បារាំង​​​បន្ត​​​ផ្តល់ជំនួយ ដើម្បី​​​និរន្តភាព វិទ្យាស្ថាន​​​ប៉ាស្ទ័រ ៥០ឆ្នាំ​​​បន្ថែមទៀត​​​នៅកម្ពុជា

ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ផ្តល់ហិរញ្ញប្បទាន ៣,៥លានដុល្លារ ប្រយុទ្ធប្រឆាំងជំងឺឆ្លង។

រូបភាពគេហទំព័រ ដើមអម្ពិល

បន្ទាប់ពី​​​ដំណើរការ​​​អស់រយៈ​​​ពេល៦០ឆ្នាំ មកហើយ​​​នោះ វិទ្យាស្ថាន​​​ប៉ាស្ទ័រ​​​នឹងបន្តដំណើរ​​​ការរបស់ខ្លួន នៅកម្ពុជា​​​រហូតដល់​​​៥០ឆ្នាំ​​​បន្ថែមទៀត បន្ទាប់ពី​​​ទទួលបាន​​​ជំនួយ​​​យ៉ាងច្រើន ពីទីភ្នាក់ងារ​​​អភិវឌ្ឍន៍ បារាំង។ ទីភ្នាក់ងារ​​​បារាំង ក៏បាន​​​ផ្តល់ហិរញ្ញប្បទាន​​​រហូតដល់ ៣,៥លាន​​​ដុល្លារ​​​បន្ថែមទៀត ដើម្បីប្រយុទ្ធ​​​ប្រឆាំង ទៅនឹងជំងឺឆ្លង។

ពិធីចុះហត្ថលេខាលើកិច្ចសន្យាបន្ថែមទៅលើអនុសញ្ញារវាងវិទ្យាស្ថានប៉ាស្ទ័រ និងរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានធ្វើ ឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ រវាងលោកស្រីសាស្ដ្រាចារ្យ អា លីស ដូទ្រី (Alice Dautry) អគ្គនាយិកាវិទ្យាស្ថានប៉ាស្ទ័រ ជាមួយលោកឧបនាយករដ្ឋមន្ដ្រី គាត ឈន់ រដ្ឋមន្ដ្រី ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល។

វិទ្យាស្ថានប៉ាស្ទ័រ ដែលប្រារឰខួប ៦០ឆ្នាំរបស់ខ្លួននៅកម្ពុជាក្នុងសបា្ដហ៍នេះ ជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងវិស័យស្រាវជ្រាវ និងបណ្ដុះបណ្ដាលអំពីសុខភាពសាធារណៈ។ កិច្ចសន្យាថ្មីនេះ នឹងអនុញ្ញាតឱ្យវិទ្យា ស្ថានប៉ាស្ទ័របន្ដវត្ដមាននៅកម្ពុជាក្នុងរយៈពេល៥០ឆ្នាំតទៅមុខទៀត ដែលនេះឆ្លុះបញ្ចាំងពីការវាយតម្លៃខ្ពស់ និង ការជឿជាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការងាររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។ ម្យ៉ាងទៀត កិច្ចព្រមព្រៀង នេះ នឹងរួមចំណែកលើកតម្កើងតួនាទីរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលនឹងក្លាយទៅជាមជ្ឈមណ្ឌលស្រាវជ្រាវ ថ្នាក់តំបន់អំពីជំងឺរាលដាលថ្មីៗ នៅអាស៊ីអាគ្នេយ៍ ។

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅក្នុងសប្តាហ៍នេះ បានចាប់ផ្ដើមកសាងអគារថ្មីមួយ សម្រាប់ស្រាវជ្រាវលើផ្នែកជំងឺរាល ដាល ដែលនឹងដាក់ឱ្យដំណើរការនៅដើមឆ្នាំ២០១៤។ គម្រោងនេះ គឺផ្ដើមចេញពីឆន្ទៈរបស់ស្ថាប័នស្រាវជ្រាវ បារាំងនានា នៅក្នុងការប្រឹងប្រែងរួមគ្នាក្រោមក្របខ័ណ្ឌសម្ព័ន្ធជាតិ ដើម្បីវិទ្យាសាស្ដ្រជីវិត និងសុខភាព (Alliance nationale pour les sciences de la vie et de la santé) ។

វិទ្យាស្ថានប៉ាស្ទ័រ ក៏បានទទួលហិរញ្ញប្បទានចំនួន ៣,៥លានដុល្លារពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដើម្បីអនុវត្ដ គម្រោងតំបន់មួយ មានគោលដៅប្រយុទ្ធប្រឆាំងការករកើត និងរីករាលដាល នៃជំងឺនានានៅអាស៊ីអាគ្នេយ៍ ដូចជា គ្រុនឈាម គ្រុនឈីក និងគ្រុនចាញ់ ក្រោមគម្រោង ECOMORE ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative