថក្លែងក្លាយ ដើម្បីបញ្ចៀសឱ្យ ផុតពីគ្រោះថ្នាក់ដល់​សុខភាពប្រជាពលរដ្ឋ។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកវរសេនីយ៍ទោ ឡុង ស្រេង ប្រធានការិយាល័យរដ្ឋបាល​សរុបនៃនាយកដ្ឋាននគរបាលប្រឆាំង​បទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ​បានឡើងធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់នគរបាល​ប្រឆាំងបទល្មើសសេដ្ឋកិច្ច​យ៉ាងក្បោះក្បាយថា នាយកដ្ឋាននគរបាល​ប្រឆាំងបទល្មើសសេដ្ឋកិច្ចកាលពីឆ្នាំ២០១០​កន្លងទៅ បានបើកការស៊ើបអង្កេត និងបង្ក្រាបបទល្មើស​គ្រប់ប្រភេទបាន ចំនួន៤២៨ករណី ក្នុងនោះមានបទល្មើសជាក់ស្ដែង និងមានការសហការ​ជាមួយអង្គភាពពាក់ព័ន្ធ។ ឃាត់ខ្លួនជនសង្ស័យ១៣១នាក់ កសាងសំណុំរឿងបញ្ជូន​ទៅសាលាដំបូង២៧នាក់ បញ្ជូនទៅស្ថាប័នជំនាញ​ពាក់ព័ន្ធ៦៦នាក់ និងបានអប់រំឱ្យធ្វើកិច្ចសន្យា​បញ្ឈប់ សកម្មភាពខុសច្បាប់៦នាក់។

លោក ឡុង ស្រេង បានបន្ដថា លទ្ធផលដែលនាយកដ្ឋាននគរបាល​ប្រឆាំងបទល្មើសសេដ្ឋកិច្ច​ធ្វើបាននេះរួមមានបទល្មើស នាំចូលឱសថក្លែងក្លាយ​គ្រប់ប្រភេទ៧ករណី បទល្មើសព្រៃឈើ២២២ករណី បទល្មើសជលផល១២១ករណី បទល្មើសកម្មសិទ្ធិបញ្ញា ៣០ករណី បទល្មើសនាំចូលសាច់បក្សី​ខូចគុណភាព១៦ករណី បទល្មើសផលិតផល និងដឹកជញ្ជូនប្រេងម្រះព្រៅ១ករណី បទល្មើស ចរាចរប្រាក់ដុល្លារក្លែងក្លាយ១ករណី បទល្មើសគេចពន្ធ២ករណី និងពាក់ព័ន្ធបទល្មើសផ្សេងៗទៀត២៨ករណី។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១

Google Analytics Alternative